នៅខែមិថុនានេះ រដ្ឋាភិបាលហុងកុងប្រហែលជាអាចនឹងធ្វើការបោះឆ្នោតទៅលើផែនការកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ ដែលជាប្រធានបទបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំកាលពីចុងឆ្នាំមុន។ នៅសប្តាហ៍ចុងក្រោយនៃខែឧសភា ប្រធានប្រតិបត្តិក្រុងហុងកុង បានជំរុញអ្នកនយោបាយ ដែលមាននិន្នាការផ្សេងគ្នាឲ្យដាក់រឿងនយោបាយនៅមួយឡែកសិន ប្រសិនបើផែនការកំណែទម្រង់ការបោះឆ្នោតរបស់រដ្ឋាភិបាលមិនត្រូវបានអនុម័ត។
លោក Cy Leung មេដឹកនាំក្រុងហុងកុងបានជំរុញឲ្យសមាជិកសភាបោះបង់ការឈ្លោះប្រកែកគ្នាដើម្បីសិទ្ធិបោះឆ្នោតសាកល ប្រសិនបើការកែទម្រង់ការបោះឆ្នោតមិនត្រូវបានអនុវត្តនៅចុងរដូវក្តៅខាងមុខនេះទេនោះ។ លោកនិយាយថា រដ្ឋាភិបាលកោះហុងកុងមិនគួរបន្តជជែកពិភាក្សាពីកំណែទម្រង់នយោបាយរបស់ខ្លួនទេ តែផ្ទុយទៅវិញ គឺត្រូវតែផ្តោតសារជាថ្មីទៅលើការអភិវឌ្ឍសេដ្ឋកិច្ច។
Regina Ip ដែលជាសមាជិកាសភា និងជាសមាជិកានៃក្រុមប្រឹក្សានីតិប្រតិបត្តិនិយាយថា លោកស្រីរំពឹងថា នឹងមានការជាប់គាំងនយោបាយបន្តទៀត ប្រសិនបើការស្នើកំណែទម្រង់ការបោះឆ្នោតមិនត្រូវបានអនុម័តទេនោះ។
«ប្រសិនបើសំណើច្បាប់នេះមិនត្រូវបានអនុម័ត ប្រហែលមិនមានភាពវឹកវរកើតឡើងនៅក្រៅអគារសភានោះទេ។ ប៉ុន្តែខ្ញុំគិតថា ការមិនសហការផ្នែកនយោបាយរបស់ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ នឹងមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗនៅក្នុងអាណត្តិរបស់លោក Leung ដែលនៅសល់រយៈពេលពីរឆ្នាំទៀត ហើយនឹងធ្វើឲ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយបញ្ហារចនាសម្ព័ន្ធ»។
លោក Leung បានបញ្ចេញមតិក្រោយពីបាតុកររាប់ម៉ឺននាក់បានធ្វើការតវ៉ានៅពេញផ្លូវថ្នល់ក្នុងក្រុងហុងកុង កាលពីខែតុលា ឆ្នាំមុននេះ ដែលពួកគេទាមទារឲ្យមានការបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសរើសមេដឹកនាំ។ សំណើកំណែទម្រង់ការបោះឆ្នោតនេះ កោះហៅឲ្យមានការជ្រើសរើសបេក្ខភាពដឹកនាំក្រុងហុងកុងដោយគណៈកម្មាធិការដែលមានសមាជិក១.២០០រូប។
ប្រសិនបើសេចក្តីស្នើច្បាប់នេះមិនត្រូវបានអនុម័តដោយការបោះឆ្នោតពីអង្គនីតិបញ្ញតិ្តនារដូវក្តៅនេះ ប្រធានប្រតិបត្តិនឹងត្រូវបានជ្រើសរើសដោយផ្ទាល់ពីគណៈកម្មាធិការបោះឆ្នោតដែលមានសមាជិកជាអ្នកដឹកនាំជំនួញក្នុងស្រុក និងអ្នកតាក់តែងច្បាប់។ នេះគឺតាមតែការអនុវត្តចាប់តាំងពីពេលដែលចក្រភពអង់គ្លេសបានប្រគល់អំណាចគ្រប់គ្រងទីក្រុងនេះទៅឲ្យប្រទេសចិននៅឆ្នាំ១៩៩៧មកម្ល៉េះ។
អ្នកតាក់តែងច្បាប់គាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលមានដូចជា លោកស្រី Emily Lau ប្រធានគណបក្សប្រជាធិបតេយ្យហុងកុងនិយាយថា ពួកគេកំពុងបន្តកិច្ចប្រឹងប្រែងក្នុងការអប់រំសាធារណៈជនអំពីសិទ្ធិបោះឆ្នោតសាកល និងសំណើកំណែទម្រង់នាពេលបច្ចុប្បន្នសម្រាប់ការបោះឆ្នោត។
«ពួកយើងបានដើរតាមថ្នល់ និងចែកខិតប័ណ្ណដើម្បីពន្យល់ទៅកាន់មហាជនអំពីមូលហេតុដែលយើងមិនអាចគាំទ្រសំណើរបស់រដ្ឋាភិបាល ហើយខ្ញុំគិតថា មនុស្សជាច្រើនមានការយល់ដឹងអំពីរឿងដែលកំពុងកើតឡើង ប៉ុន្តែសហគមន៍មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង»។
បើយោងតាមការស្ទង់មតិដែលរៀបចំឡើងដោយសាកលវិទ្យាល័យហុងកុង (University of Hong Kong) សាកលវិទ្យាល័យ Chinese University of Hong Kong និង សាកលវិទ្យាល័យ Hong Kong Polytechnic University ៤៤ភាគរយនៃអ្នកចូលរួមឆ្លើយតបនឹងការស្ទង់មតិនៅក្នុងទីក្រុងនេះគាំទ្រសំណើកំណែទម្រង់ការបោះឆ្នោតរបស់រដ្ឋាភិបាល រីឯ៣៧.១ភាគរយទៀតជំទាស់។
ចំពោះនិស្សិត ដូចជា Nora Lam ដែលសិក្សានៅសាកលវិទ្យាល័យហុងកុង (University of Hong Kong) ព្រួយបារម្ភពីឥទ្ធិពលនៃចិនដីគោកទៅលើប្រព័ន្ធគ្រប់គ្រង និងវប្បធម៌របស់កោះហុងកុង។
«ពួកយើងខ្លាចថា នៅក្រោមឥទ្ធិពលពីប្រទេសចិន វប្បធម៌ និងលក្ខណៈពិសេសរបស់សង្គមក្រុងហុងកុងនឹងបាត់បង់។ ឧទាហរណ៍ វប្បធម៌ និងភាសាកំពុងតែសាបរលាបដោយមានឥទ្ធិពលពីចិនដីគោក»។
នៅចុងខែឧសភា អ្នកតាក់តែងច្បាប់ហុងកុងបានដាក់ក្រដាសកាត់ចេញជារូបសត្វក្តាន់នៅក្នុងបន្ទប់ប្រជុំសភា ដើម្បីធ្វើការតវ៉ាទៅនឹងជំនួបជាមួយតំណាងរដ្ឋាភិបាលរបស់ប្រទេសចិន។ ពួកគេនិយាយថា ការធ្វើបែបនេះមានន័យថាលោក Leung គួរតែឈប់ទៅ «ដោយចាត់ទុកសត្វក្តាន់ជាសត្វសេះ មានន័យថា ចាត់ទុករឿងអាក្រក់ជារឿងល្អ» គឺសំដៅដល់ពេលដែលលោកចាត់ទុកគម្រោងការបោះឆ្នោតរបស់រដ្ឋាភិបាល ជាការបោះឆ្នោតជាសាកល៕
ប្រែសម្រួលដោយ វិញ សុជាតា