ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​ពិសេស​អ.ស.ប.​និយាយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស ក្នុងពេល​លោកស្រី​ចុះ​បេសកកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃទី១២ ខែ​តុលា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស ក្នុងពេល​លោកស្រី​ចុះ​បេសកកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃទី១២ ខែ​តុលា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ស្រី​ Rhona Smith​ បាន​ក៏​បញ្ជាក់​ពី​បន្ថែម​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​គាប​សង្កត់​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​តាក់តែង​ច្បាប់​ដោយ​ការ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជា​ដើម។

កំណត់​និពន្ធ៖ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​ លោកស្រី​ Rhona Smith​ អ្នក​រាយការណ៍​ពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​នៅ​ក្រុង​ហ្សឺណែវ​អំពី​ឱនភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​ស្រី​ Rhona Smith​ បាន​ក៏​បញ្ជាក់​ពី​បន្ថែម​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​គាប​សង្កត់​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​តាក់តែង​ច្បាប់​ដោយ​ការ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជា​ដើម។ នៅ​សប្ដាហ៍​នេះ​ លោកស្រី​បាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ទី​៣​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ការ​ស្វែង​យល់​បន្ថែម​ទៀត​លើ​ការ​វិវត្ត​ថ្មីៗ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​ នៅ វណ្ណារិន ​នៃ​ VOA​ បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជា​មួយ​លោក​ស្រី​ Rhona Smith​ លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ បាទ!​ ជម្រាប​សួរ​លោក​ស្រី​ ​ Rhona Smith។​ តើ​លោកស្រី​អាច​ប្រាប់​ខ្លះៗ​បាន​ទេ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​មក​កាន់​ប្រទេស​កម្ពុជា?

Rhona៖ បេសកកម្មរបស់យើងគឺគ្រាន់តែជា ក្រុមប្រឹក្សាការពារផ្នែកសិទ្ធិមនុស្សមួយ។ គោលបំណងរបស់យើងគឺជួបជាមួយនឹងភាគីពាក់ព័ន្ធ ក៏ដូចជា ក្រសួងនានា ដើម្បីប្រមូលព័ត៌មាននិងរៀបចំជារបាយការណ៍សម្រាប់ខែកញ្ញាឆ្នាំក្រោយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

VOA៖​ ដូចនេះ​ផ្អែក​លើ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ខ្ញុំ​បាន​ដឹង​ថា អ្នកស្រី​បាន​ជួប​ជាមួយ​នឹង​ជន​ជាន់ខ្ពស់​នានា ​ដូចជា​អនុប្រធាន​គណបក្ស​ប្រឆាំង​លោក​ គឹម សុខា​ និង​ប្រធាន​ផ្នែក​ផ្នែក​សិទ្ធិ​មនុស្ស​ ​របស់​រដ្ឋាភិបាល។​ ដូច្នេះ ​តើ​អ្នកស្រី​បាន​យល់ដឹង​អ្វី​ខ្លះ​ ហើយ​អ្នកស្រី​គិត​យ៉ាង​ដូច​ម្តេច​ដែរ​ ចំពោះ​ការ​វិវត្ត​ចុង​ក្រោយ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ ​ក៏ដូចជា​ ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?​

Rhona៖ ខ្ញុំបានជួបជាមួយនឹងអ្នកដែលពាក់ព័ន្ធនានាទៅលើបញ្ហានេះ ហើយខ្ញុំនឹងបន្តការជួបពិភាក្សាតទៅមុខទៀតនាសប្តាហ៍ក្រោយ ដើម្បីប្រមូលព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ខ្ញុំគិតថា ទស្សនកិច្ចនាពេលបច្ចុប្បន្នរបស់ខ្ញុំពាក់ព័ន្ធច្រើនជាមួយនឹងរបាយការណ៍សិទ្ធិមនុស្សរបស់ខ្ញុំ កាលពីពីរសប្តាហ៍មុននៅក្រុងហ្សឺណែវ។

VOA៖ ដូច្នេះ​ ​តើ​មាន​អ្វី​ប្រែប្រួល​ដែរ​ឬ​ទេ?​

Rhona៖ ក្នុង​អំឡុង​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ​ ខ្ញុំ​គិត​ថា​ ​មាន​ភស្តុតាង​បន្ថែម​ទៀត​ ​ដែល​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន។​

VOA៖ តើ​អ្នកស្រី​អាច​បកស្រាយ​បន្ថែម​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នេះ​បាន​ដែរ ឬ​ទេ?​

Rhona៖ ស្ថានភាព​ធ្ងន់ធ្ងរនោះ​គឺ​សំដៅ​ទៅ​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖​ តើ​អ្វី​ទៅ​ជាការ​ព្រួយ​បារម្ភ​ចម្បង​របស់​អ្នកស្រី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន?​

Rhona៖ ​ខ្ញុំ​គិត​ថា ​ការ​ព្រួយបារម្ភ​ ដែល​ខ្ញុំ​បាន​បក​ស្រាយ​នៅ​ក្រុង​ហ្សឺណែវ​ ​គឺ​ថា ​កាល​ពី​ពីរ​សប្តាហ៍​មុន ខ្ញុំ​បាន​ធ្វើ​របាយការណ៍​ទៅ​កាន់​ក្រុម​ប្រឹក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ និង​ផ្តល់​ព័ត៌មាន​ថ្មីៗ​ទៅ​លើ​ព្រឹត្តិការណ៍​នានា​នៅ​កម្ពុជា​ ​ចាប់​តាំង​ពី​របាយការណ៍​របស់​ខ្ញុំ ​ដែល​ចុះ​ផ្សាយ​កាល​ពីខែ​ឧសភា​នោះ។​

VOA៖ ដូច​នេះ​ ​ផ្អែក​លើ​បទពិសោធន៍​របស់​អ្នកស្រី​ តើ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​តាម​ការ​ណែនាំ​ឬ​ដំបូន្មាន​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែរ​ឬ​ទេ?​

Rhona៖ ​រដ្ឋាភិបាល​បាន​ទទួលយក​នូវ​ការ​ណែនាំ​មួយ​ចំនួន​ ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា។​ ហើយ​រដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​លើ​ផែនការ​មួយ​ក្នុង​ការ​សម្រប​តាម​ការ​ណែនាំ​នោះ​ ​មុន​ពេល​យើង​ដាក់​បញ្ជូន​នូវ​របាយការណ៍​សង្កេតការណ៍​ថ្មី​មួយ​ទៀត។​

VOA៖​ ដូច​ដែល​អ្នកស្រី​ ក៏ដូច​ជា​ ​អ្នកដទៃ​ទៀត ដឹង​ហើយ​ថា​ ឥឡូវ​នេះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​តែ​ចុះ​ដុនដាប​ ​ប្រធាន​គណបក្ស​ជំទាស់​ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​ ហើយប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ​ ​កំពុង​តែ​ស្នាក់នៅ​តែ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈ​ពេល​រាប់​ខែ​មក​នេះ។ តើ​អ្នកស្រី​មាន​ដំណោះស្រាយ​ ​ឬ​ការ​ណែនាំ​ណាមួយ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​កម្ពុជា ឬ​ទេ?​

Rhona៖ ខ្ញុំ​គិត​ថា ​វា​មាន​សារៈសំខាន់​ក្នុង​ការ​យល់ដឹង​ថា​ គណបក្ស​នយោបាយ​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​ទៅ​លើ​បញ្ហា​ផ្សេងៗចំពោះ​ការ​បោះឆ្នោត​នា​អាណត្តិ​មុន។​ ដូចនេះ​ គណបក្ស​ទាំង​ពីរ​ដែល​ជាប់​ឆ្នោតពី​ពលរដ្ឋ​កម្ពុជា​មាន​តួនាទីក្នុង​ការ​ចែករំលែក​ និង​ដឹកនាំ។ ខ្ញុំ​គិត​ថា វា​ជា​ការ​ប្រសើរ​បើ​មានចន្លោះ​សម្រាប់​គណបក្ស​ទាំង​ពីរ​សហការ​គ្នា​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដើម្បី​ប្រជាជន​ដែល​បាន​បោះឆ្នោត​ជ្រើស​តាំង​ពួកគេ​ ក៏​ដូច​ជា​លើក​កម្ពស់​ស្ថានភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស។

VOA៖ ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​យើង​បាន​ឃើញ​ថា​ កាល​ពី​ថ្ងៃ​ច័ន្ទ​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ម្នាក់​ត្រូវ​បាន​រង​ការ​វាយដំ​អំឡុង​ពេល​ធ្វើ​ការ​ដើរ​ក្បូន​ប្រារព្ធ​ខួប​លើក​ទី​៣១ នៃ​ទិវា​លំនៅស្ថាន​ពិភពលោក។​ ហើយ​យើង​ក៏​បាន​ឃើញ​ថា​ ​អ្នក​ការពារ​សិទ្ធិមនុស្ស​បួន​នាក់​ផ្សេង​ទៀត​ឥឡូវ​នេះ​កំពុង​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។​ តើ​អ្នកស្រី​អាច​បកស្រាយ​បាន​ទេ​ លើ​បញ្ហា​នេះ?​ តើ​អ្នកស្រី​ ​ក៏ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​គួរ​ធ្វើ​ដូច​ម្តេច​ដែរ?​

Rhona៖ ​ខ្ញុំ​គិត​ថា​ ​សង្គម​ស៊ីវិល​ និង​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​មានសិទ្ធិ​យ៉ាង​ច្បាស់​នៅ​ក្នុង​ការ​ដឹកនាំ​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​ហើយ​ខ្ញុំ​គិត​ថា ​ពួកគេ​បាន​កំពុង​ធ្វើ​ដូច​នេះ​អស់​រយៈពេល​ម្ភៃ​ឆ្នាំ​មកនេះ។ ​នេះ​ជា​ភស្តុតាង​បង្ហាញ​យ៉ាង​ច្បាស់​មួយ​ពី​ការ​ចូលរួម​ផ្នែក​គាំពារ​សិទ្ធិ​មនុស្ស​ដោយ​អង្គការ​សង្គម​ស៊ីវិល​ ដែល​មាន​ភាព​សកម្ម​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។ ភាព​រស់រវើក​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​គឺ​ជា​ ​ចំណុច​ផ្តោត​ចម្បង​នៅ​ក្នុង​ប្រទេស​នេះ។​ ហើយ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ដែល​លោក​បាន​លើក​ឡើង ខ្ញុំ​គិត​ថា ​វា​ជា​បញ្ហា​មួយ​ នៅ​ពេល​ដែល​មានការឃុំ​ខ្លួន​ពួកគេ​សម្រាប់​រយៈ​ពេល​វែង​មួយ​សម្រាប់​ទាំង​ការ​ចោទ​ប្រកាន់​ ​និង​ដំណើរ​តុលាការ។ ​ហើយ​មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ​ច្បាស់លាស់​ពី​លើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគាត់ ក៏​ដូច​ជា ​រឿង​ក្តី​ដែល​អាច​យក​មក​កាត់ទោស​ ឬ​ផ្តន្ទា​ទោស​ទៅ​លើ​ពួកគាត់។​ ដូចនេះ​ ​នៅ​ពេល​ដែល​ជន​ណា​ម្នាក់​បាន​ប្រឈម​នូវ​ការ​ចាប់​ខ្លួន​ ​គឺ​ត្រូវ​មានភស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​ ដើម្បី​កំណត់​ថា​ មាន​ទោស​ទណ្ឌ ឬ​អត់​នោះ។​ ហើយ​ខ្ញុំ​គិត​ថា ​ច្បាស់​ណាស់​គឺ​ ត្រូវ​មាន​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​អហិង្សា​ ​ដូចដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​របស់​កម្ពុជា។​ ខ្ញុំ​គិត​ថា​ វា​ជា​កាតព្វកិច្ច​ផ្លូវ​ច្បាប់​យ៉ាង​ច្បាស់​មួយ​សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​ដែលមិន​ត្រូវ​ប្រើប្រាស់​កម្លាំង​ ​លុះ​ត្រា​តែ​ករណី​នោះ​ជា​ករណី​ចាំបាច់​ខ្លាំង​ ​និង​សមស្រប។​ លើស​ពី​នេះ​ទៀត​ ​អាជ្ញាធរ​គួរ​តែ​ត្រូវ​បាន​ដាក់​ពង្រាយ​ ​និង​ជួយ​សម្រួល​ដល់​រាល់​បាតុកម្ម​ស្រប​ច្បាប់​នៅ​កម្ពុជា។ ​

VOA៖ ​អរគុណ​ណាស់​សម្រាប់​ការ​ចំណាយ​ពេល​ផ្តល់​សម្ភាសន៍​ជាមួយ​យើង​ខ្ញុំ។​

Rhona៖​ ចាស! ​សូម​អរគុណ៕

XS
SM
MD
LG