រដ្ឋាភិបាលបានស្នើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់សម្រួលលក្ខខណ្ឌបង់រំលស់ដល់ប្រជាពលរដ្ឋ ស្របពេលការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសនៅមិនទាន់ធូរស្រាលនៅឡើយ។ នេះជាការអំពាវនាវរួមគ្នារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាក្នុងសេចក្តីប្រកាសរួមមួយ។
ក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី ២២ ខែមីនា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងធនាគារជាតិនៃកម្ពុជាបានអំពាវនាវនិងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់ «សូមពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន និងលើកលែងការផាកពិន័យចំពោះអ្នកទិញអចលនវត្ថុក្នុងបុរីនិងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់»។
ស្ថាប័នរដ្ឋទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុទាំងពីរបន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុមិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់រំលស់ ដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនរបស់ខ្លួនលើការបង់រំលស់អចលនវត្ថុក្នុងបុរីនិងអគារសហកម្មសិទ្ធិនានា និងអនុវត្តវិធានការទាំងនេះឲ្យមានប្រសិទ្ធភាពរហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។
លោក ចេង ខេង ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL (Cambodia Properties Limited) ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ម្ចាស់បុរី ឬក៏អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវមានការយោគយល់ដល់ការពន្យារពេលបង់ប្រាក់ ក្នុងគ្រាមានវិបត្តិជំងឺឆ្លងសាធារណៈនេះ។ លោកបានលើកទឹកចិត្តឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់ អនុវត្តទៅតាមសេចក្តីអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីបញ្ចៀសទំនាស់ផ្សេងៗ។
«ខ្ញុំគិតថា យើងធ្វើទៅតាមប៉ុន្មានចំណុចដែលរាជរដ្ឋាភិបាលជាការណែនាំច្បាស់លាស់ហើយទៅលើចំណុចអីខ្លះ។ ខ្ញុំបានទទួលការណែនាំហ្នឹងដែរ អ៊ីចឹងបើយើងធ្វើទៅតាមហ្នឹងអត់មានអីត្រូវទំនាស់ត្រូវមានបញ្ហាអីទេ ពីព្រោះយើងទាំងអស់គ្នាយល់ពីគោលការណ៍នៃការពន្យារហ្នឹងទាំងអស់គ្នា។ អ៊ីចឹងយើងអនុវត្តទៅតាមហ្នឹង។ ហើយក្នុងលទ្ធភាពប៉ុណ្ណាគឺសំខាន់ត្រូវកំណត់ឲ្យមានលក្ខណៈច្បាស់លាស់ ព្រោះឥឡូវរាជរដ្ឋាភិបាលមានក្រដាសប្រកាសហើយ គឺគាត់ដាក់ចំចំណុចហើយ»។
លោកបានអធិប្បាយបន្ថែមអំពីការពន្យារពេលបង់ប្រាក់រំលស់យ៉ាងដូច្នេះ៖ «រឿងការប្រាក់រឿងត្រូវបង់អីហ្នឹងជាគំនិតរបស់ខ្ញុំ វានៅតែដដែលទេ ប៉ុន្តែគ្រាន់តែថាឲ្យគ្នាពន្យារពេលក្នុងគ្រាដែលកំពុងតែលំបាកហ្នឹង គឺយើងអាចពន្យារពេលនៃការបង់។ ប៉ុន្តែមិនមែនកាត់បន្ថយទៅលើការបង់ដូចថា ឬក៏ការប្រាក់អីទេ។ គ្រាន់តែថាយើងបន្ថយឧបមាឥឡូវគាត់បង់រៀងរាល់ខែ ប៉ុន្តែដោយសារមានបញ្ហាជួនកាលគាត់អ្នកដែលគាត់មានលទ្ធភាព អាហ្នឹងវាអត់អីទេតែអ្នកដែលអត់មានលទ្ធភាព អាហ្នឹងយើងត្រូវធ្វើតាមហ្នឹងមានការយោគយល់ជាក់អ៊ីចឹង ព្រោះមានតែពួកគាត់ទេដែលដឹងថា អតិថិជនណាគាត់មានលទ្ធភាពយ៉ាងម៉េច»។
លោក ចេង ខេង ក៏ស្នើសុំធនាគារជាតិនៃកម្ពុជា ឲ្យមានការយោគយល់ដល់ធនាគារឯកជនដែលបានផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផងដែរ នៅពេលផ្តើមការអនុវត្តការពន្យារពេលបង់ប្រាក់រំលស់របស់អតិថិជននៃក្រុមហ៊ុន ដែលសាងសង់ផ្ទះ ឬបុរីទាំងនោះ។
វីអូអេមិនទាន់អាចទាក់ទងលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី ជាសិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានទេនៅថ្ងៃអង្គារ នេះ។
ដោយសារវិបត្តិកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះក្នុងអត្រា –៣,១% កាលពីឆ្នាំ២ ០២០។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទោះយ៉ាងណា ក្រសួងសង្ឃឹមថា កំណើនងើបឡើងវិញក្នុងអត្រា ៤% ក្នុងឆ្នាំ ២០២១ នេះ ដោយមើលឃើញពីការទប់ទល់បាននឹងជំងឺនេះ ដោយសារមិនមានការឆ្លងទ្រង់ទ្រាយធំ មុនថ្ងៃទី ២០ ខែកុម្ភៈ។
ប៉ុន្តែនៅពេលមានវត្តមាននៃការផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ធំបំផុតដែលមិនធ្លាប់មាន គឺចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈមកនោះ ក្រុមសេដ្ឋវិទូបានសម្ដែងក្ដីបារម្ភថាក្ដីរំពឹងទុកអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចជាមួយកំណើនវិជ្ជមាននៅឆ្នាំនេះ អាចនឹងរងការរំខាន។
ធនាគារពិភពលោកបានព្យាករអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាប្រហាក់ប្រហែលនឹងការព្យាករណ៍របស់រដ្ឋាភិបាល។
ក្នុងរបាយការណ៍មួយចេញផ្សាយកាលពីចុងឆ្នាំ ២០២០ ធនាគារពិភពលោកបានលើកឡើងផងដែរនូវសារៈសំខាន់ចាំបាច់បំផុតនៃការរៀបចំបង្កើនឲ្យមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំមួយ សម្រាប់ការផ្តល់វ៉ាក់សាំងបង្ការជំងកូវីដ១៩ ក៏ដូចជាការតាមដានឲ្យបានដិតដល់ផងដែរនូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចដែលអាចបង្កដោយ «កំណើនអូសបន្លាយយូរពេករបស់វិស័យសំណង់និងអចលនទ្រព្យ»។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជាធ្លាប់បានស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់លើកលែងការសងបំណុល ដែលប្រជាពលរដ្ឋជំពាក់ ប្រសិនបើពួកគេពុំមានលទ្ធភាពបង់ ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩៕