សភាអឺរ៉ុបបានបោះឆ្នោតដោយសំឡេងដ៏ច្រើនលើសលប់កាលពីថ្ងៃព្រហស្បតិ៍ដើម្បីផ្តល់ឋានៈបេក្ខភាពសមាជិកសហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែនដែលកំពុងជំរុញប្រទេសនេះឱ្យខិតកាន់តែជិតសម្ពន្ធមិត្តលោកខាងលិចកាន់តែខ្លាំងឡើងដែលបានជួយផ្តល់អាវុធក្នុងចំនួនយ៉ាងច្រើនដើម្បីជួយអ៊ុយក្រែននៅក្នុងការប្រយុទ្ធការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេល៤ខែនេះ។
ការបោះឆ្នោតដែលគាំទ្រអ៊ុយក្រែននេះមាន៥២៩សំឡេងទល់នឹង៤៥សំឡេង ដោយមានអនុបវាទ១៤សំឡេង។ សភាអឺរ៉ុបក៏បានផ្តល់ការយល់ព្រមបេក្ខភាពសមាជិកសហភាពអឺរ៉ុបដល់ប្រទេសហ្សកហ្ស៊ីនិងម៉ុលដាវីដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅលើ Twitterថា៖ «នេះជាព្រឹត្តិការណ៍ដ៏ពិសេសនិងជាប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប។ អនាគតរបស់អ៊ុយក្រែនស្ថិតនៅក្នុងសហភាពអឺរ៉ុប»។
ហើយលោកប្រធានាធិបតីបាននិយាយនៅលើ Instagram ថា៖ «យើងទើបតែទទួលបានបេក្ខភាពនេះ។ នេះជាជ័យជម្នះរបស់យើង»។
ការបោះឆ្នោតបានកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងបញ្ជូនជំនួយយោធាដែលមានទឹកប្រាក់ចំនួន៤៥០លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន រួមមានការបន្ថែមប្រព័ន្ធបាញ់រ៉ុក្កែតវង់ប្រតិបត្តិការមធ្យមដែលបន្ថែមលើជំនួយ១ពាន់លានដុល្លារដែលសហរដ្ឋអាមេរិកបានប្រកាសកាលពី១សប្តាហ៍មុន។
ប្រធានសភាអ៊ុយក្រែនលោក Ruslan Stefanchuck បានថ្លែងអំណរគុណសមាជិកសភាអឺរ៉ុបចំពោះការគាំទ្ររបស់ពួកគេនៅក្នុងសារតាម Facebook ដោយបាននិយាយថា៖ «អ៊ុយក្រែនជាប្រទេសមួយនៅក្នុងសហភាពអឺរ៉ុប។ ហើយ យើងប្រយុទ្ធដើម្បីសិទ្ធិនេះមិនត្រឹមតែនៅលើសមរភូមិប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងវិស័យច្បាប់ផងដែរ»។
ដើម្បីឱ្យប្រទេសទាំង៣ចូលរួមក្នុងប្លុកសហភាពអឺរ៉ុបដែលមានប្រទេស២៧ជាសមាជិកនោះ ប្រទេសទាំងនោះត្រូវតែធ្វើកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច។
ក្រុមប្រឹក្សាអឺរ៉ុបដែលរួមមានប្រមុខរដ្ឋាភិបាលសហភាពអឺរ៉ុបចំនួន២៧ប្រទេសនឹងធ្វើការ បោះឆ្នោតផ្តាច់ព្រាត់អំពីសមាជិកភាពរបស់អ៊ុយក្រែន។ ការបោះឆ្នោតនេះត្រូវមានសំឡេងឯកច្ឆន្ទ។ ពួកអ្នកការទូតនិយាយថា ដំណើការនេះអាចចំណាយពេលមួយទសវត្សរ៍ដើម្បីចប់សព្វគ្រប់៕