ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ឃើញ​ចំណុច​វិជ្ជមាន​ខ្លះ​នៃ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ហើយ​ស្នើ​ឱ្យ​បន្ត​កែលម្អ


រូបឯកសារ៖ អ្នកស្រី អ៊ិន ធូ វ័យ​៤៧​ឆ្នាំ តំណាង​ពលរដ្ឋ ដឹកនាំ​ការតវ៉ា​នៅ​ខាងមុខ​ក្រសួង​រៀបចំ​ដែនដី អំពាវនាវ​រក​ដំណោះស្រាយ​រឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន Heng Huy Agriculture Group ក្នុង​ស្រុក​ស្រែអំបិល ខេត្តកោះកុង នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ អ្នកស្រី អ៊ិន ធូ វ័យ​៤៧​ឆ្នាំ តំណាង​ពលរដ្ឋ ដឹកនាំ​ការតវ៉ា​នៅ​ខាងមុខ​ក្រសួង​រៀបចំ​ដែនដី អំពាវនាវ​រក​ដំណោះស្រាយ​រឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន Heng Huy Agriculture Group ក្នុង​ស្រុក​ស្រែអំបិល ខេត្តកោះកុង នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

សហភាព​អឺរ៉ុប​បាន​ទទួលស្គាល់ការខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ប៉ុន្តែ​បាន​លើកឡើង​ពី​ចន្លោះប្រហោង​មួយ​ចំនួន​ដែល​កម្ពុជា​ត្រូវ​បន្ត​ធ្វើដើម្បី​ឱ្យ​ប្រសើរ​ឡើងជាពិសេស​សិទ្ធិ​ទទួល​បាន​ដីធ្លី​របស់​ជនជាតិ​ភាគតិច។​

អ្នកស្រី​ អេឡែនណា កូនិក​ (Helena Konig) ​អគ្គនាយករង​នៃ ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​បាន​ប្រាប់​ដល់​អង្គសវនាការ ​របស់​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សភា​សហភាពអឺរ៉ុ​ប​ដែល​បាន​រៀបចំឡើង​កាលពីថ្ងៃ​អង្គារនៅ​ទីក្រុង​ប៊្រុចសែល​ ប្រទេស​បែលហ្សិក​ថា​ការដោះស្រាយ​ទំនាស់ដីធ្លី​គឺជា​បញ្ហា​មួយ​ដែល​មាន​ការវិវត្តន៍​វិជ្ជមាន​ក្នុង​អំឡុងពេល​ដែល​ក្រុម​ការងាររបស់​សហភាពអឺរ៉ុបត្រួតពិនិត្យ​ការគោរព​លក្ខខណ្ឌ​ឋានៈអនុគ្រោះពន្ធ​ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ​(EBA)។

អ្នកស្រី​អេឡែនណា កូនិក​បាន​បន្ថែមថា៖

«រដ្ឋាភិបាល​បាន​ខិតខំដោះស្រាយ​បញ្ហា​ទំនាស់ដីធ្លីនៅខេត្ត​មួយ​ចំនួន​ដែល​កំពុងកើត​មាន​ឡើង​។ ប៉ុន្តែ​នៅ​មានចន្លោះប្រហោង​ខ្លះ​ដើម្បីកែលម្អ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព​។ យ៉ាងណា​ក៏ដោយ ​នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​ឃើញ​មាន​ការ​រីកចម្រើនក្នុង​អំឡុងពេល​ត្រួត​ពិនិត្យ​មើល‍»​។​

នៅ​ក្នុង​របាយការណ៍​វាយតម្លៃ​របស់​សហភាពអឺរ៉ុប​ដែលបាន​ផ្ញើជូន​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃទី​១២ខែវិច្ឆិកា​ហើយ​វីអូអេ​ទទួលបាន​ច្បាប់​ចម្លង​មួយ​គឺក្រុមគណៈកម្មការ​ត្រួតពិនិត្យ​របស់​សហភាព​អឺរ៉ុប​បាន​វាយ​តម្លៃ​ថា​បញ្ហា​ដែល​នៅ​ខ្វះខាត​គឺ​លើ​ការចុះបញ្ជី​ដីធ្លី ការចេញ​បណ្ណ​កម្មសិទ្ធិដីធ្លី ក៏​ដូចជា​កង្វះខាត​ការពិនិត្យ​មើល​ដោយ​ត្រឹមត្រូវ​និង​មិន​លម្អៀង​ក្នុង​ការដោះ​ស្រាយ​សិទ្ធិ​ដីធ្លី​របស់ពលរដ្ឋ​ជនជាតិ​ភាគតិច។

បើទោះបីជា​សហភាព​អឺរ៉ុប​ទទួលស្គាល់​ពី​ចំណុច​វិជ្ជមាន​ក្នុង​ការផ្តល់​បណ្ណកម្មសិទ្ធិ​ដី​សហគមន៍​ដល់​ជនជាតិ​ភាគតិច​ ហើយ​ថា​កិច្ចការ​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​និង​ត្រូវ​ចំណាយ​ពេល​យូរនិងអស់​ថវិកា​ច្រើន​ក៏ដោយ។ ប៉ុន្តែ​របាយការណ៍​បាន​កត់សម្គាល់​ថា​នីតិវិធី​ដែល​បាន​រៀបចំ​ឡើង​នៅ​យឺតយ៉ាវ​ហើយ​មាន​សហគមន៍​តិចតួច​អាច​ចុះ​បញ្ជី​បាន។

របាយការណ៍​របស់​សហភាព​អឺរ៉ុប​បាន​បន្ថែម​ថា៖

«ជា​ការគួរឱ្យ​សោកស្តាយ​ មិនមាន​ការទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​ជនជាតិ​ភាគតិច​ក្នុង​ការពិភាក្សា​ឱ្យ​បាន​គ្រប់គ្រាន់​ជាមួយ​នឹង​ពួកគេ​លើ​បញ្ហា​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគេ​ ក្នុង​នោះ​លើ​បញ្ហា​គ្រប់គ្រង​ដី​សហគមន៍​និង​ការយកដី​របស់​ពួកគេ​សម្រាប់​ឧស្សាហកម្ម​ជីករករ៉ែ ​និង​កសិឧស្សាហកម្ម។ ការធ្វើ​សម្បទាន​ដី​ដែល​ជនជាតិ​ភាគតិច​ទាមទារ​គ្រប់គ្រង​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ប្រើប្រាស់​នៅ​បន្ត​កើត​មាន‍»។

របាយការណ៍​នោះ​បាន​ស្នើឡើងថា៖

«ចាំបាច់​ត្រូវមាន​កិច្ចខិតខំប្រឹងប្រែង​ថែមទៀត​ដើម្បី​បង្កើត​ក្របខណ្ឌ​ច្បាប់​សមស្រប​មួយ​សម្រាប់​ធានា​ឱ្យ​មាន​យន្តការ​តម្លាភាព​និង​មាន​ការចូលរួម​គ្រប់​ភាគី​ក្នុងការ​ដោះស្រាយ​ទំនាស់​ដីធ្លី‍»។​

ទំនាស់ដីធ្លី​ធំៗ​ដែល​កើតមាន​នៅ​ប្រទេស​កម្ពុជា​គឺភាគច្រើន​បង្ករឡើង​ពី​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ដូច​ជា​ការប្រគល់​ដី​ឱ្យ​ក្រុមហ៊ុន​ដាំអំពៅ​ផលិតស្ករសដែលប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​១៥.០០០នាក់​នៅខេត្តមួយចំនួន​ក្នុងប្រទេស​កម្ពុជា។ ដីធ្លី​ពលរដ្ឋ​ត្រូវបាន​រឹបអូសយកដោយ​ផ្តល់សំណង​តិចតួច​ឬអ្នកខ្លះ​មិន​ទទួល​បាន​សំណង​ទាល់តែសោះ។

ខេត្ត​ដែល​រងផល​ប៉ះពាល់​ហើយ​ដែលនាំ​ឱ្យ​បារម្ភ​និង​ប៉ះពាល់​ដល់​ឋានៈអនុគ្រោះពន្ធ​មាន​ខេត្ត​កោះកុង​ កំពង់ស្ពឺ​ ព្រះវិហារ ​និង​ឧត្តរមានជ័យ។ នេះ​បើតាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​បាន​ប្រើប្រាស់​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​ សង្គមកិច្ច និងវប្បធម៌​ដើម្បីវាស់​វែង​ពីស្ថានភាព​សិទ្ធិ​លំនៅដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា។ អនុសញ្ញា​នោះ​មាន​ចែងពី​សិទ្ធិ​ទទួល​បាន​លំនៅដ្ឋាន​សមរម្យ ដោយ​រស់​នៅ​ប្រកបដោយ​សន្តិសុខ សន្តិភាព និង​ភាព​ថ្លៃថ្នូរ។ សិទ្ធិ​ទាំង​នេះ​ក៏​រួមមាន​ការការពារ​ប្រឆាំងនឹង​ការបណ្តេញចេញដោយបង្ខំ និង​ការរុះរើបំផ្លាញលំនៅដ្ឋាន​ជនណា​ម្នាក់​ដោយ​អាណាធិបតេយ្យ និង​ការ​ទទួល​បាន​ដីធ្លី​ជាដើម។​ ​

របាយការណ៍សហភាពអឺរ៉ុបបាន​បន្ថែមដោយ​ដកស្រង់ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជាថា​នៅ​ក្នុង​ខេត្តព្រះវិហារ​ក្រសួងដែនដី​នគរូបនីយកម្ម​បាន​ច្រានចោល​បណ្តឹងទាមទារ​របស់​ពលរដ្ឋ​ចំនួន​២៣០គ្រួសារ​ដោយ​សារតែ​ពលរដ្ឋ​ចំនួន​៣០គ្រួសារ​បាន​ទទួល​សំណង​ហើយ​រីឯ​២០០គ្រួសារទៀត​មិន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីសម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​អំពៅទេ។

រីឯនៅខេត្តកោះកុង​រដ្ឋាភិបាល​អះអាង​ថា​ ជម្លោះដីធ្លី​ពាក់​ព័ន្ធនឹង​ពលរដ្ឋ​៩៨៦​គ្រួសារ​ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំនួន​៣ ​ត្រូវបាន​ដោះស្រាយ​រួចហើយ​ដោយ​ទទួលបាន​ដី​និង​សំណង​ជា​ថវិកា។ រដ្ឋាភិបាល​បាន​អះអាង​ថា ​ជម្លោះដីធ្លីជាមួយ​នឹង​ក្រុមហ៊ុន​ហេងហ៊ុយអភិវឌ្ឍន៍​នៅខេត្ត​កោះកុង​ក៏បាន​ដោះស្រាយ​ចប់​សព្វគ្រប់​ដែរ។

លើផ្នែក​ជនជាតិ​ភាគតិច​ រដ្ឋាភិបាលកម្ពុជា​បាន​ពន្យល់​ថា​ខ្លួន​បាន​បដិសេធ​ចោល​ការទាមទារ​ដី​ចំនួន​២៨.០០០ហិកតា ដោយ​សហគមន៍​ជនជាតិភាគតិច​ចំនួន​៣​នៅ ខេត្ត​ព្រះវិហារ​ដោយសារ​តែ​ដីនោះ​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ឬ​ជាកម្មសិទ្ធិ​អ្នកដទៃ​និង​ជាដីរដ្ឋ​។​ យ៉ាងណាក៏ដោយ​ក្រុមការងារ​របស់​ក្រសួងដែនដី បាន​ចុះវាស់វែង​កាលពីខែ​មិថុនា​ឆ្នាំ​២០១៩ ដើម្បី​បង្កើន​ការចុះបញ្ជី​ដីធ្លី​និង​ចេញប្លង់កម្មសិទ្ធិ​ដល់សហគមន៍​ ក្នុងនោះ​មានសហគមន៍​កួយ​ផងដែរ។ ​

លោក​ឯកអគ្គរាជទូត​ ណុំ​ ពិសិដ្ឋ​ (ស្តាំ) ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃ​ទី១៦-១៩​ ខែកញ្ញា​ ឆ្នាំ២០១៩។ (Facebook/Royal Embassy/Mission of Cambodia to Belgium/EU)
លោក​ឯកអគ្គរាជទូត​ ណុំ​ ពិសិដ្ឋ​ (ស្តាំ) ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃ​ទី១៦-១៩​ ខែកញ្ញា​ ឆ្នាំ២០១៩។ (Facebook/Royal Embassy/Mission of Cambodia to Belgium/EU)

លោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហភាព​អឺរ៉ុបក៏បាន​ប្រាប់​ដល់​អង្គសវនាការ​នៃ​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សភា​សហភាពអឺរ៉ុប​កាលពីថ្ងៃអង្គារថា៖

​«នៅលើ​បញ្ហា​ដីធ្លី គឺ​យើង​មាន​ការវិវត្តន៍​វិជ្ជមាន​។ ជម្លោះ​នៅ​ក្នុងខេត្ត​ចំនួនពីរ​នៅកម្ពុជា​ត្រូវ​បានដោះស្រាយ​រួចហើយ។ នៅ​មាន​ខ្លះទៀត​ក្នុង​ខេត្ត​ព្រះវិហារ​និង​កំពង់ស្ពឺ​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន។ ជាការពិត​ថាតើ​រដ្ឋាភិបាល​មាន​ចេតនា​នយោបាយ​ដោះស្រាយ​ឬទេ? ជាការពិត​យើង​យើង​ប្តេជ្ញាចិត្ត​ធ្វើ​ឱ្យ​ស្ថានភាព​ល្អប្រសើរឡើង‍ ជាពិសេស​លើ​បញ្ហា​ដីធ្លី»។

បើទោះបី​ជា​មានការវិវត្តន៍ ប៉ុន្តែ​អង្គការ​អន្តរជាតិ​និង​សង្គមស៊ីវិល​បន្ត​រកឃើញ​ថា​ការឆ្លើយ​តប​របស់​រដ្ឋាភិបាល​ទៅនឹង​ទំនាស់​ដីធ្លី​ពាក់​ព័ន្ធ​នឹង​ដីសម្បទាន​សេដ្ឋកិច្ច​គឺ​មិន​ទាន់​គ្រប់​គ្រាន់ទេ​ដោយ​សារ​ប្រព័ន្ធ​ច្បាប់ និងការបាត់​បង់​ឯកសារ​កម្មសិទ្ធិ​ក្នុង​សង្គ្រាមជា​ច្រើន​ទសវត្សរ៍។

អង្គការ​សិទ្ធិមនុស្ស​បាន​រាយការណ៍​ថា​មានពលរដ្ឋ​កម្ពុជា​ជាង​៨៣០.០០០នាក់​បាន​ប៉ះពាល់​ដោយ​សារ​នាស់ដីធ្លី ដែលធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រតោក​យ៉ាកយ៉ាង​ខ្លាំង។

អ្នកស្រី ច្រាយ នីម តំណាង​សហគមន៍​ SOS ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញដែល​តែង​តែ​ដឹកនាំ​ការតវ៉ា​ពី​បញ្ហា​រំលោភដីធ្លីបានបញ្ជាក់​ថា​ការទម្លាក់ការទទួលខុសត្រូវ​រវាង​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​និង​ថ្នាក់​ជាតិ​ជាផ្នែក​មួយ​ធ្វើ​ឱ្យ​បញ្ហា​ទំនាស់​ដីធ្លី​អូសបន្លាយ​យូរ​នៅ​កម្ពុជា។

«សម្រាប់​អ្នកដីធ្លីយើង​មើលឃើញ​ថា​គាត់មិនមានឆន្ទៈ​ឬការគិតគូ​ក្នុងការដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ដែលគាត់​កំពុងប្រឈម​នឹង​ការបាត់​បង់​ដីធ្លី​ដែលមានដូច​ជា​ទំនាស់​ជាមួយ​ឧកញ៉ា​លី យ៉ុងផាត់ ក្រុមហ៊ុន​យូញៀន ​ចិន ​ហើយ​ក៏មានដូច​ជា​លោក​ឧកញ៉ា​ហេងហ៊ុយជាដើម។ សូមបញ្ជាក់​ថា​ការរងគ្រោះ​របស់​គាត់​ជាមួយ​ក្រុមហ៊ុន​លីយ៉ុងផាត់គឺមិនតិច​ឆ្នាំ​ទេ​ទាំងជាមួយ​នឹង​ក្រុមហ៊ុន​យូញៀន​ អ្នកខ្លះ​រហូតដល់​១០ឆ្នាំ​ជាង។ អ្នកខ្លះ​រហូតដល់​៦ឬ៧ឆ្នាំ‍»។​

​ដូចជាករណី​ពលរដ្ឋ​ចំនួន​១២៨គ្រួសារ​នៅឃុំតានូន ស្រុក​បុទុម​សាគរ​ខេត្ត​កោះកុងដែល​មាន​ទំនាស់ជាមួយ​នឹង​ក្រុមហ៊ុនចិន Union Development Group (Cambodia) ជិត​១០ឆ្នាំ​ គឺ​រហូត​មក​ដល់​ពេលនេះ​ពួកគាត់​នៅ​តែ​បន្ត​ទាមទារ​ដីស្រែចម្ការ​ក្រោយ​ពី​ដំណោះស្រាយ​ក្នុងពេល​កន្លង​មក​មិន​ផ្តល់​លទ្ធផល​តាម​ការចង់​បាន។

​អ្នកស្រី ​គុណ សាវ តំណាងឱ្យ​ពលរដ្ឋ​រងគ្រោះទាំង​១២៨​គ្រួសារ​ បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា៖

«ខ្ញុំ​បាន​យក​ឯកសារ​ទៅដាក់​នៅ​រដ្ឋសភា​ ដាក់​នៅ​ក្រសួង ដាក់នៅ​កន្លែងក្រុមការងារសម្តេច​ តែអត់​ឃើញ​ទៅមុខ​ទៅក្រោយ​ទេ​។ ដាក់​យូរហើយ​តាំងពីខ្ញុំ​ឡើងមកពីក្រោយមក​ដូចថា​ខ្ញុំ​ធ្លាប់​រស់នៅ​ក្រោម​ខ្ញុំ​មានដីស្រែ​ មានក្របី​ មានរទេះ មានទូក​មាន​ម៉ាស៊ីន មានលបដាក់​ក្តាម​ មានមង​វាយ​ត្រី ដល់​តែពេលមកនៅ​ខាងលើ​អត់មាន​។ អីចឹង​ខំតវ៉ា​ដើម្បី​ទាមទារ​យក​ដីស្រែ​។ អត់​ទាមទារ​អីខ្លាំង​ទេ​សព្វថ្ងៃពលរដ្ឋ​ទាមទារ​ដីស្រែ​ចិញ្ចឹម​ជីវិតទេ‍»។

បញ្ហា​សិទ្ធិដីធ្លីនេះ​គឺជាក្តីកង្វល់មួយ​ក្នុងចំណោម​បញ្ហា​ធំៗ​ចំនួន​៥​ដែល​សហភាព​អឺរ៉ុប​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បើ​មិន​ចង់​បាត់​បង់​ឋានៈអនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» (EBA) ទេ។

​ប្រទេស​កម្ពុជា​មានពេល​រហូត​ដល់ថ្ងៃទី​១២ខែ​ធ្នូដើម្បី​ដោះស្រាយ​និង​ឆ្លើយតប​តាមការ​ចង់​បានរបស់​សហភាព​អឺរ៉ុប។ រហូត​មកដល់​ពេលនេះ​សហភាពអឺរ៉ុប​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ជាចុងក្រោយ​លើ​ឋានៈ​អនុគ្រោះពន្ធ ​EBA ទេ ក៏ប៉ុន្តែ​គណៈក​ម្មការកំពុង​តែវិភាគ​លើ​ផល​ប៉ះ​ពាល់សេដ្ឋកិច្ច​ សង្គមកិច្ច​និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ក្នុង​គ្រាដែល​ត្រូវ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធតែមួយ​ចំនួន​ឬ​ទាំងស្រុង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG