រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅខ្វះខាតសកម្មភាពផ្សះផ្សារជាមួយនឹងគណបក្សប្រឆាំង ហើយបានរំលោភ«ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ»ដល់គោលការណ៍នៃសិទ្ធិចូលរួមសកម្មភាពនយោបាយ ដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា។ នេះបើតាមរបាយការណ៍របស់គណៈកម្មការសហភាពអឺរ៉ុប។
របាយការណ៍វាយតម្លៃរបស់គណៈកម្មការសហភាពអឺរ៉ុបផ្ញើជូនរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ហើយដែលវីអូអេទទួលបានច្បាប់ចម្លងមួយបានរកឃើញពីការរំលោភលើសិទ្ធិសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយនេះជាបន្តបន្ទាប់ជាពិសេសមាត្រា២៥នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលបានចែងអំពីសិទ្ធិនិងឱកាសស្មើគ្នារបស់ពលរដ្ឋគ្រប់រូប ក្នុងការចូលរួមសកម្មភាពសាធារណៈដោយផ្ទាល់ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដោយសេរី និងចូលរួមបោះឆ្នោត ឬឈរឈ្មោះក្នុងការបោះឆ្នោតដើម្បីបំពេញការងារសាធារណៈ។
សហភាពអឺរ៉ុបបានចាប់ផ្តើមនីតិវិធីពិនិត្យមើលការអនុវត្តតាមលក្ខខណ្ឌផ្តល់ឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA)ដោយផ្តោតលើស្ថានភាពសិទ្ធិនយោបាយ សិទ្ធិពលកម្ម សិទ្ធិដីធ្លី សិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលនិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ចំណាត់ការនេះកើតឡើង ក្រោយពីអាជ្ញាធរកម្ពុជាបានចាប់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ឃុំឃាំងកាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយបានរំលាយអតីតគណបក្សប្រឆាំងដ៏ធំនេះនៅខែវិច្ឆិកាឆ្នាំនោះ និងហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
នៅលើផ្នែក «សេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយ» គណៈកម្មការរបស់សហភាពអឺរ៉ុបបានពិនិត្យមើលផលប៉ះពាល់ពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលហាមឃាត់ជនណាដែលជាប់ទោសឧក្រិដ្ឋមិនឱ្យដឹកនាំគណបក្ស ហើយបានផ្តល់អំណាចដល់តុលាការកំពូលដើម្បីរំលាយគណបក្សនោះ។
បន្ថែមពីនេះគឺការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីយកអាសនៈពីគណបក្សដែលត្រូវរំលាយមកចែកឱ្យគណបក្សដទៃ ដែលក្នុងនោះគឺបានរឹបអូសយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោតចំនួន៥០០៧របស់គណបក្សសង្គ្រោះជាតិ មកចែកឱ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងទៅគណបក្សតូចៗដទៃទៀតដែលមិនបានជាប់ឆ្នោត។
បន្ថែមពីនេះ គណៈកម្មការសហភាពអឺរ៉ុបពិនិត្យមើលការចាប់ខ្លួនសកម្មជនសហគមន៍និងអតីតសកម្មជននយោបាយជាបន្តបន្ទាប់ ជាពិសេសភាគច្រើននៃអ្នកទាំងនោះត្រូវបានចាប់ខ្លួនតាំងពីខែសីហា ឆ្នាំ២០១៩មក គឺនៅពេលដែលលោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលរស់នៅនីរទេសខ្លួនក្រៅប្រទេសជាង៤ឆ្នាំ បានប្រកាសធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ ខែវិច្ឆិកាដើម្បីទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
គណៈកម្មការសហភាពអឺរ៉ុបក៏បានបង្ហាញការខិតខំបកស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងនៅក្នុងរបាយការណ៍សរុប ចុះថ្ងៃទី១២ ខែសីហាផងដែរ។ ជំហររបស់កម្ពុជាផ្តោតសំខាន់គឺការពារចំណាត់ការរបស់តុលាការកំពូលក្នុងការរំលាយអតីតគណបក្សប្រឆាំង និងការចាប់ខ្លួននិងចោទប្រកាន់លោកកឹម សុខា ពីបទក្បត់ជាតិ ដោយសារតែអត្ថាធិប្បាយក្នុងឃ្លីបវីដេអូមួយដែលលោកបានថ្លែងទៅកាន់អ្នកគាំទ្រតាំងពីឆ្នាំ២០១៣។
បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជាក៏បានខិតខំទាញយកអំណះអំណាងនានាដើម្បីឱ្យសហភាពអឺរ៉ុបទទួលយកការរំលាយនេះថាត្រឹមត្រូវតាមច្បាប់ ដោយបានយោងដល់សំណុំរឿងក្នុងពេលកន្លងមកនៅប្រទេសដទៃដែលតុលាការសិទ្ធិមនុស្សសហភាពអឺរ៉ុបទទួលយកការរំលាយគណបក្សនៅក្នុងប្រទេសទាំងនោះ។
បរិយាកាសនយោបាយរឹតត្បិត
របាយការណ៍វាយតម្លៃរបស់សហភាពអឺរ៉ុបបានពិនិត្យព្រឹត្តិការណ៍ក្នុងរយៈពេលបីឆ្នាំចុងក្រោយ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ហើយបានវាយតម្លៃថា៖
«ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានចាត់វិធានការគាបសង្កត់ប្រឆាំងនឹងគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ រៀបចំបែបបទដើម្បីរារាំងបក្សប្រឆាំង មិនឱ្យចូលរួមនយោបាយ និងសិទ្ធិបោះឆ្នោត។ សកម្មភាពទាំងនេះរួមការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៧ ការសម្រេចរបស់តុលាការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧»។
គណៈកម្មការសហភាពអឺរ៉ុបបានបន្ថែមថា រហូតមកដល់ថ្ងៃចេញរបាយការណ៍នេះ បរិយាកាសនយោបាយកម្ពុជានៅតែត្រូវបានរឹតត្បិតយ៉ាងខ្លាំង សិទ្ធិនយោបាយរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅតែត្រូវបានបដិសេធ អាជ្ញាធរកម្ពុជានៅបន្តចាប់ខ្លួនសមាជិកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
របាយការណ៍នោះបានសន្និដ្ឋានថា៖
«ផ្អែកលើព្រឹត្តិការណ៍និងការវាយតម្លៃដែលបានរៀបរាប់ជូនខាងលើ គណៈកម្មការពិចារណាថាកង្វះសកម្មភាពផ្សះផ្សារថែមទៀតពីរដ្ឋាភិបាល មានការរំលោភជាប្រព័ន្ធនិងធ្ងន់ធ្ងរដល់គោលការណ៍ដែលមានចែងក្នុងមាត្រា២៥នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា។ រហូតមកដល់ថ្ងៃនេះ គណៈកម្មការមិនឃើញមានភស្តុតាងថាកម្ពុជាបានចាត់វិធានការចាំបាច់ដើម្បីដោះស្រាយការរំលោភទាំងនោះនៅឡើយទេ»។
ក្រោយពីរបាយការណ៍នេះបានចេញ រដ្ឋាភិបាលកម្ពុជាបានដោះលែងសកម្មជនសហគមន៍និងអតីតសកម្មជនគណបក្សនយោបាយចំនួន៧០នាក់ឱ្យនៅក្រៅឃុំ។ នៅមុននោះចំនួនពីរថ្ងៃ តុលាការក៏បានបន្ធូរបន្ថយលក្ខខណ្ឌឃុំឃាំងលោកកឹម សុខា ដោយអនុញ្ញាតឱ្យលោកធ្វើដំណើរជុំវិញប្រទេស ប៉ុន្តែមិនឱ្យទៅក្រៅប្រទេស ឬធ្វើសកម្មភាពនយោបាយឡើយ។
លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីសប្តាហ៍មុន ក្រោយពីគម្រោងមាតុភូមិនិវត្តន៍របស់លោកមិនបានជោគជ័យថា៖
«យើងឃើញថា លោកហ៊ុន សែន កំពុងតែរងសម្ពាធពីសហគមន៍អន្តរជាតិជាពិសេសពីសហភាពអឺរ៉ុប។ ទោះបីជាលោកហ៊ុនសែនមិនធ្វើអ្វីឱ្យគេជឿទុកចិត្តបាន តែគាត់មិនអាចនៅស្ងៀមទេ គាត់ត្រូវតែបំពេញចិត្តសហគមន៍អន្តរជាតិ បើមិនដូច្នេះទេ គេនឹងកាត់ប្រព័ន្ធអនុគ្រោះពន្ធហៅថា EBA ។ ពេលនោះសេដ្ឋកិច្ចកម្ពុជានឹងជួបវិបត្តិធ្ងន់ណាស់ ហើយលោកហ៊ុន សែន ជាអ្នកទទួលខុសត្រូវ»។
រក្សាអធិបតេយ្យភាព
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានចាប់ខ្លួនពួកគេវិញ ប្រសិនបើមានអ្នកណាម្នាក់ហ៊ានធ្វើអត្ថាធិប្បាយថា ការដោះលែងនោះគឺដោយសារសម្ពាធអន្តរជាតិហើយថាកម្ពុជាសុខចិត្តបាត់បង់ឋានៈអនុគ្រោះពន្ធ តែមិនឱ្យបាត់បង់អធិបតេយ្យភាពរបស់ជាតិឡើយ។
លោកហ៊ុន សែន បន្ថែមថា៖
«យើងមិនអាចយកអធិបតេយ្យរបស់យើងទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាទេ។ អ្វីដែលយើងខិតខំធ្វើបាន យើងធ្វើ តែអ្វីដែលយើងធ្វើមិនបាន គឺអត់ទេ។ ទីផ្សារនៅតែជាទីផ្សារ គ្រាន់តែពេលមុនអត់បង់ពន្ធ ឥឡូវត្រូវបង់ពន្ធ»។
ទោះជាយ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយប្រាប់ឲ្យដាក់ប្រទេសកម្ពុជាមកលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យឡើងវិញ។ នេះបើតាមលិខិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនស្វះស្វែងឲ្យមានការផ្លាស់ប្តូររបបនោះទេ ហើយលោកបានបង្ហាញពីជំនឿយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និងនីតិរដ្ឋ គឺជាមាគ៌ាល្អបំផុតសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់។
លោក ត្រាំ សង្ឃឹមថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងវាយតម្លៃឡើងវិញនូវការសម្រេចចិត្តមួយចំនួន ដែលធ្វើឡើងក្នុងពេលកន្លងមកដែលសហរដ្ឋអាមេរិកជឿជាក់ថានឹងបង្កហានិភ័យ«យ៉ាងខ្លាំងដល់អធិបតេយ្យភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា»។
លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ សម្តែងសុទ្ទិដ្ឋិនិយមថាស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជានៅតែអាចចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយមុនពេលដែលសហភាពអឺរ៉ុបដកឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ (EBA)។ សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំបំផុតរបស់កម្ពុជាដោយទទួលទិញទំនិញជិត៦ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ហើយតាមរយៈឋានៈអនុគ្រោះពន្ធនេះ ទំនិញរបស់កម្ពុជាបានរួចពន្ធក្នុងទឹកប្រាក់ជិត៧០០លានដុល្លារ។
អ្នកវិភាគរូបនេះមើលឃើញថា រដ្ឋាភិបាលកម្ពុជាបានខិតខំប្រើប្រាស់យន្តការជាច្រើនដើម្បីដោះស្រាយដែរ បើទោះបីជានៅចំពោះមុខសាធារណជនរដ្ឋាភិបាលបានបង្ហាញជំហររឹងរូសក៏ដោយ។
ប៉ុន្តែលោក សោភក្តិ៍ បានព្រមានថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែមិនរកដំណោះស្រាយឱ្យបានមុនឱសានវាទត្រឹមដើមឆ្នាំក្រោយទេ នោះកម្ពុជាប្រហែលជានឹងបាត់បង់ឱកាសទទួលបានការលួងលោមពីសហគមន៍អន្តរជាតិ ហើយលទ្ធភាពនៃការដាក់ទណ្ឌកម្មនឹងកាន់តែមានច្រើន៕