ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិនិយោគទុន​អាមេរិកាំង​តវ៉ា​ប្រឆាំង​ការ​បំផ្លាញ​ចំការ​ម៉ៃសាក់​នៅ​ខេត្ត​ត្បូងឃ្មុំ


លោក​ Daniel Mitchell ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ SRP International Group ​​​ប្រចាំកម្ពុជា ថ្លែងនៅមុខសវនាការ​គណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
លោក​ Daniel Mitchell ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ SRP International Group ​​​ប្រចាំកម្ពុជា ថ្លែងនៅមុខសវនាការ​គណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

«ខ្ញុំ​គោរព​ច្រើន​ដល់​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន។ ពួកគេ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​​សម្រេច​ការ​រីក​ចម្រើន​ដ៏​ច្រើន។ [...] ដូច​ខ្ញុំ​បាន​ពន្យល់​នៅក្នុង​អង្គសវនាការ​ពី​ស្ថានភាព​ដែល​ខ្ញុំ​ជួបប្រទះ ​គឺ​ចំការ​របស់​​ខ្ញុំ​ដែល​ដាំដុះ​ជិត​២០ឆ្នាំ​ ហើយ​ត្រូវ​គេ​រឹបអូស​ដោយ​គ្មាន​ដីកា​តុលាការ‍»

កំណត់និពន្ធ៖ អ្នក​វិនិយោគទុន​អាមេរិកាំង​មួយ​រូប​បាន​ប្រាប់​ដល់​អង្គសវនាការនៃ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​ Tom Lantos នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំងពី​គ្រោះថ្នាក់​នៃ​នីតិរដ្ឋ​នៅ​កម្ពុជា​ ដែល​បាន​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគទុននៃ​ក្រុមហ៊ុន​អាមេរិកាំង។ លោក​ Daniel Mitchell ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ SRP International Group ​ដែល​បាន​បោះទុន​ដាំចំការ​ដើមម៉ៃសាក់​នៅ​ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ បាន​អះអាង​ថា​ លោក​បាន​ខាតបង់​ប្រាក់​ជា​ច្រើនលាន​ដុល្លារ​ ដោយសារ​តែ​ការ​រំលោភ​កិច្ច​សន្យា​ជួល​ដីធ្លី​ ហើយ​លោក​កំពុង​តែ​តវ៉ា​ដល់​រដ្ឋ​សភានិង​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ឱ្យចាត់​វិធានការ​សមស្រប​ ក្នុងនោះ​មាន​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ (GSP) ​ពី​កម្ពុជាផងដែរ បើសិន​ជា​មិន​មាន​សំណង​ត្រឹមត្រូវ​ទេ។ លោក Mitchell ​បាន​ផ្តល់​បទសម្ភាស​បន្ថែម​ដល់​លោក​ម៉ែន គឹមសេង នៃ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ចុង​ខែ​កញ្ញា។ ខាង​ក្រោមនេះ​ជា​សេចក្តី​ដកស្រង់​នៃ​បទសម្ភាស​ដូច​តទៅ៖

VOA៖ សូមអរគុណ​លោក​ច្រើន​ ដែល​បាន​ចូល​មក​ក្នុង​ស្ទូឌីយោ​របស់​វីអូអេ។​ លោក​បាន​ផ្តល់​សក្ខីកម្ម​ដល់​សភា​សហរដ្ឋ​អាមេរិក​ចំនួន​២ដង​ ក្នុង​រយៈពេល​៦ឆ្នាំ​ចុងក្រោយ​នេះ​ស្តីពី​បញ្ហា​កម្ពុជា។ ក្នុង​សវនាការ​កាលពី​ឆ្នាំ​២០១៣​ លោក​បាន​ជំរុញ​ឱ្យ​មាន​ការ​ទាក់​ទង​ល្អ​ជាមួយ​នឹង​កម្ពុជា​ និង​បាន​ទទូច​ឱ្យ​សហរដ្ឋ​អាមេរិក​កែប្រែ​គោលជំហរ​ខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​មកពី​ប្រទេស​ចិន។ ប៉ុន្តែក្នុង​សវនាការ​កាលពី​សប្តាហ៍​មុន​ លោក​ហាក់​ដូច​ជា​បាត់​ភាព​អត់ធ្មត់​ ដោយ​លោក​បាន​និយាយ​ថា​ «បុរស​ខ្លាំង​នៅ​កម្ពុជា​បាន​ផ្តាច់​នីតិរដ្ឋ​ គឺ​កម្ពុជា​ឈាន​ទៅ​រក​ផ្លូវ​ផ្តាច់ការ​មួយ‍»។​ តើ​លោក​អាច​ពន្យល់​បន្ថែម​ពី​បញ្ហា​នេះ​បាន​ទេ?

Mitchell: ​ជាបឋម​គឺ​ខ្ញុំ​មិនមែន​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ខ្ញុំ​គោរព​ច្រើន​ដល់​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន។ ពួកគេ​បាន​ដឹកនាំ​ប្រទេស​កម្ពុជាសម្រេច​ការ​រីក​ចម្រើន​ដ៏​ច្រើន។ អ្វីៗ​ល្អ​ជាង​ឆ្នាំ​២០០២​ ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​វិនិយោគ។ តើ​ខ្ញុំ​ខឹង​ទេ? បាទ​ខ្ញុំ​ខឹង។ ដូច​ខ្ញុំ​បាន​ពន្យល់​នៅក្នុង​អង្គសវនាការ​ពី​ស្ថានភាព​ដែល​ខ្ញុំ​ជួបប្រទះ ​គឺ​ចំការ​របស់ខ្ញុំ​ដែល​ដាំដុះ​ជិត​២០ឆ្នាំ​ហើយ​ត្រូវ​គេ​រឹបអូស​ដោយ​គ្មាន​ដីកា​តុលាការ។ ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ជា​ច្រើន​សម្រាប់​អ្នក​វិនិយោគ​ទុន​ដូច​ខ្ញុំ។ ជា​អ្នកជំនួញ​និង​បោះទុន​វិនិយោគ ​ខ្ញុំ​យកចិត្តទុកដាក់​ដល់​នីតិរដ្ឋ។ ប៉ុន្តែ​ចៃដន្យ​ខ្ញុំ​ចូលរួម​សវនាការ​ស្តីពី​សិទ្ធិ​មនុស្ស​ ដោយនោះ​ជា​ឱកាស​តែមួយ​ដែល​មាន។ ចំណាប់​អារម្មណ៍​របស់​សមាជិក​សភា​ គឺ​បើ​គ្មាន​នីតិរដ្ឋ​ គឺ​មិន​មាន​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិប​តេយ្យ​ទេ។​ ខ្ញុំ​ឃើញ​ថា ​នោះ​គឺជា​មូលដ្ឋាន​គ្រឹះ។

ទស្សនៈ​ផ្ទាល់​របស់​ខ្ញុំ​ គឺ​ថា​ មាន​អ្នក​ប្រាជ្ញ​ខ្លះ​ ដូច​ជា​លោក​ Samuel Huntington និង​លោក​ Francis Fukuyama បាន​លើក​ឡើង​ថា ​មាន​វិធី​ច្រើន​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក​បាន​ប្រើ​វិធី​មួយ។ ប៉ុន្តែ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុងតែ​ឈាន​ឡើង​ គឺ​វា​អាច​មាន​ដំណាក់កាល​«បុរស​ខ្លាំង‍» ​ដែល​ក្នុងអំឡុងពេល​នេះ ​គឺ​ស្ថាប័ន​នានា​ដែល​ចាំបាច់​សម្រាប់​ការ​ដុះដាល​លទ្ធិ​ប្រជាធិបតេយ្យ​ ត្រូវ​អភិវឌ្ឍន៍ខ្លួន។ ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ គឺ​ថា​ ចាប់តាំងពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ឬ​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧​ គឺ​ស្ថាប័ន​ទាំងនោះ​លែង​វិវត្ត​ហើយ។ ក្នុង​ពេល​ដែល​មាន​ចិន​ចូលមក​កម្ពុជា​ បើ​ស្ថាប័ន​ទាំងនោះ​នៅ​មិន​ទាន់អភិវឌ្ឍត្រឹមត្រូវ​ទេ​ គឺ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ប្រឈម​គ្រោះថ្នាក់​ហើយ។

VOA: ខ្ញុំ​នឹង​ត្រឡប់​មក​និយាយ​ពី​ការ​វិនិយោគ​របស់​ចិន​នៅ​ពេល​បន្តិចទៀត។ ប៉ុន្តែ​ ខ្ញុំ​ចង់​ផ្តោ​ត​លើ​រឿង​វិនិយោគ​របស់​លោក។ តើ​ដី​ចំការ​របស់​លោក​ត្រូវ​គេ​ដកហូត​យ៉ាង​ម៉េច? តើ​ដី​នោះ​ជា​ដីសម្បទាន​មែន​ទេ?

Mitchell: ​តាមពិត​ទៅ​ ដីចំការ​នេះ​គឺជា​ដី​ជួល​ពី​ម្ចាស់​ឯកជន​ទេ។ គេ​ប្រាប់​យើង​ថា​ ម្ចាស់ដី​បាន​លក់​ដី​នេះ​ហើយ ដែល​នេះ​គឺ​ជា​ការ​រំលោភ​កិច្ចសន្យា​ជួល។ យើង​នៅ​លើ​ដី​នោះ​ ហើយ​មិន​មាន​ចេតនា​ចាក​ចេញ​ទេ។​

VOA: ​តើ​កិច្ចសន្យា​ជួល​នោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែរ?

Mitchell: ពី​ដំបូងគឺ​៧០ឆ្នាំ​ ប៉ុន្តែ​ច្បាប់​បាន​កែប្រែ​មក​ត្រឹម​៥០ឆ្នាំ​វិញ។ ប៉ុន្តែ​យើង​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០២ ហើយ​យើង​មាន​គោល​បំណង​បន្ត​អាជីវកម្ម​ដើម​ម៉ៃសាក់​របស់​យើង។ យើង​បាន​ដាំ​ដើម​ម៉ៃសាក់ ហើយ​ឥឡូវ​ដល់​ពេល​ពួកយើង​កែច្នៃ​ វា​ជា​គ្រឿង​សង្ហារឹម។ នេះ​គឺជា​រឿង​ល្អ​ បើ​មើល​ពី​ជ្រុង​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ ស្រាប់តែ​ដើមឈើ​ទាំង​នោះ​បាត់​អស់​ពាក់​កណ្តាល​ចំការ​តែ​ក្នុង​រយៈពេល​បួន​ខែ។

VOA:​តើ​ចំការ​នោះ​ទំហំ​ប៉ុណ្ណា​ដែរ?

Mitchell: ​ប្រហែល​៦០ហិកតា ហើយ​ធ្វើ​ឱ្យ​យើង​បាត់​បង់​ប្រាក់​ជាច្រើន​លាន​ដុល្លារ។ ពេល​យើង​បាត់​ចំការ​ធំ​ដូចនេះ​ គឺ​មាន​បញ្ហា​ពីរ។ ទីមួយ​ ពួកគេ​យក​ឈើ​ហ៊ុបយើង​ ហើយ​លក់​ចេញ​ដោយគ្មានអាជ្ញា​បណ្ណ​ទៅ​វៀតណាម​ដោយ​ខុសច្បាប់។ ទីពីរ ពួកគេ​គាស់​រំលើង​គល់​ម៉ៃសាក់។ ចំពោះ​ដើម​ម៉ៃសាក់​ តែ​កាលណា​ដុះ​ហើយ​ គឺ​នៅ​បន្ត​ដុះ​ពី​ត្រឹម​គល់​មកទៀត​ ក្រោយ​ពី​កាប់​លក់​ ដោយ​មិន​ចាំបាច់​ដំា​ឡើង​វិញ​ទេ។ នេះ​មានន័យ​ថា​ អ្វីៗ​ដែល​យើង​ចំណាយ​ក្នុង​រយៈពេល​៥ឆ្នាំ​ដំបូង​គឺ​មិន​ចាំបាច់​ធ្វើ​ឡើង​វិញ​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​គល់ ​ត្រូវ​គេ​គាស់​ចោល​ គឺ​យើង​បាត់​បង់​អស់។

VOA: គ្មាន​ការ​ផ្តល់​សំណង​អ្វី​ទាំង​អស់?

Mitchell: ​អត់​មាន​សំណង​អ្វី​ទេ​ គឺ​មាន​តែ​ការ​គំរាម។​

រូបឯកសារ៖ ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩។

VOA: ​ម្ចាស់ថ្មី​គឺ​ជា​អ្នក​វិនិយោគទុ​ន​ក្នុង​ប្រទេស ​គឺ​មិនមែន​មក​ពី​ប្រទេស​ចិន​ទេ?

Mitchell: ​អ្វី​ដែល​កើត​មាន​នៅ​កម្ពុជា​ គឺ​ក្រុមហ៊ុន​ចិន​ទិញ​ដី​ជាច្រើន​នៅ​ជុំវិញ​យើង។ ចំការ​ស្វាយ​កំពុង​ពេញ​និយម​ ពីព្រោះ​ចិន​អនុញ្ញាត​ឱ្យ​នាំ​ស្វាយ​កម្ពុជា​ចូល។ នេះ​គឺជា​វិធានការ​មួយ​ដែល​ពួកគេ​ធ្វើ​ដើម្បី​បង្កើន​ការនាំ​ចូល​ពី​ប្រទេស​កម្ពុជា។ ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​កម្ពុជា​ ប៉ុន្តែ​កម្ពុជា​នាំ​ទំនិញចូល​ចិន​តែ​៣,៩​ភាគរយទេ។ ៧០ភាគរយ​ទៀត​ កម្ពុជា​នាំទៅ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប។ ដោយសារ​តែ​ការ​គំរាម​ដក​ឋានៈ​អនុគ្រោះពន្ធ​ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ‍» (EBA) ​និង​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ​សម្រាប់​នាំ​ផលិតផល​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក​ ទើប​កម្ពុជា​ស្វែង​រក​ទីផ្សារ​ជំនួស។​

VOA: ចុះ​តើ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​មាន​លក្ខណៈ​ប្រកួត​ប្រជែង​យ៉ាង​ណា​ដែរ ​បើ​ផ្អែក​តាម​ទម្លាប់​របស់​ចិន​ដែល​មិន​ខ្វល់​ពី​ការប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​សូកប៉ាន់​មន្ត្រី​មូលដ្ឋាន?

Mitchell: ​ជាពលរដ្ឋ​អាមេរិកាំង​គឺ​ខ្ញុំ​ត្រូវ​គោរព​តាម​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​ក្រៅ​ប្រទេស។ ដូច្នេះ​ ខ្ញុំ​មិន​អាច​សូក​មន្ត្រី​ណាមួយ​បាន​ឡើយ ក្រោម​មាត្រា​ស្តីពី​ការ​បង់ប្រាក់​សម្រួលការងារ។​ ប៉ុន្តែ​ចំណុច​នេះ​ក៏​ខុសច្បាប់​ដែរ​នៅ​កម្ពុជា។ ខ្ញុំ​ក៏ដូច​ជា​ពលរដ្ឋ​អាមេរិកាំង​មាន​ក្រិតក្រម​មួយ​ដែល​យើង​ត្រូវ​គោរព​តាម។ បើ​តាមខ្ញុំ​ដឹង​ គឺ​ចិន​អត់មាន​ច្បាប់​ប្រហាក់​ប្រហែលនេះ​ទេ។ ​តាម​ការ​សង្កេត​របស់​ខ្ញុំ​គឺ​អ្វី​ដែល​ប៉ះពាល់​អធិបតេយ្យ​ភាព​កម្ពុជា​ គឺ​បើ​គេ​អាច​ទិញ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​បាន​ គឺ​គេ​មិន​គោរព​គោល​នយោបាយ​ថ្នាក់​ជាតិ​ទេ។ ក្រុង​ព្រះសីហនុ​គឺជា​ឧទាហរណ៍​ជាក់ស្តែង ដែល​គេ​សង់​អគារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ការពិត​គោល​នយោបាយ​មាន​ស្រាប់​ហើយ ​ប៉ុន្តែ​ពួកគេ​មិន​គោរព​តាម។

VOA: ​ផ្អែក​លើ​អ្វី​ដែល​លោក​បាន​បញ្ជាក់​នៅ​ក្នុង​សវនាការ​កាលពី​ឆ្នាំ​២០១៣​ ដែល​លោក​សង្កេត​ឃើញ​ការ​ស្ងប់ស្ងាត់​ក្នុងអំឡុងពេល​ឃោសនា​បោះឆ្នោត​ថា​ជា​សញ្ញា​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដែល​មាន​ភាព​ចាស់​ទុំ។ ដូច្នេះ​នៅ​ពេល​នេះ​គឺ​បាត់​អស់​ហើយ​មែនទេ?

Mitchell: ​ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​ដែល​ដក​ស្រង់សម្តីមន្ត្រី​រដ្ឋាភិបាល​ម្នាក់​ថា​ ពួកយើង​មិន​យល់​ពី​អង្គ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។ មិន​មាន​អង្គ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ណាមួយ​ ដែល​យក​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ តើ​លោក​កឹម សុខា ​បាន​ធ្វើ​អ្វី​ឬ​មិន​ធ្វើ​អ្វី​ទេ ​ប៉ុន្តែ​បើ​សិន​ជា​មាន​ការចោទប្រកាន់​ហើយ​ មាន​ភស្តុតាង​ សូម​កាត់ទោស​គាត់​ទៅ។

VOA: ពីរឆ្នាំ​ហើយ​គ្មាន​ការ​កាត់​ទោស​ទេ។​

Michell: បើក​សវនាការកាត់​ទោស​គាត់​ទៅ។ បើ​រកឃើញ​ថា​គាត់​ខុស​ គឺ​គាត់​មាន​កំហុស​ហើយ។ ខ្ញុំ​មិន​ដឹង​ទេ។ ខ្ញុំ​មិន​ស្គាល់​លោក​កឹម សុខា​ទេ។ ខ្ញុំ​បាន​ឃើញ​វីដេអូ​តាម​ YouTube។

VOA: ​ខ្ញុំ​បាន​រាយការណ៍​ព័ត៌មាន​នោះ។ ខ្ញុំ​បាន​រាយការណ៍​តាំងពី​ដំបូង​ហើយ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​បាន​ឃើញ​ភស្តុតាង​អ្វី​ទាំង​អស់។​

Michell: ទស្សនៈ​របស់​ខ្ញុំ​លើ​នយោបាយ​ទាំងមូល​ ក្នុង​នាម​ខ្ញុំ​ជា​ពាណិជ្ជករ​មិនមែន​ជា​អ្នកនយោបាយ​គឺ​ អ្វីៗ​អាស្រ័យ​លើ​ពលរដ្ឋ​កម្ពុជា​ដែល​ដឹកនាំ​ប្រទេស។ ខ្ញុំ​មិន​មាន​សំឡេង​អ្វី​ទេ។ ប៉ុន្តែ​បើ​មើល​ពីជ្រុង​នៃ​ការគ្រប់​គ្រង​ពាណិជ្ជកម្ម​នៅ​ទីនោះ គឺ​យើង​មើល​លើ​ជ្រុង​ស្ថិរភាព​និង​ភាព​អាច​រំពឹង​ទុក​មុន​បាន។ ចំណុច​ទាំង​នេះ​ប្រឈម​នឹង​គ្រោះថ្នាក់ នៅ​ពេល​ដែល​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ខូចខាត។

រូបឯកសារ៖ អ្នកស្រី Paola Pampaloni​ នាយក​គ្រប់​គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​អគ្គនាយកដ្ឋាន​កិច្ច​ការ​បរទេស​របស់​គណៈ​កម្មការ​អឺរ៉ុប និងគណៈប្រតិភូ​សហភាព​អឺរ៉ុប ជួប​ពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នកស្រី Paola Pampaloni​ នាយក​គ្រប់​គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​អគ្គនាយកដ្ឋាន​កិច្ច​ការ​បរទេស​របស់​គណៈ​កម្មការ​អឺរ៉ុប និងគណៈប្រតិភូ​សហភាព​អឺរ៉ុប ជួប​ពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

VOA: ក្នុងអំឡុង​ពេល​សវនាការ​លោក​ថា​ក្រុមហ៊ុន​របស់​លោក​បាន​ស្នើ​ទៅ​តំណាង​ពាណិជ្ជកម្ម​ស.រ.អា ដើម្បី​ព្យួរ​ឋានៈ​អនុគ្រោះពន្ធ​ពី​កម្ពុជា​ ប៉ុន្តែ​បាន​ផ្អាកវិញ ​ហើយ​លោក​ថា​លោក​នឹង​ស្នើ​ជាថ្មី។ តើ​លោក​នឹង​ស្នើ​ទេ?

Mitchell: ​ច្បាប់​សហរដ្ឋ​អាមេរិក​ដែល​គ្រប​ដណ្តប់លើ​ឋានៈអនុគ្រោះពន្ធ​ទូទៅ (GSP) គឺ​មាន​លក្ខណៈ​វិនិច្ឆ័យ​ច្បាស់លាស់​សម្រាប់​ប្រទេស​ដែល​ទទួល​ឋានៈ​នេះ មិន​ឱ្យ​បដិសេធ​ ឬ​ធ្វើ​មោឃភាព​កិច្ចសន្យា​របស់​ក្រុមហ៊ុន​អាមេរិកាំង​ទេ។ ដូច្នេះ​យើង​បាន​យក​ករណីនេះ​មក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ហើយ​ជា​ផ្នែក​មួយ​នៃ​ការ​ចរចា​នេះ​ យើង​ក៏​ព្យួរ​ការប្តឹង​ជំទាស់​នោះ​សិន​ដោយ​សង្ឃឹម​ថា​ យើង​នឹង​អាច​រក​ដំណោះស្រាយ​ផ្សេង​បាន។ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​គាំទ្រ​យើង​ខ្លាំងណាស់។ បើ​សិនជា​ស្ថានការណ៍​មិន​អាចដោះស្រាយ​បាន​ទេ​ គឺ​ខ្ញុំ​មាន​កាតព្វកិច្ច​ចំពោះ​អ្នក​វិនិយោគ​របស់​ខ្ញុំ​ ក្នុងការ​ប្តឹង​ផ្តល់​ដើម្បី​ទាមទារ​យក​ការ​ខាតបង់​របស់​ពួកគេ​មក​វិញ។ ដូច្នេះ​យើង​នឹង​ពិចារណា​ដាក់​សំណើ​យើង​ជាថ្មី។

VOA: ខ្ញុំ​ចាប់​អារម្មណ៍​នឹង​សក្ខីកម្ម​លើក​មុន​របស់​លោក​កាលពី​លើក​មុន​ ដែល​លោក​លើកឡើង​ថា​នៅ​ពេល​ណា​ដែល​សហរដ្ឋ​អាមេរិក​ដកចេញ​ គឺ​ចិន​នឹង​ចូល​មក​ជំនួស​។ បើសិន​ជា​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ គឺ​ចិន​នឹង​ជួយ​បំពេញ​ឱ្យ​កម្ពុជា។ បើ​សិន​ជា​មាន​ការ​ធ្វើ​អីចឹង​ តើ​វា​ពិបាក​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ទេ?

Mitchell: ​នៅក្នុង​សវនាការ​កាល​ពីឆ្នាំ​២០១៣​ គឺ​យើង​មើល​លើ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា។ ជា​ការពិត នៅពេល​ដែល​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​ជំនួយ​ គឺ​ចិន​បង្កើន​ជំនួយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា គឺ​ជា​ជាង​ការ​ពឹង​លើ​ជំនួយ​បរទេស​ គឺ​ការធ្វើ​ពាណិជ្ជកម្ម​ ដែល​ក្នុង​នោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែល​តំណាង​ឱ្យ​៦៥ទៅ ៧០ភាគរយ​នៃ​ការនាំ​ចេញ។ ក្រៅពីនោះ​ មាន​ការ​នាំ​កង់​ចេញ។ ប្រទេស​កម្ពុជា​គឺ​ជា​អ្នកនាំ​មុខ​លើ​ការផ្គត់​ផ្គង់​កង់​និង​គ្រឿង​បន្លាស់​កង់​ទៅ​អឺរ៉ុប។ ទំនិញ​ទាំងនេះ​នៅ​ក្រោមកម្មវិធី​«គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​(EBA) របស់​អឺរ៉ុប។

ប្រសិន​បើ​កម្ពុជា​បាត់​បង់​ឋានៈ EBA ហើយ​ដោយសារតែ​សេដ្ឋកិច្ច​កម្ពុជា​ផ្អែក​លើ​ការ​កាត់ដេរ​សម្លៀកបំពាក់​និង​កង់ គឺ​ចិន​នឹង​មិន​ទិញផលិតផល​សម្លៀកបំពាក់​និង​កង់​ទេ។ កាលពី​ឆ្នាំ​២០១៦ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឋានៈ​ GSP សម្រាប់​ផលិតផល​ធ្វើ​ដំណើរ​ ដូចជា​កាបូបស្ពាយ​និង​វ៉ាលីស​ជាដើម​ ដែល​ជំរុញ​ដល់​កំណើន​នៃ​ការនាំ​ចេញ។ បើសិនជាមិន​មាន​ឋានៈ​នេះ​ទេ​ គឺ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​មុន​ត្រូវ​ធ្លាក់​ចុះ​២ភាគរយ។ តើ​ចិន​អាច​មក​ជំនួស​លើ​ផ្នែក​នេះបាន​ទេ? ខ្ញុំ​មិនគិត​ថា​ ចិន​អាច​ជួយ​ជំនួស​បាន​ទេ។មាន​ការ​ខិតខំ​ប្រឹងប្រែង​ជំនួស​ការ​បាត់បង់​នេះ​ ក៏ប៉ុន្តែ​ភាគច្រើន​គឺ​ផលិតផល​កសិកម្ម។ ចិន​មិន​ត្រូវ​ការ​ទំនិញ​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ចម្រើន​ឡើង​ទេ។

VOA: ​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ​ពួកគេ​អាច​ទប់​ទល់​បាន​៦ខែ​ ហើយ​មិន​មាន​សញ្ញា​ណា​ដែល​ពួកគេ​ថា​នឹង​បន្ទន់​ឥរិយាបទ​ទាល់​តែ​សោះ។ តើ​វាជា​រឿងល្អ​សម្រាប់​កម្ពុជា​ទេ?

Mitchell: វា​ពិតជា​មិន​ល្អ​សម្រាប់​កម្ពុជា​ទេ ប្រសិន​បើ​ពួកគេ​បាត់​បង់​ EBA ​បាត់​បង់​ GSP គឺ​ពិតជា​អាក្រក់​ខ្លាំង​ណាស់​ដល់​សេដ្ឋកិច្ច​និង​ពលរដ្ឋ​កម្ពុជា។​ តើ​ពួកគេ​អាច​រក្សា​កំណើនសេដ្ឋកិច្ច​សរុប​៧,៥​ភាគរយទេ តាមរយៈ​ការ​វិនិយោគ​របស់​ចិន? ពួកគេ​ប្រហែល​ជា​អាច​ ប៉ុន្តែ​ការណ៍​នេះ​គឺ​ជា​វិធី​ដោះស្រាយ​ខុស​គ្នា​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។ ការ​ផ្តល់​ឋានៈអនុគ្រោះពន្ធ​គឺ​ជា​ការ​បង្កើត​ការងារ​ដែល​ជា​យុទ្ធសាស្ត្រ​ពី​ក្រោមឡើង​លើ។ តាម​ទស្សនៈ​របស់​ខ្ញុំ​ គឺ​វា​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​កាន់អំណាច​បាន ​ពីព្រោះ​មាន​ការងារធ្វើ​។ ចំណុច​ដ៏​សំខាន់​នៅក្នុង​លទ្ធិ​ប្រជាធិបតេយ្យ ​គឺ​សេដ្ឋកិច្ច។ ប្រសិន​បើ​សេដ្ឋកិច្ច​អាក្រក់​គឺ​មិន​អាចធ្វើ​ឱ្យ​អ្នកកាន់​អំណាច​នៅ​បន្ត​តំណែង​បាន។ ដោយ​ឈរ​លើ​ទស្សនៈ​នេះ​ ខ្ញុំ​សង្ឃឹម​ថា ​កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​បាត់​ឋានៈ​អនុគ្រោះ​ពន្ធ​ទេ៕

(វីអូអេ​នឹងមាន​សេចក្តីរាយការណ៍​លម្អិត​ដោយ​ឡែក​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ​ពី​សំណុំរឿង​ផ្ទាល់​របស់​ក្រុមហ៊ុន​ SRP International Group)

XS
SM
MD
LG