ការចាប់ខ្លួន និងការវាយធ្វើបាបលើមកក្រុមអ្នកតវ៉ាក្នុងទំនាស់ដីធ្លីនៅតែជាបញ្ហាក្តៅនៅក្នុងប្រទេសកម្ពុជា។ នេះជាការរកឃើញរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ផ្អែកតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលដដែលដែលចេញផ្សាយនៅថ្ងៃអង្គារនេះ ក្នុងរយៈពេល១១ខែ គិតចាប់តាំងពីខែមេសាឆ្នាំ២០១៨ មកទល់នឹងខែមីនា ឆ្នាំ២០១៩ មានមនុស្សសរុបចំនួន១០៥នាក់ ត្រូវបានចាប់ខ្លួន ត្រូវបានកោះហៅដោយតុលាការ ត្រូវបានឃុំខ្លួន និងត្រូវបានផ្តន្ទាទោសដោយតុលាការ ក្នុងទំនាស់ដីធ្លី។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (CCHR) បានកត់ត្រានូវហេតុការណ៍ចំនួន៩៩ករណី ដែលទាក់ទងនឹងការរំលោភសេរីភាពជួបប្រជុំដោយសន្តិវិធី ដែលបង្ហាញឲ្យឃើញពីការមិនអនុវត្តជាប្រព័ន្ធនូវច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី។
CCHR បានលម្អិតថាមាន «បម្រាមជួបប្រជុំដោយសន្តិវិធី ការបំបែកចេញពីទីកន្លែងជួបប្រជុំដោយសន្តិវិធីពីសំណាក់កម្លាំងសន្តិសុខ ការគំរាមកំហែងដោយវិធានការផ្លូវច្បាប់ ការគំរាមចាប់ខ្លួន ការវាយដំ ការចាប់ខ្លួន និងវិធានការផ្លូវច្បាប់ព្រហ្មទណ្ឌជាធម្មតាត្រូវបានប្រើប្រាស់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស ដូចជាបទប្រមាថ អ្នករាជការសាធារណៈ ឬបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬបទញុះញង់ឲ្យមានអំពើហិង្សា»។
ទោះជាយ៉ាងណាលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ VOA នៅថ្ងៃអង្គារនេះថា របាយការណ៍របស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា គឺជាការដាក់បន្ទុកមួយផ្នែកមកលើរដ្ឋាភិបាល ក្នុងបញ្ហាសិទ្ធិមនុស្សដែលអាជ្ញាធរកម្ពុជាកំពុងធ្វើឲ្យមានភាពល្អប្រសើរឡើងនោះ។
«ការរកឃើញនៅក្នុងរបាយការណ៍នេះ ហាក់ដូចជា ការដាក់បន្ទុកតែមួយផ្នែកទៅលើសមត្ថកិច្ច ទៅលើរដ្ឋាភិបាល។ ក៏ប៉ុន្តែមិនបានវិភាគគ្រប់ជ្រុងជ្រោយពីមូលហេតុ នៃព្រឹត្តការណ៍នីមួយៗហ្នឹងទេ»។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សដដែល បានកត់សម្គាល់ករណីហិង្សាធំៗមួយចំនួន ដែលបានកើតឡើងក្នុងពេលមានការផ្ទុះការតវ៉ាទាមទាររកដំណោះស្រាយដីធ្លី។ ជាក់ស្តែងដូចជាក្នុងករណីជម្លោះដីធ្លីនៅបុរីកីឡាក្រុងភ្នំពេញ ខេត្តក្រចេះ ពាក់ព័ន្ធនឹងការតវ៉ានៅស្រុកស្នួល ប្រឆាំងនឹងការរំលោភព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ និងខេត្តព្រះសីហនុ ដែលកងកម្លាំងសន្តិសុខ បានបាញ់កាំភ្លើងគ្រាប់ពិតរាប់សិបគ្រាប់ទៅលើអាកាស និងទៅលើក្រុមមនុស្សដែលកំពុងតវ៉ាទាក់ទងនឹងទំនាស់ដីធ្លី។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) យល់ថា អ្វីដែលខាងមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះបានរកឃើញនោះ គឺជាអ្វីដែលស្ថិតនៅក្រោមការតាមដានរបស់សហភាពអឺរ៉ុបដែលបានផ្តើមនីតិវិធី ដកហូតឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA ចំពោះការធាក់ថយក្រោយនៃការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
«បញ្ហាទាំងអស់នេះហើយ ដែលយើងឃើញថា វាមានការទាមទារ និងធ្វើការសំណូមពរក្នុងលក្ខខណ្ឌរបស់សហគមន៍អឺរ៉ុប ទាក់ទងនឹង EBA ក៏វាមានចំណុចនេះ នៅក្នុងលក្ខខណ្ឌហ្នឹងផងដែរ»។
លោក ជិន ម៉ាលីន ពន្យល់ថា ក្រុមសមត្ថកិច្ចត្រូវទទួលខុសត្រូវក្នុងការប្រើប្រាស់កម្លាំងលើសលុប បំពារបំពានទៅលើប្រជាពលរដ្ឋ ហើយការសម្រេចទាំងអស់ហ្នឹង គឺត្រូវតែធ្វើឡើងតាមយន្តការប្រព័ន្ធតុលាការដើម្បីរកឲ្យឃើញថា នរណាខុស នរណាត្រូវ។
យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្នើឲ្យរដ្ឋាភិបាលកម្ពុជា «គួរមានការចូលរួមពិគ្រោះយោបល់ប្រកបដោយអត្ថន័យជាមួយសហគមន៍ដែលរងផលប៉ះពាល់ និងឆ្លើយតបឲ្យបានទាន់ពេលមុនការតវ៉ា» និង«ធានាថា ការប្រើប្រាស់កងកម្លាំងបង្ក្រាបការជួបប្រជុំត្រូវបញ្ចៀសជានិច្ច និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃភាពស្របច្បាប់ និង «ស៊ើបអង្កេតភ្លាមៗ និងមិនលម្អៀង គ្រប់ករណីទាំងអស់នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការបាត់ខ្លួនដោយបង្ខំ និងការប្រើប្រាស់កម្លាំងលើសលប់ដែលបង្កដោយកម្លាំងសន្តិសុខក្នុងអំឡុងការជួបប្រជុំនានា»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា រដ្ឋាភិបាលនឹងពិចារណាទៅលើរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ ដើម្បីធ្វើជាទុនដល់ការកែទម្រង់ការអនុវត្តច្បាប់ និងពង្រឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបន្ថែមទៀត៕