ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ប្តេជ្ញា​តបត​វិញ​បើ​លោក Trump បង្ក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម


បណ្ដា​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប​ដែល​បាន​ជួប​ប្រជុំគ្នា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពីថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៥។
បណ្ដា​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប​ដែល​បាន​ជួប​ប្រជុំគ្នា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពីថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៥។

បណ្ដា​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប​ដែល​បាន​ជួប​ប្រជុំគ្នា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា​បើ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក នោះ​នឹង​គ្មាន​អ្នក​ឈ្នះ​ទេ និង​បាន​ទទូច​ថា​ពួកគេ​នឹង​តបត​វិញ បើ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដាក់​ពន្ធគយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​ថា សហភាព​អឺរ៉ុប​ត្រូវតែ​បង្ហាញ​សាច់ដុំ​របស់​ខ្លួន បើ​លោក Trump ពិតជា​ធ្វើ​តាម​ការ​គំរាម​ក្នុង​ការ​ដៅ​ពន្ធគយ​លើ​សហភាព​អឺរ៉ុប​មែន។

លោក Macron បាន​និយាយ​ថា៖ «បើ​យើង​រង​ការ​វាយ​ប្រហារ​ខាង​ពាណិជ្ជកម្ម សហភាព​អឺរ៉ុប​ក្នុង​នាម​ជា​មហា​អំណាច​ពិត​ប្រាកដ​មួយ​ដែរ​នឹង​ត្រូវតែ​ក្រោកឈរ​ការពារ​ខ្លួន»។

ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប​កំពុង​ប្រមូលផ្តុំ​គ្នា​ក្នុង​រាជធានី​របស់​បែលហ្ស៊ិក ដោយ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​និង​មេដឹកនាំ​អង្គការ​អូតង់​ពិភាក្សា​គ្នា​អំពី​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​ការ​ការពារ​ខ្លួន​របស់​អឺរ៉ុប​ដែល​ប្រឈម​នឹង​រុស្ស៊ី ស្របពេល​លោក Trump ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ចំណាយ​ឲ្យ​បាន​ច្រើន​ជាង​មុន។

តែ​ការ​ពិភាក្សា​នោះ​ត្រូវ​បាន​លុបលើ​ដោយ​ការ​សម្រេចចិត្ត​របស់​លោក Trump ក្នុង​ការ​ដាក់​ពន្ធគយ​លើ​ប្រទេស​កាណាដា ម៉ិកស៊ិក និង​ចិន ដោយ​លោក Trump គំរាម​ថា​សហភាព​អឺរ៉ុប​គឺ​ជា​គោលដៅ​បន្ទាប់។

នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Donald Tusk ដែល​ប្រទេស​របស់​លោក​ធ្វើជា​ប្រធាន​ផ្លាស់វេន​របស់​សហភាព​អឺរ៉ុប បាន​និយាយ​ថា​អឺរ៉ុប​ត្រូវតែ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម «ដ៏​ឡប់ឆ្កួត​និង​មិន​ចាំបាច់​ទាល់តែ​សោះ»។

ក្រោយពី​បាន​ដាក់​ពន្ធ​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន​ក្នុង​ទ្វីប​អាមេរិក​ខាងជើង​និង​ប្រទេស​ចិន​ហើយ លោក Trump បាន​បង្កើន​វោហារសាស្ត្រ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​និយាយ​ថា​លោក «ប្រាកដ» ជា​គ្រោង​ដៅ​លើ​សហភាព​អឺរ៉ុប​ក្នុង​ពេល​អនាគត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG