ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Trump ផ្តល់​កម្មវិធី​លាលែង​ពី​ការងារ​ ខណៈ​លោក​ប្រឹងប្រែង​កាត់​បន្ថយ​ចំនួន​បុគ្គលិក​រដ្ឋការ​សហព័ន្ធ


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​នៅសេតវិមាន​កាលពី​ថ្ងៃទី​២៩ មករា ឆ្នាំ២០២៥។
លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​នៅសេតវិមាន​កាលពី​ថ្ងៃទី​២៩ មករា ឆ្នាំ២០២៥។

រដ្ឋបាល​លោក​ប្រធានាធិបតី​ Donald Trump កាលពី​ថ្ងៃ​អង្គារ​ បាន​ផ្តល់​កញ្ចប់ហិរញ្ញវត្ថុ ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រដ្ឋការ​រដ្ឋាភិបាល​សហព័ន្ធ ឱ្យ​ឈប់​ពី​ការងារ​របស់​ពួក​គេ​ត្រឹម​ខែ​កញ្ញា។​

កម្មវិធី​ឈប់​ពី​ការងារ​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ដើម្បី​កាត់​បន្ថយ​ចំនួន​មន្ត្រី​រដ្ឋការ​សហព័ន្ធ។

អ៊ីមែល​មួយ​ដែល​ផ្ញើ​ទៅ​កាន់​មន្ត្រី​រដ្ឋការ​ជា​ច្រើន​នាក់​ក្នុង​ចំនួន​បុគ្គលិក​រដ្ឋការ​សហព័ន្ធប្រមាណ​២​លាន​នាក់​មាន​ខ្លឹមសារ​ថា​ ពួក​គេ​អាច​នៅ​ទទួល​បាន​ប្រាក់ខែ​រដ្ឋ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​សារពើពន្ធ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ អ៊ីមែល​នេះ​បន្ថែម​ថា ក្នុង​អំឡុង​ពេល​អន្តរកាល​នេះ ការងារ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ឬ​លុប​ចោល។

បុគ្គលិក​ដែល​សម្រេច​លាលែង​ទាំង​នោះ​ក៏នឹង​មិន​ជាប់បទបញ្ជា​របស់​លោក Trump ឱ្យ​ត្រឡប់​មក​ធ្វើ​ការ​នៅ​ការិយាល័យ​វិញ​ពេញ​ម៉ោង។​

ដើម្បី​ទទួល​យក​កញ្ចប់​លើក​ទឹក​ចិត្ត​ឱ្យ​ឈប់​ពី​ការងារ​នេះ ​បុគ្គលិក​រដ្ឋ​ត្រូវ​ឆ្លើយ​តបទៅ​នឹង​អ៊ីមែល​នេះត្រឹម​ថ្ងៃ​ទី៦ ខែកុម្ភៈ ដោយ​សរសេរ​ថា «លាលែង‍»។

គេ​មិន​ទាន់​ច្បាស់​ថា​តើ​កម្មវិធី​លើក​ទឹក​ចិត្ត​ឱ្យ​លាលែង​ពី​ការងារ​នេះ​នឹង​ប៉ះពាល់​ដល់​សេវា​សាធារណៈ​នានា​របស់​រដ្ឋ។

លិខិតនេះ​បាន​និយាយ​ទៀត​ថា៖ ខណៈ​ស្ថាប័ន​រដ្ឋ​ខ្លះ​ និង​សូម្បី​តែ​អង្គភាព​ខ្លះ​នៃ​ក្រសួង​ការពារ​ជាតិ​ទំនង​ជា​នឹង​មាន​ការ​បង្កើន​បុគ្គលិក ភាគ​ច្រើន​នៃ​ស្ថាប័ន​រដ្ឋ​សហព័ន្ធ ទំនង​ជា​នឹង​ត្រូវ​កាត់​បន្ថយ​បុគ្គលិក តាម​រយៈ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ ការ​កែតម្រង់​ការងារ និង​ការ​កាត់​បន្ថយ​បុគ្គលិក‍»។​

អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​ទាក់ទង​អន្តោប្រវេសន៍ សន្តិសុខជាតិ និង​ប្រៃសណីយ៍​ជាតិ មិន​ស្ថិត​នៅ​ក្នុង​ចំណោម​បុគ្គលិក​រដ្ឋ​ដែល​ទទួល​ការ​លើកទឹក​ចិត្ត​ឱ្យ​ឈប់​ពី​ការងារ​នេះ​ទេ។​

អនុស្សរណៈ​នេះ​ក៏​បន្ថែម​ថា «បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​គួរ​មាន​សមាសភាព​ពី​បុគ្គលិក​ដែល​អាច​ជឿជាក់បាន មាន​ភក្តីភាព អាច​ទុកចិត្ត​បាន និង​ព្យាយាម​សម្រេច​ឱ្យ​បាន​ភាព​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ‍»។

ក្រុម​សហជីព​ដែល​តំណាងបុគ្គលិក​សហព័ន្ធ​បាន​រិះគន់​វិធានការ​របស់​រដ្ឋបាល​លោក​ Trump។

សហជីព​នៃ​បុគ្គលិក​ក្រសួង​សេដ្ឋកិច្ច​ ដែល​តំណាង​ឱ្យ​បុគ្គលិក​រដ្ឋការ​សហព័ន្ធ​ចំនួន​ប្រមាណ​១៥០.០០០​នាក់ បាន​ប្រាប់​សមាជិក​របស់​ខ្លួន​ថា អនុស្សរណៈ​នេះ «មាន​បំណង​ល្បួង​ចិត្ត​ឬ​បន្លាច​អ្នក​ឱ្យ​លាលែង​ពី​ការងារ‍» និង​ថា «ឆ្លើយ​តប​នឹង​សំណើ​នេះ យើង​ទទូច​យ៉ាង​ខ្លាំង​ឱ្យ​អ្នក​មិន​ឈប់​ពី​ការងារ‍»។

លោក Everett Kelley ប្រធាន​នៃ​សហព័ន្ធ​អាមេរិក​សម្រាប់​បុគ្គលិក​រដ្ឋាភិបាល ដែល​ជា​សហជីព​ដែល​តំណាង​ឱ្យ​បុគ្គលិក​វីអូអ​មួយ​ចំនួន​ផង​ដែរ​នោះ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា សំណើ​នេះ «មិន​គួរ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​រឿង​ស្ម័គ្រ​ចិត្ត​នោះ​ទេ‍» ហើយ​ថា​ចំណាត់ការរបស់​រដ្ឋបាល​ថ្មី​នេះ គឺ​ចង់​«បំពុល​បរិយាកាស​ការងារ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ដោយ​ធ្វើ​ឱ្យ​បុគ្គលិក​មិន​អាច​នៅ​ធ្វើ​ការ​បន្ត​បាន​ ថ្វី​បើ​ពួក​គេ​ចង់​ធ្វើ​ការ​បន្ត​ក៏​ដោយ‍»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG