ទីផ្សារភាគហ៊ុននៅអាស៊ីនិងអឺរ៉ុបបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ចំពេលដែលវិនិយោគិនបារម្ភអំពីពន្ធគយថ្មីដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថានឹងដាក់លើទំនិញនាំចូលពីប្រទេសចិន ម៉ិកស៊ិក និងកាណាដា។
សន្ទស្សន៍ភាគហ៊ុន FTSE របស់ចក្រភពអង់គ្លេសបានធ្លាក់ចុះប្រហែល ១,២៥% នៅពេលជួញដូរពាក់កណ្ដាលថ្ងៃ។ ចំណែកឯសន្ទស្សន៍ភាគហ៊ុន DAX របស់អាល្លឺម៉ង់និងសន្ទស្សន៍ភាគហ៊ុន CAC40 របស់បារាំងវិញបានធ្លាក់ចុះប្រហែល ១,៧%។
សន្ទស្សន៍ភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះចំនួន ២,៦៦% នៅពេលបិទបញ្ចប់កាលពីថ្ងៃចន្ទ។ រីឯសន្ទស្សន៍ភាគហ៊ុន KOSPI របស់កូរ៉េខាងត្បូងវិញបានធ្លាក់ចុះចំនួន ២,៥% នៅពេលបិទបញ្ចប់នៅថ្ងៃដដែលនោះ។
សន្ទស្សន៍ភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ចុះជាង ២% នៅពេលបើកការជួញដូរដំបូងៗកាលពីថ្ងៃចន្ទមុនពេលកើនឡើងវិញដោយធ្លាក់ចុះតែ ០,០៧% ប៉ុណ្ណោះនៅពេលបិទបញ្ចប់។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Trump បានប្រកាសយកពន្ធគយចំនួន ២៥% លើទំនិញនាំចូលពីកាណាដានិងម៉ិកស៊ិក និង ១០% លើទំនិញនាំចូលពីចិន។
កាណាដានិងម៉ិកស៊ិកបានប្រកាសយកពន្ធគយលើទំនិញរបស់សហរដ្ឋអាមេរិកដើម្បីជាការឆ្លើយតបទៅនឹងវិធានការរបស់លោក Trump នេះ។ ចិនក៏បានប្ដេជ្ញាផងដែរថានឹងចាត់វិធានការដើម្បីតបតចំពោះវិធានការរបស់លោក Trump នេះ។
ចិន ម៉ិកស៊ិក និងកាណាដាគឺជាដៃគូពាណិជ្ជកម្មកំពូលចំនួន ៣ របស់សហរដ្ឋអាមេរិក៕
វេទិកាបញ្ចេញមតិ