សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបាននិយាយថា ខ្លួនបានអនុម័តការដាក់ទណ្ឌ កម្មលើធ្យូងថ្មរបស់រុស្ស៊ី ហើយនឹងបិទកំពង់ផែរបស់សហភាពអឺរ៉ុបដល់កប៉ាល់របស់រុស្ស៊ីដោយសារសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីបារាំងនៃក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា ចំណាត់ការនេះ ជាការដាក់ទណ្ឌកម្មដ៏ខ្លាំងជុំទី៥ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ។
កញ្ចប់ដាក់ទណ្ឌកម្មនេះ ក៏រួមមានការហាមឃាត់លើការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ីដែលមានតម្លៃជាប្រាក់ចំនួនប្រមាណ១០,៩ពាន់លានដុល្លារ ដែលរួមមានទំនិញផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ហើយនឹងការបង្កកទ្រព្យសម្បត្តិរបស់ធនាគាររុស្ស៊ីមួយចំនួន។
បន្ថែមពីការដាក់ទណ្ឌកម្ម សហភាពអឺរ៉ុប ក៏បានគាំទ្រសំណើមួយដើម្បីបង្កើនថវិកាផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនដោយមានទឹកប្រាក់ចំនួន៥០០លានអឺរ៉ូ ដោយបានធ្វើឱ្យចំនួនទឹកប្រាក់សរុបទាំងអស់កើនដល់ចំនួន១,៥ពាន់លានអឺរ៉ូ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានបង្ហោះសារលើបណ្តាញ Twitter ថា កញ្ចប់ដាក់ទណ្ឌកម្មនោះ នឹងត្រូវអនុម័តយល់ព្រមដោយឆាប់រហ័ស។
វិធានការហិរញ្ញវត្ថុថ្មីនេះ ត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុប បន្ទាប់ពីសាកសពរបស់ជនស៊ីវិលជាច្រើនរយនាក់ ត្រូវបានគេរកឃើញកាលពីសប្តាហ៍មុននៅក្នុងទីក្រុង Bucha នៅជិតរដ្ឋធានីកៀវមក។
នេះជាលើកទីមួយហើយដែលសហភាពអឺរ៉ុប បានកំណត់ទិសដៅដាក់ទណ្ឌកម្មលើផ្នែកថាមពលដែលពួកគេបានពឹងផ្អែកយ៉ាងខ្លាំងនោះ។
ប្រទេសនានានៅក្នុងសហភាពអឺរ៉ុប បាននាំចូលធ្យូងថ្មចំនួន៤៥ភាគរយមកពីប្រទេសរុស្ស៊ី ដែលមានតម្លៃជាទឹកប្រាក់ប្រមាណចំនួន៤ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។
ការដាក់ទណ្ឌកម្មនេះ នឹងចូលជាធរមាននៅដើមខែសីហា ដែលមានរយៈពេល១២០ថ្ងៃបន្ទាប់ពីការចេញផ្សាយនូវកញ្ចប់ដាក់ទណ្ឌកម្មថ្មី នៅក្នុងព្រឹត្តិប័ត្រផ្លូវការរបស់សហភាពអឺរ៉ុបដែលត្រូវគេរំពឹងថានឹងចេញផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ។
បញ្ជីនៃផលិតផលរបស់រុស្ស៊ីដែលត្រូវបានហាមឃាត់មកពីសហភាពអឺរ៉ុបនោះ ក៏រួមមានវត្ថុធាតុដើមនិងរបស់របរមួយចំនួនដែលមានតម្លៃប្រហែល៥,៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗដើម្បីបញ្ឈប់ការផ្តល់ហិរញ្ញវត្ថុដល់ការធ្វើសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន៕
សហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មលើធ្យូងថ្មរបស់រុស្ស៊ី និងស្នើផ្តល់អាវុធកាន់តែច្រើនដល់អ៊ុយក្រែន
ក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក —