ប្រទេសអូទ្រីសបានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន៤នាក់ចេញពីប្រទេសរបស់ខ្លួនចំពោះអាកប្បកិរិយាមិនសមនឹងឋានៈការទូតរបស់ពួកគេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអូទ្រីសដែលបាននិយាយនៅថ្ងៃព្រហ្បតិ៍នេះ ហើយប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប ក៏បានចាត់វិធានការប្រហាក់ប្រែហែលគ្នានេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
មិនដូចប្រទេសផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុបដែលរួមមានប្រទេសបារាំង អ៊ីតាលីនិងអាល្លឺម៉ង់នោះ ស្ត្រីអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសអូទ្រីសលោកAlexander Schallenberg មិនបាននិយាយថា ចំណាត់ការនេះ ពីព្រោះតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះ។ លោកស្រីនិយាយថា អ្នកការទូតរុស្ស៊ី៣នាក់ដែលកំពុងធ្វើការនៅស្ថានទូតរុស៊្សីក្នុងរដ្ឋធានីវីយែននិងម្នាក់ទៀតកំពុងធ្វើការនៅក្នុងទីក្រុង Salzburg ប្រទេសអូទ្រីសនោះត្រូវតែចាកចេញពីប្រទេសអូទ្រីសនៅត្រឹមថ្ងៃអង្គារសប្តាហ៍ក្រោយ។
ស្រ្តីអ្នកនាំពាក្យក្រសួងការបរទេសអូទ្រីសរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដោយមិនបរិយាយលម្អិតថា៖ «អ្នកការទូតរុស្ស៊ីទាំង៤នាក់នេះ បានធ្វើសកម្មភាពមិនស្របទៅតាមឋានៈរបស់ខ្លួនជាអ្នកការទូត»។ ពាក្យសម្តីបែបនេះដែលជាទូទៅត្រូវបានគេប្រើដោយយោងទៅលើសកម្មភាពធ្វើចារកម្មរបស់ក្រុមអ្នកការទូតបរទេស។
ប្រទេសស៊ុយអ៊ែត ដាណឺម៉ាក ក្រិកនិងប្រទេសរូម៉ានីស្ថិតក្នុងចំណោមប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលបានប្រកាសនៅសប្តាហ៍នេះថា ពួកគេនឹងបណ្តេញក្រុមអ្នកការទូតរុស្ស៊ីមួយចំនួនចេញពីប្រទេសរបស់គេជុំវិញបញ្ហាសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។
ចំណាត់ការដែលមានការសម្របសម្រួលគ្នា បានកើតមានឡើងបន្ទាប់ពីមានរូបភាពដែលទំនងជាសាកសពជនស៊ីវិលអ៊ុយក្រែនជាច្រើនរយនាក់ ត្រូវបានគេឃើញនៅលើដងផ្លូវនានានៅក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែនក្រោយពេលដែលកងទ័ពរុស្ស៊ីដកចេញពីទីនោះ ដែលបណ្តាលឲ្យមានការខឹងសម្បាជាខ្លាំងពីអន្តរជាតិទៅលើរុស្ស៊ី។
ខណៈដែលប្រទេសនៅក្នុងសហភាពអឺរ៉ុបមួយចំនួន បានបណ្តេញក្រុមអ្នកការទូតរុស្ស៊ីចេញពីប្រទេសរបស់គេដោយសារតែបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះ ប្រទេសអូទ្រីស គ្រាន់តែប្រកាសថា អ្នកការទូតរុស្ស៊ីទាំងនេះ ជាបុគ្គលដែល«លែងត្រូវបានស្វាគមន៍ទៀតហើយ»នៅក្នុងប្រទេសរបស់ខ្លួននោះ៕