អ្នកគាំទ្រលោកប្រធានាធិបតី Erdogan នៅទូទាំងប្រទេស បានអបអរសាទរនឹងការឈ្នះឆ្នោតរបស់លោក Erdogan។ បើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេស តួកគី លោក Erdogan បានឈ្នះសំឡេងឆ្នោតប្រមាណជា៥៣ភាគរយ។ លោកប្រធានាធិបតីវ័យ៦៤ឆ្នាំរូបនេះ បានថ្លែងសុន្ទរកថាជ័យជម្នះនៅឯទីស្នាក់ការកណ្តាលរបស់គណបក្សរបស់លោកនៅក្នុងទីក្រុង Ankara។
លោក Erdogan បាននិយាយថា លោកបានទទួលសារ ដែលបានដាក់នៅក្នុងហឹបឆ្នោត ដោយបន្ថែមថាលោកនឹងខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអ្នកគាំទ្រដែលលោកទទួលបានក្នុងការបោះឆ្នោតនេះ។
គណបក្សប្រឆាំងដំបូងឡើយ មិនបានទទួលស្គាល់លទ្ធផលនេះទេ ដោយលើកឡើងថាលទ្ធផលនេះ បានប្រកាសនៅខណៈពេលដែលសន្លឹកឆ្នោតជាច្រើនមិនទាន់បានរាប់នៅឡើយ។ រូបភាពជាច្រើននៃគំនរសន្លឹកឆ្នោតដែលមិនបានរាប់នៅឡើយនោះ ត្រូវបានចែកចាយនៅតាមបណ្តាញព័ត៌មានសង្គម។
បេក្ខជនប្រកួតប្រជែងប្រធានាធិបតីដ៍សំខាន់បំផុត លោក Muharrem Ince បានទទួលស្គាល់ជ័យជម្នះរបស់លោក Erdogan បើតាមសារដែលលោកបានផ្ញើទៅអ្នករាយការណ៍ព័ត៌មានតួកគីម្នាក់ ប៉ុន្តែលោកបានលើកឡើងថាការបោះឆ្នោតនេះ គឺមិនមានភាពយុត្តិធម៌ទេ។ លោក Ince បានទទួលសំឡេងប្រមាណជា៣១ភាគរយនៃសំឡេងឆ្នោត នៅក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញនេះ។
លោក Erdogan ចូលកាន់តំណែងសារជាថ្មីដោយអនុលោមទៅតាមការបោះឆ្នោតប្រជាមតិដែលបានអនុម័តកាលពីឆ្នាំមុន ដែលផ្ទុយទៅនឹងការចោទប្រកាន់ថាលួចបន្លំសន្លឹកឆ្នោត។ ប្រធានាធិបតីដែលទើបតែជាប់ឆ្នោតថ្មីថ្មោងនេះ បានសន្យាក្នុងការជំរុញឲ្យកាន់តែលឿននូវរបៀបវរៈនយោបាយរបស់លោក។
លោក Erdogan បានប្រាប់អ្នកគាំទ្ររបស់លោកថា ប្រទេសតួកគីនឹងមិនធ្វើឲ្យខាតពេលតទៅទៀតឡើយ។ លោកបានថ្លែងថា ទង់ជាតិរបស់ប្រទេសតួកគី នឹងបក់ដោយសេរីជាងមុន ហើយលោកនឹងធ្វើឲ្យមានភាពប្រសើរឡើងដល់សន្តិភាពសម្រាប់ប្រជា ពលរដ្ឋគ្រប់រូប ដោយជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតជាតិនេះ។
លោក Erdogan បានថ្លែងថា ការប្រយុទ្ធប្រឆាំងទៅនឹងភេរវកម្មដែលជាសត្រូវរបស់ប្រទេសតួកគី នឹងនៅតែបន្ត។ ចាប់តាំងពីការបរាជ័យនៃរដ្ឋប្រហារក្នុងឆ្នាំ២០១៦ មនុស្សរាប់ពាន់នាក់ត្រូវបានដាក់ពន្ធនាគារ ដោយរួមបញ្ចូលទាំងអ្នកកាសែតជាង១០០នាក់ផងដែរ។
លោក Erdogan ក៍បានសន្យាបន្តកិច្ចប្រតិបត្តិការយោធា ដែលលោកបានប្រើពាក្យថាដើម្បី «រំដោះប្រទេសស៊ីរី»។ កងកម្លាំងយោធារបស់ប្រទេសតួកគី កំពុងតែប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងរបស់Kurdនៅក្នុងដែលរដ្ឋាភិបាលទីក្រុង Ankara បានចោទថាមានទំនាក់ទំនងជាមួយនឹងចលនាបះបោរក្នុងប្រទេសតួកគី។
ការក្តាប់អំណាចរបស់ប្រធានាធិបតីតួកគី គឺកាន់តែរឹងមាំថែមទៀតនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលធ្វើឡើងនៅពេលទន្ទឹមគ្នានោះ។ គណបក្សយុត្តិធម៌ និងការអភិវឌ្ឍន៍ (AKP) របស់លោក Erdogan នឹងបន្តគ្រប់គ្រងរដ្ឋសភា បើទោះជាគណបក្សនេះត្រូវការការគាំទ្រពីគណបក្សជាតិនិយម (MHP) ដែលគណបក្សរបស់លោក Erdogan បានបង្កើតជាបក្សសម្ព័ន្ធក្នុងអំឡុងពេលបោះឆ្នោត។
គណបក្សប្រជាធិបតេយ្យសម្រាប់ប្រជាជន ដែលមាននិន្នាការគាំទ្រជនជាតិ Kurd (HDP) ដែលត្រូវបានលោក Erdogan ចោទប្រកាន់ថាជាភេរវករនោះ ក៏មានសំឡេងក្នុងសភាដែរ ដោយបានក្លាយជាគណបក្សប្រឆាំងធំជាងគេទីពីរនៅក្នុងសភារបស់ប្រទេសតួកគី។
ជ័យជម្នះដ៏ធំធេងរបស់លោក Erdogan គឺខុសពីការស្រង់មតិជាសាធារណៈ ជាច្រើន ដែលថានឹងមានភាពប្រកិតគ្នានោះ។
លោក Erdogan គឺត្រូវបានមើលឃើញថាកាន់តែមានឥទ្ធិពលខ្លាំងជាងពេលណាទាំងអស់ ជាមួយនឹងអំណាច និងអាណត្តិប្រធានាធិបតីរបស់លោក៕
ប្រែសម្រួលដោយ យូ សុធារី