ក្រោយមានកិច្ចប្រជុំពិគ្រោះយោបល់មួយដែលធ្វើឡើងនៅថ្ងៃសុក្រនេះរវាងភាគីពាក់ព័ន្ធ ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហានៅមីយ៉ាន់ម៉ា ដែលជារដ្ឋមន្រ្តីការបរទេសកម្ពុជា បានឱ្យដឹងថា ក្រុមការងារមីយ៉ាន់ម៉ាបានព្រមព្រៀងបន្ថែមទៀត ដើម្បីពន្លឿនការនាំជំនួយមនុស្សធម៌ចូលក្នុងតំបន់មួយចំនួនឱ្យបានឆាប់រហ័ស។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះគឺ ដើម្បីពង្រឹងបន្ថែមការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ការស្វែងរកដំណោះស្រាយចំពោះបញ្ហាពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងវិធីសាស្រ្តជំរុញការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមីយាន់ម៉ា។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃសុក្រ លោក ប្រាក់ សុខុន បានថ្លែងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនឹងធ្វើការជាមួយក្រុមការងារមីយ៉ាន់ម៉ា ដើម្បីពន្លឿនការផ្តល់ជំនួយនៅពេលខាងមុខនេះ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពេលវេលាជាក់លាក់នៃការផ្តល់ជំនួយលើកដំបូងនៅឡើយទេ។ លោកបានបន្ថែមថា មជ្ឈមណ្ឌល AHAនឹងកំណត់ទីតាំង ដើម្បីរៀបចំដឹកជញ្ជូនជំនួយ ដែលក្នុងនោះមានរដ្ឋចំនួន៥ រួមមានរដ្ឋកាយ៉ា កាវិន ណាត់វ៉េ សាហ្គៃ និងបាហ្គោ។
លោក ប្រាក់ សុខុន បានថ្លែងបន្តថា ក្រុមការងារមីយ៉ាន់ម៉ាបានឯកភាពលើតំបន់ពីរបីដែលត្រូវផ្តល់ជំនួយ ក្នុងនោះគឺ តំបន់ដែលមានជនភៀសខ្លួនក្នុងស្រុក និងសហគមន៍រងគ្រោះ។ លោកបានបន្ថែមថា ការបញ្ជូនជំនួយនេះ ធានាថា មិនទុកនរណាម្នាក់ចោលឡើយ។
លោក ប្រាក់ សុខុន បញ្ជាក់ថា៖ «បញ្ហាមនុស្សធម៌គួរតែជាបុព្វហេតុរួម ដែលផ្សារភ្ជាប់យើងទាំងអស់គ្នា ដូច្នេះយើងគួរទុកគំនិតផ្ទុយគ្នាមួយឡែកសិន ហើយធ្វើការស្រាក់ដៃគ្នា ដើម្បីជាផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា»។
បើតាមរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំស្តីពីជំនួយមនុស្សធម៌នេះនឹងជាការជំរុញបន្ថែមទៀតនៃចំណុចទី៤នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទដែលបានសម្រេចកាលពីខែមេសា ឆ្នាំមុន។
កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។
ក្រុមការងារមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ ក៏បានឯកភាពសម្រាប់ការផ្តល់ជំនួយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាផងដែរ ដែលនឹងមានការសម្របសម្រួលពីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា។ នេះបើតាមប្រេសិតរបស់ប្រធានអាស៊ាន។ លោកបានបន្ថែមថា មីយ៉ាន់ម៉ាប្តេជ្ញានឹងធ្វើកិច្ចការនេះឱ្យបានឆាប់។
លោក ប្រាក់ សុខុន ថ្លែងថា៖ «ក្រុមការងារមីយ៉ាន់ម៉ានឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពន្លឿននីតិវិធីអនុម័តសម្រាប់ការផ្តល់មនុស្សធម៌ដល់មីយ៉ាន់ម៉ា និងទទូចឱ្យមជ្ឈមណ្ឌល AHA និងដៃគូពាក់ព័ន្ធនានាផ្តល់ឯកសារចាំបាច់ទុកជាមុន និងអនុវត្តតាមដំណើរការចាំបាច់នានាឱ្យបានទាន់ពេលវេលា»។
បើតាមលោក ប្រាក់ សុខុន លោកនឹងធ្វើដំណើរជាលើកទីពីរទៅប្រទេសមីយ៉ាន់ម៉ា ក្រោយលោកមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក អមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិក ដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភានេះ។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ានៅរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ ក៏មានការចូលរួមពីលោក លឹម ចុកហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ដែលជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ានផងដែរ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយតំណាងជាន់ខ្ពស់ពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដៃគូខាងក្រៅអាស៊ាន ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធនៅមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញកាលពីថ្ងៃទី៥ ខែឧសភា។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា គិន ភា ចាត់ទុកការសម្រេចក្នុងកិច្ចប្រជុំនាថ្ងៃសុក្រនេះ ជាការជឿនលឿនទៅមុខផ្នែកការផ្តល់ជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា ដែលជាចំណុចវិវឌ្ឍទៅមុខមួយ ជុំវិញការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច។
លោកថ្លែងថា៖ «កន្លងមក យើងឃើញថាជំនួយមនុស្សធម៌ក្នុងក្របខណ្ឌក្នុងយន្តការអាស៊ាននេះ គឺអត់ទាន់ត្រូវបានអនុវត្តនៅឡើយទេ។ អ៊ីចឹងទេ បើសិនជាលទ្ធផលនៃកិច្ចពិភាក្សានេះអាចចេញជាផ្លែផ្កា។ ខ្ញុំគិតថា វាជាវឌ្ឍនភាពនៃការអនុវត្តនៃកិច្ចព្រមព្រៀងកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ាននេះ»។
យ៉ាងណាក្តី លោកចាត់ទុកការវិវឌ្ឍនេះជា«ជំហានបឋម»ប៉ុណ្ណោះ ឆ្ពោះការកាន់ការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ពីព្រោះវាជា«បញ្ហាស្មុគស្មាញ» ដែលត្រូវការ«សុឆន្ទៈ និងភាពស្មោះត្រង់»ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចចេញជាដំណោះស្រាយជាដុំកំភួនណាមួយ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូ ដោយបានស្នើឱ្យរបបយោធាធ្វើការសម្របសម្រួលបន្ថែមទៀត ដើម្បីផ្តល់ជំនួយមនុស្សធម៌មានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងតំបន់ដែលមានជម្លោះ។ បើតាមលោក ហ៊ុន សែន លោក មីន អ៊ុងឡាំង បានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលអាចអនុវត្តនៅដំណាក់កាលដំបូងក្នុងតំបន់សាកល្បងចំនួន២ ក៏ដូចជាតំបន់ និងរដ្ឋចំនួន៥ដទៃទៀតដែលត្រូវបានកំណត់ជាតំបន់អាទិភាពសម្រាប់ប្រតិបត្តិការមនុស្សធម៌៕