ភ្នំពេញ — ជាពលរដ្ឋមានសិទ្ធិបោះឆ្នោតតាំងពីអាយុ ១៨ ឆ្នាំ អ្នកស្រី សន ធីណា ទើបបានយល់ច្បាស់អំពីសារៈសំខាន់និងតម្លៃនៃការអនុវត្តសិទ្ធិដ៏ចាំបាច់មួយនេះ បន្ទាប់ពីអ្នកស្រីបានធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង អស់រយៈពេលជាងបួនឆ្នាំ។
អ្នកស្រីថ្លែងថា៖ «បន្ទាប់ពីខ្ញុំបានទៅប្រទេសកូរ៉េទៅ ខ្ញុំបានយល់ដឹងពីអត្ថប្រយោជន៍ខ្លាំងមែនទែន សម្រាប់ការបោះឆ្នោត។ ខ្ញុំទៅមើលវិស័យការអប់រំនៅប្រទេសគេ ហើយការអភិវឌ្ឍប្រទេសគេ គឺខុសពីប្រទេសយើង។ ហេតុអីបានខ្ញុំនិយាយចឹង? កាលពីមុន ខ្ញុំគិតថា ការបោះឆ្នោតលេងសើច ក៏ប៉ុន្តែប្រទេសគេការបោះឆ្នោតមានសារៈសំខាន់ខ្លាំងណាស់។ ពេលខ្ញុំមើលប្រទេសគេ ហើយក្រឡេកមើលប្រទេសខ្ញុំវិញ គឺមានការខុសគ្នាត្រង់ថា គ្រប់វិស័យទាំងអស់គឺគេមានការលើកកម្ពស់ ក៏ប៉ុន្តែនៅស្រុកខ្មែរយើងនៅស្ទើរនៅឡើយ ហើយរោងចក្រត្រូវបានបិទជាច្រើន»។
អ្នកស្រី សន ធីណា ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋវ័យក្មេងជាង ៦០ម៉ឺននាក់ដែលបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីចូលរួមការបោះឆ្នោតជាតិឆ្នាំ ២០២៣ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ។
ក្រុមអ្នកបោះឆ្នោតវ័យក្មេងនិងលើកដំបូង ដូចជាអ្នកស្រី សន ធីណា ត្រូវបានចាត់ទុកថាជាម្ចាស់សំឡេងឆ្នោតដែលមានឥទ្ធិពលមួយលើទស្សនវិស័យរបស់អ្នកនយោបាយដឹកនាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលប្រជាជនប្រមាណជា ៦០% នៃប្រជាជនសរុប មានអាយុក្រោម ៣០ ឆ្នាំ។ ហើយសំឡេងឆ្នោតនិងមតិយល់ឃើញរបស់ពួកគេ អាចនឹងកំណត់បរិបទនយោបាយថ្មីនិងអាទិភាពនៃគោលនយោបាយអភិវឌ្ឍន៍នៅកម្ពុជាបាន។
សម្រាប់អ្នកស្រី សន ធីណា អ្នកស្រីនឹងជ្រើសរើសគណបក្សដែលមានមេដឹកនាំប្រកបដោយគោលការណ៍បម្រើរាស្រ្ត និងអភិវឌ្ឍន៍ជាតិពិតប្រាកដ។
អ្នកស្រីថ្លែងថា៖ «គណបក្សដែលខ្ញុំគិតថាបោះឆ្នោតឱ្យ គឺគណបក្សដែលមានគោលការណ៍ច្បាស់លាស់ ភាពស្មោះត្រង់ ហើយគណបក្សដែលមានមនសិការជាតិ គាត់បម្រើរាស្រ្តច្រើនជាងបម្រើខ្លួនឯង។ ហើយខ្ញុំគិតថា គណបក្សមួយហ្នឹងអាចធ្វើឱ្យប្រទេសជាតិរបស់ខ្ញុំរីកចម្រើនបាន ហើយនឹងមានការអភិវឌ្ឍ ប្រជាធិបតេយ្យពិតប្រាកដ។ អាហ្នឹងខ្ញុំបោះឱ្យ។ ខ្ញុំចង់មានការផ្លាស់ប្តូរពីអ្នកដឹកនាំចាស់ទៅអ្នកដឹកនាំថ្មី បានខ្ញុំទៅចុះឈ្មោះបោះឆ្នោត»។
យុវតី ម៉ា សុភាវី អាយុ ២៤ ឆ្នាំ បុគ្គលិកអង្គការផ្នែកសម្របសម្រួលគម្រោងសុខភាពរស់នៅក្រុងភ្នំពេញ ដែលមានស្រុកកំណើតនៅខេត្តសៀមរាប បានខកខានបោះឆ្នោត ពេលនាងគ្រប់អាយុពេញសិទ្ធិបោះឆ្នោត ដោយសារជាប់សិក្សានៅប្រទេសថៃ ក្រោមកម្មវិធីអាហាររូបករណ៍ថ្នាក់បរិញ្ញាប័ត្រផ្នែកសុខភាពសាធារណៈ បន្ទាប់ពីនាងបានប្រលងជាប់និទ្ទេសន៍ A សម្រាប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ២០១៧។
សម្រាប់ការបោះឆ្នោតជាតិអាណត្តិនេះ យុវតី ម៉ា សុភាវី នឹងចូលរួមបោះឆ្នោតដើម្បីធ្វើឱ្យគណបក្សដែលនាងចង់បោះឆ្នោតឱ្យ ទទួលបានជោគជ័យ ដើម្បីកែប្រែនូវចំណុចខ្វះខាតឱ្យកាន់តែល្អឡើងថែមទៀត ដែលជាការប្រសើរជាងការផ្លាស់ប្តូរគណបក្ស។
កញ្ញាថ្លែងថា៖ «គណបក្សដែលពួកគាត់គិតពីប្រជាជន ដែលគាត់គិតថាឱ្យសិទ្ធសេរីភាពដល់ប្រជាជន ហើយការដែលនិយាយហើយ ការធ្វើរបស់គាត់ គឺទៅព្រមគ្នា។ គាត់បានធ្វើការអភិវឌ្ឍជួយដល់ប្រជាជន ក៏ប៉ុន្តែនៅមានចំណុចច្រើនទៀត ដែលខ្ញុំរំពឹងទុក ចង់ឱ្យគាត់ជួយថែមទៀត គឺទាក់ទងជាមួយនឹងផ្នែកសុខភាព ហើយនឹងផ្នែកបរិស្ថាន។ ផ្នែកហ្នឹងវាសំខាន់ខ្លាំង ខ្ញុំមើលនៅទិដ្ឋភាពជុំវិញឃើញថា មានការខ្វះខាតច្រើន»។
យុវតី សុភាវី ក៏បានប្រាប់វីអូអេបន្ថែមថា នាងចាត់ទុកសន្លឹកឆ្នោតមួយសន្លឹកជាលើកដំបូងរបស់នាងថាមានតម្លៃ ហើយនឹងប្រើវាឱ្យមានប្រសិទ្ធភាពដល់គណបក្សដែលនាងពេញចិត្ត។
កញ្ញាថ្លែងថា៖ «បើទោះវាតែមួយសំឡេង ក៏ប៉ុន្តែវាក៏ជាគំនិតដែលយើងអាចបញ្ចេញ។ បើប្រៀបធៀបជាមួយនឹងរៀន ខុសគ្នាតែ ១ ពិន្ទុ ពេលខ្លះ ១ ពិន្ទុជាប់ ១ ពិន្ទុធ្លាក់ ហើយដល់ពេលបោះឆ្នោតក៏ដូចគ្នាដែរ។ មួយសំឡេងយើងគិតថា តិចណាស់ យើងគិតថាមើលទៅអត់កែប្រែអីបាន។ តែវាក៏អាចជាសំឡេងមួយដែរបញ្ចេញទៅ ហើយពេលខ្លះអាចរុញគណបក្សដែរយើងចង់បោះឆ្នោតឱ្យ ឱ្យគាត់ទទួលបានសំឡេងនឹងទៀត ហើយក៏ជាកម្លាំងចិត្តធ្វើការដែរ»។
ក្រុមអ្នកបោះឆ្នោតវ័យក្មេងដែលវីអូអេបានសម្ភាសន៍ភាគច្រើនសម្លឹងមើលគោលនយោបាយរបស់បក្ស និងសកម្មភាពអនុវត្តជាក់ស្តែងរបស់អ្នកនយោបាយទាំងនោះ។ ចាប់ពីខែមិថុនាខាងមុខនេះតទៅ ពួកគេនឹងបានឃើញ និងស្តាប់ឮពីគោលនយោបាយជាច្រើនចំណុចរបស់គណបក្សនយោបាយនានា ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ។
យុវជន សែម ជាតារ៉ាវិបុល អាយុ ២២ ឆ្នាំ និស្សិតឆ្នាំទី ៤ ផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមកពីខេត្តតាកែវ បានឱ្យដឹងថា វិស័យអប់រំគឺជាបញ្ហាអាទិភាពមួយសម្រាប់រូបលោក ក្នុងការសម្លឹងមើលលើគណបក្សដែលលោកត្រូវគាំទ្រ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ អ្វីដែលខ្ញុំផ្តោតសំខាន់ដំបូង គឺការបម្រើទៅលើផ្នែកវិស័យអប់រំ ថាពួកគាត់នឹងមានគោលនយោបាយ និងមានផែនការយ៉ាងម៉េចខ្លះទៅលើវិស័យអប់រំ ដោយសារខ្ញុំមើលឃើញថា មានតែវិស័យអប់រំទេ ដែលអាចផ្តល់ឱកាសឱ្យប្រជាជនទាំងមូល មានឱកាសអាចបង្កើននូវគំនិតរបស់គាត់។ បើសិនជាយើងទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ ចឹងមានន័យថា ពួកគាត់នឹងមានលទ្ធភាពនៅក្នុងការអភិវឌ្ឍសង្គមជាតិ»។
យុវជនរូបនេះបានឱ្យដឹងបន្ថែមថា គណបក្សឈ្នះឆ្នោតគួរគោរព និងអនុវត្តតាមគោលនយោបាយរបស់ខ្លួន ដែលយកមកឃោសនារកសំឡេងគាំទ្រ នៅមុនការបោះឆ្នោត។
លោកថ្លែងថា៖ «ខ្ញុំរំពឹងសំខាន់ជាងគេ បើសិនជាគណបក្សគាត់មានគោលនយោបាយបែបម៉េច ចង់ឱ្យគាត់សម្រេចគោលនយោបាយបែបហ្នឹងឱ្យបានសម្រេច។ កុំឱ្យនៅពេលមុនបោះឆ្នោត គឺគាត់ឃោសនាទៅលើគោលនយោបាយអញ្ជេះៗ ក៏ប៉ុន្តែនៅពេលដែលគាត់ទទួលបានសំឡេងឆ្នោត បែរជាគាត់មានការអនុវត្តខុសពីគោលនយោបាយ។ ចឹងខ្ញុំអត់ចង់បានចឹងទេ ចង់ឱ្យគាត់អនុវត្តនិងមានភាពសច្ចៈ និងស្មោះត្រង់ទៅលើគោលនយោបាយរបស់ពួកគាត់ចឹង ដើម្បីក្នុងការអភិវឌ្ឍប្រទេសជាតិ»។
សន្លឹកឆ្នោតរបស់ក្រុមអ្នកបោះឆ្នោតវ័យក្មេងនិងលើកដំបូង ដូចជាយុវជន សែម ជាតារ៉ាវិបុល នឹងក្លាយជាគោលដៅចម្បងមួយរបស់គណបក្សនយោបាយជាច្រើន ដែលនឹងប្រជែងគ្នាទាក់ទាញយក។
សម្រាប់គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏បោះសំឡេងមួយ ការបង្ហាញពីភាពស្អាតស្អំរបស់គណបក្សបានក្លាយជាគោលដៅដ៏សំខាន់សម្រាប់ទាក់ទាញសន្លឹកឆ្នោតពីក្រុមអ្នកបោះឆ្នោតវ័យក្មេងនិងលើកដំបូង។ នេះបើតាមការបកស្រាយរបស់លោក សុន ឆ័យ អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន។
លោកថ្លែងថា៖ «យុវជនយើងទទួលបានការអប់រំបានច្រើនហើយ មានការយល់ដឹងពីនយោបាយ ពីពិភពលោកហ្នឹងក៏ទូលំទូលាយដែរ។ ម៉្លេះហើយអ្នកចង់បានការគាំទ្រពីយុវជនហ្នឹង ត្រូវតែធ្វើឱ្យយុវជនមានសង្ឃឹម មិនអាចឱ្យយុវជនហ្នឹងត្រូវតែរកសែដើម្បីបានតួនាទីក្នុងការងាររដ្ឋ ឬក៏សូកប៉ាន់ដើម្បីបានតួនាទី ដូច្នេះបានធ្វើឱ្យយុវជនជាច្រើនហ្នឹង គឺថាស្វះស្វែងរកគណបក្សនយោបាយណា ដែលមានគោលនយោបាយឆ្ពោះទៅរកដំណើរការពង្រឹងនូវសង្គមដែលមានភាពស្អាតស្អំ»។
ដោយឡែក លោក ឈឹម ផលវរុណ ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការថ្លឹងថ្លែងរបស់អ្នកបោះឆ្នោតទៅលើគោលនយោបាយនិងការអនុវត្តជាក់ស្តែង មានភាពចាំបាច់ តែក៏ត្រូវពឹងផ្អែកទៅលើសមត្ថភាពក្នុងការវាយតម្លៃរបស់ម្ចាស់ឆ្នោតរៀងៗខ្លួនផងដែរ។
លោកថ្លែង៖ «យើងគ្រាន់តែមើលទៅលើទ្រឹស្តីនៃសំណេរ គោលនយោបាយកម្មវិធីនយោបាយក៏ប៉ុន្តែយើងមិនផ្ទៀងផ្ទាត់ទៅនឹងសមត្ថភាពនៃបេក្ខជនក្នុងការអនុវត្តគោលនយោបាយក្នុងរូបភាពជាក់ស្តែង។ អាហ្នឹងវាអត់ទាន់គ្រប់ទេ អាហ្នឹងទាល់តែយកទៅថ្លឹងទាំងសងខាងពីខ្លឹមសារនៃកម្មវិធីនយោបាយរបស់គណបក្សនីមួយៗ ពីខ្លឹមសារនោះ វាល្អ ក៏ប៉ុន្តែអាចថ្លឹងទៅទៀតថា តើទិដ្ឋភាពអនុវត្តជាក់ស្តែងប៉ុណ្ណា អាហ្នឹងជាសមត្ថភាពរបស់ម្ចាស់ឆ្នោតរៀងៗគ្នា»។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា សំឡេងរបស់ក្រុមយុវជន មានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ ដូច្នេះការសម្រេចចិត្តរបស់ក្រុមយុវជននោះគួរឈរលើគោលការណ៍កណ្តាល និងមើលលើការអនុវត្តឱ្យបានច្រើនជាងគោលនយោបាយ។
លោកថ្លែងថា៖ «សំខាន់យើងធ្វើយ៉ាងណា ឱ្យយុវជនមិនថា នៅបក្សណា មិនថាអីទេ គឺយើងចេះការរួបរួមសាមគ្គី ចេះធ្វើការជាមួយគ្នាឱ្យបាន កុំយកគ្នាជាសត្រូវ។ អាហ្នឹងជាចំណុចសំខាន់។ របបដែលយើងឆ្លងកាត់មក កាលណាលម្អៀងទៅខាងណាដាច់មុខ យើងអត់សុខទេ យើងត្រូវនៅកណ្តាលចឹងទៅ។ យើងត្រូវមើលលើការអនុវត្តជាសំខាន់ តើគាត់អនុវត្តឬអត់ បើគាត់ថាគាត់ជាគណបក្សមួយដែលទៅរកលទ្ធិប្រជាធិតេយ្យ ក៏ប៉ុន្តែដល់ពេលការអនុវត្ត គាត់អនុវត្តផ្ទុយ អនុវត្តផ្សេងចឹងទៅ»។
ក្រុមអ្នកឃ្លាំមើលសង្គម ចាត់ទុកថា ខ្លឹមសារនៃគោលនយោបាយរបស់គណបក្សនយោបាយគ្រាន់តែជាការទាក់ទាញសន្លឹកឆ្នោតប៉ុណ្ណោះ ពីព្រោះគោលនយោបាយមួយចំនួនរបស់គណបក្សនយោបាយខ្លះហួសពីសមត្ថភាពដែលខ្លួនអាចធ្វើបាន ឬលើសពីលទ្ធភាពដែលប្រទេសកម្ពុជាអាចធ្វើបាន ក្រោមកាលៈទេសៈបច្ចុប្បន្ន។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានមានប្រសាសន៍ថាការបោះឆ្នោតដោយផ្តោតលើគោលនយោបាយនិងការអនុវត្ត អាចនឹងជំរុញដំណើរទៅរកលទ្ធិប្រជាធិតេយ្យឱ្យកាន់តែប្រសើរឡើង។ ក៏ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតរួចហើយ ពលរដ្ឋដែលជាម្ចាស់ឆ្នោតចាំបាច់ត្រូវតែមានការតាមដានជាបន្តទៀតផងដែរ ដោយពួកគេត្រូវពង្រឹងចំណេះដឹង ចេះថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះគោលនយោបាយខ្លះគ្រាន់តែប្រជាភិថុតប៉ុណ្ណោះ។
លោកថ្លែងថា៖ «គណបក្សនីមួយៗ គេតែងតែប្រើប្រាស់យុទ្ធសាស្រ្ត ការប្រើប្រាស់ពាក្យពេចន៍ និងជ្រើសរើសគោលនយោបាយដែលមានភាពទាក់ទាញ ដែលយើងមើលឃើញថាអាចជាក្តីសង្ឃឹម ការលើកឡើងអំពីគោលនយោបាយរបស់គណបក្សនីមួយៗហ្នឹងសឹងថា កម្ពុជាហ្នឹងអាចក្លាយជាកោះសន្តិភាពពិតប្រាកដនៅក្នុងពិភពលោកហ្នឹងនៅក្នុងអាណត្តិក្រោយ ប៉ុន្តែក្នុងនាមជាយុវជនពលរដ្ឋទូទៅដែលជាម្ចាស់ឆ្នោតហ្នឹងក៏ត្រូវចេះពិនិត្យ ចេះពិចារណាផងដែរ ពីព្រោះគោលនយាបាយខ្លះវាគ្រាន់តែជាប្រជាភិថុតទេ»។
លោក ប៉ា ចន្ទរឿន បានបន្ថែមទៀតថា គណបក្សកាន់អំណាចក៏គួរតែស្តាប់មតិចម្រុះរបស់ម្ចាស់ឆ្នោតដើម្បីបង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋនៅអាណត្តិក្រោយនេះ។
លោកថ្លែងថា៖ «បើសិនជាគណបក្សកាន់អំណាចយកចិត្តទុកដាក់ក្នុងការស្តាប់ និងទទួលមតិត្រឡប់មកវិញ ក៏ដូចជាការរិះគន់ និងអនុសាសន៍ឱ្យមានការកែលម្អ ឬក៏កែប្រែខ្ញុំជឿថា នឹងអាចរកចំណុចរួមមួយដែលគណបក្សកាន់អំណាច កន្លែងខ្លះអាចផ្លាស់ប្តូរ កន្លែងខ្លះអាចធ្វើការកែប្រែ ដើម្បីបង្កើនប្រសិទ្ធភាព គុណភាពនៃការងារក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងសង្គមយើងនៅអាណត្តិក្រោយ»។
គិតត្រឹមថ្ងៃទី ៨ ខែឧសភា គណបក្សនយោបាយចំនួន ១១ ក្នុងនោះរួមមានគណបក្សនយោបាយធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ីនប៉ិច ត្រូវបានចុះក្នុងបញ្ជីគណបក្សដែលឈរឈ្មោះបោះឆ្នោតជាផ្លូវការ ខណៈគណបក្សចំនួន ៩ ផ្សេងទៀត រួមមានគណបក្សភ្លើងទៀន កំពុងត្រូវបាន គ.ជ.ប ពិនិត្យមើល មុននឹងសម្រេចដាក់ចូលក្នុងបញ្ជីគណបក្សជាផ្លូវការ៕