គណបក្សភ្លើងទៀន នៅល្ងាចថ្ងៃសុក្រ បានប្រកាសប្រមូលផ្តុំដើម្បីតស៊ូមតិ ប្រសិនបើគណបក្សជំទាស់មួយនេះមិនត្រូវបានចុះឈ្មោះដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយដាក់ឯកសារពាក់ព័ន្ធបន្ថែមនៅថ្ងៃសៅរ៍ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស ក្រោយមានកិច្ចប្រជុំគណៈកម្មាធិការនាយកនិងថ្នាក់ដឹកនាំគណបក្សរាជធានីខេត្តទូទាំងប្រទេស។
សេចក្តីប្រកាសបញ្ជាក់នេះឱ្យដឹងថា គណបក្សនឹងបំពេញបន្ថែមឯកសារពាក់ព័ន្ធ ដែលស្ថាប័នរៀបចំការបោះឆ្នោតទាមទារ ដើម្បីអាចសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជាតិនីតិកាលទី ៧ នៅ គ.ជ.ប នៅថ្ងៃទី ១៣ ខែឧសភា វេលាម៉ោង ៣រសៀល។
គណបក្សក៏បញ្ជាក់ទៀតថា៖ «នឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សនៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធីក្នុងករណីគណបក្សភ្លើងទៀនត្រូវបានគ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៧ ឆ្នាំ ២០២៣»។
បញ្ហាដែលកំពុងកើតមានលើគណបក្សប្រឆាំងមួយនេះ គឺដោយសារ គ.ជ.ប ទាមទារឱ្យគណបក្សដាក់លិខិតដើម ឬសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនមួយច្បាប់។ នេះបើតាមលិខិតជូនដំណឹងឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត ដែលផ្ញើទៅគណបក្សភ្លើងទៀន កាលពីថ្ងៃទី ៩ ខែឧសភា។
គេមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីបានជាគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បាន កាលពីខែមិថុនា ឆ្នាំ ២០២២ ដោយមិនមានឧបសគ្គអ្វី ប៉ុន្តែទើបតែពេលនេះ ស្ថាប័នរៀបចំការបោះឆ្នោតតម្រូវឲ្យគណបក្សមួយនេះប្រគល់ឯកសារមួយចំនួនទៀត។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាគណបក្សនឹងបន្តយកលិខិតដែលក្រសួងមហាផ្ទៃបញ្ជាក់ថា គណបក្សភ្លើងទៀនពិតជាបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលចេញកាលពីថ្ងៃទី ៥ ខែឧសភា ទៅដាក់នៅស្ថាប័ន គ.ជ.ប ម្តងទៀត និងរង់ចាំការសម្រេចរបស់ស្ថាប័ននេះបន្ថែមទៀត៕