ពិភពលោកមើលការបោះឆ្នោតនៅសហរដ្ឋអាមេរិកដោយយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយអន្ទះសារចង់ដឹងអំពីទិសដៅអនាគតនៃមហាអំណាចសកលនេះ។ ដូច្នេះការយល់ដឹងពីស្ថានភាពចុងក្រោយរបស់ពួកអ្នកការទូតក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលជាភ្នែក និងត្រចៀកនៃប្រទេសជាតិពួកគេក្នុងរដ្ឋធានីនៃស.រ.អា ជាការត្រូវការខ្លាំងនៅក្នុងប្រទេសរបស់ពួកគេ។
ការបោះឆ្នោតនៅឆ្នាំនេះ នាំឱ្យពួកឯកអគ្គរដ្ឋទូតដែលមានមូលដ្ឋានក្នុងក្រុងវ៉ាស៊ីនតោន រសាប់រសល់ចិត្ត។ ពួកគេដឹងថា សមត្ថភាពរបស់ពួកគេក្នុងការសង្កេតមើលតាមដានដំណើរការបោះឆ្នោតនេះ មានកម្រិតដោយការរាតត្បាតនៃជំងឺកូវីដ១៩។ ក៏ប៉ុន្តែការណ៍នេះ មិនអាចបំបាត់ចំណាប់អារម្មណ៍ខ្លាំងក្នុងតាមដានរបស់ពួកគេបានទេ។
លោក Daniel Mulhall ជាឯកអគ្គរដ្ឋទូតនៃប្រទេស អៀរឡង់។ លោកបានពន្យល់ថា៖ «ខ្ញុំព្យាយាមស្វែងយល់ពីទិដ្ឋភាពនៃការបោះឆ្នោតនេះ ដោយមិនអាចចេញទៅក្រៅបាន»។
លោកបាននិយាយប្រាប់វីអូអេថា លោកបានទាក់ទងជាមួយពួកអ្នកកាសែត ពួកអ្នកវិភាគនៃអង្គការសិក្សាស្រាវជ្រាវ និងពួកជនឯទៀតៗដែលលោកស្គាល់ ហើយពួកគេមានទំនាក់ទំនងជាមួយគណបក្សទាំងពីរដើម្បីឱ្យបានយល់ស៊ីជម្រៅអំពីការបោះឆ្នោតនេះ។
លោក Daniel Mulhall បានមានប្រសាសន៍ថា៖ «ពលរដ្ឋនៅក្នុងប្រទេសអៀរឡង់ និងក្នុងទ្វីបអឺរ៉ុបយកចិត្តទុកដាក់ណាស់ដល់នយោបាយអាមេរិកាំង។ នៅពេលខ្ញុំនិយាយជាមួយពលរដ្ឋអៀរឡង់ តាមទូរស័ព្ទ ខ្ញុំដឹងថា ពួកគេដឹងច្រើនអំពីអ្វីកើតមានឡើងនៅទីនេះ។ ពលរដ្ឋអៀរឡង់ ដឹងអំពីអាមេរិក ដែលធ្វើឱ្យការងារខ្ញុំមានការងាយស្រួលជាងមុន។ ខ្ញុំមិនចាំបាច់ពន្យល់ច្រើនដល់ពលរដ្ឋនៅក្នុងប្រទេសអៀរឡង់ទេ។ ពួកគេមានការចេះដឹងជាមូលដ្ឋានហើយ»។
លោក Zdenek Beranak ជាអនុប្រធានបេសកកម្មនៃស្ថានទូតឆែកប្រចាំរដ្ឋធានីវ៉ាស៊ីនតោន។ លោកបាននិយាយថា លោកចាប់ផ្តើមធ្វើការពីព្រលឹមថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ហើយធ្វើការហួសពេលពាក់កណ្តាលអធ្រាត្រនៅពេលមានការច្បាស់លាស់ខ្លាំងឡើងៗថា ការរាប់សន្លឹកឆ្នោតមានធ្វើបន្តក្នុងថ្ងៃបន្ទាប់ ហើយហួសពីនេះទៀត។
លោក Zdenek Beranak បាននិយាយប្រាប់វីអូអេនៅក្នុងសេចក្តីសម្ភាសន៍មួយតាមអ៊ីមែលថា៖ «ខ្ញុំបានសម្រាកតែបន្តិច។ ខ្ញុំទៅស្តាប់ podcast ជាទីពេញចិត្តរបស់ខ្ញុំ។ ខ្ញុំទៅយកកូនប្រុសខ្ញុំពីសាលារៀន។ ខ្ញុំបើកឡានជិតសេតវិមានដើម្បីមើលអំពីស្ថានភាពនៅក្នុងតំបន់កណ្តាលក្រុង។ ស្ថានភាពធម្មតានៅប្រមាណម៉ោង៣រសៀល។ បន្ទាប់មក ខ្ញុំទៅមើលការិយាល័យបោះឆ្នោតមួយក្នុងរដ្ឋ Maryland។ នេះជាថ្ងៃរំភើបចិត្តមួយ គឺជាពិធីបុណ្យដ៏ពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យ!»
នៅឆ្នាំនេះ មិនមានពិធីជប់លៀងដែលមានការអញ្ជើញភ្ញៀវចូលរួមដើម្បីសង្កេតមើលការបោះឆ្នោតនេះ ដូចដែលស្ថានទូតជាច្រើនបានធ្វើកាលពីប៉ុន្មានឆ្នាំមុននោះទេ តែលោក Beranak បាននិយាយថា ពួកបុគ្គលិកចាំបាច់ បានធ្វើការកាលពីថ្ងៃអង្គារដោយ«មើលទូរទស្សន៍និងពិនិត្យមើលប្រភពព័ត៌មាន online ជាច្រើន»។
ចំណែកឯលោកឯកអគ្គរដ្ឋទូត Hynek Kmonicek បានចំណាយពេលភាគច្រើននៃថ្ងៃនោះ ដើម្បីផ្តល់កិច្ចសម្ភាសន៍ជាមួយបណ្តាញផ្សាយព័ត៌មានក្នុងសាធារណរដ្ឋឆែក។
លោក Zdenek Beranak និយាយថា កាលពីប៉ុន្មានថ្ងៃមុនការបោះឆ្នោតនេះ លោកនិងសហសេវិកខ្លះរបស់លោក បានបើករថយន្តទៅរដ្ឋ Pennsylvania ដើម្បីឱ្យយល់ច្បាស់ជាងមុនអំពីលក្ខណៈនៅក្នុងរដ្ឋមួយមានការគាំទ្រគណបក្សទាំងពីរប្រហាក់ប្រហែលគ្នា»។
អ្នកការទូតឯទៀតៗបានសរសេរតាម Twitter ដើម្បីពណ៌នាការចាប់អារម្មណ៍របស់ពួកគេអំពីការបោះឆ្នោតប្រជែងគ្នាខ្លាំងនេះ ដែលជាលំហាត់ដ៏អស្ចារ្យមួយអំពីលទ្ធិប្រជាធិបតេយ្យ ដែលមានពលរដ្ឋចូលរួមបោះឆ្នោតក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីពេលមុនៗ។
លោកស្រី Lone Dencker Wis ជាឯកអគ្គរដ្ឋទូតប្រទេសដាណឺម៉ាក។ លោកស្រីបានសរសេរក្នុង Twitter ថា លោកស្រី «ចាប់ចិត្តខ្លាំង» ដែលបានឋិតនៅក្នុងស.រ.អា នៅថ្ងៃទី៣ខែវិច្ឆិកា ហើយលោកស្រី បានផ្តល់សម្ភាសន៍ជាមួយបណ្តាញផ្សាយព័ត៌មានដាណឺម៉ាកនានា។
លោកស្រី Emily Haber ជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នៅរដ្ឋធានីនៃសហរដ្ឋអាមេរិកនេះ។
លោកស្រីបានសរសេរក្នុង Twitter កាលពីថ្ងៃពុធទី៤ ខែវិច្ឆិកាថា ក្រោយពីចំណាយពេលយូរក្នុងមួយយប់ ដើម្បីតាមដានលទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋនីមួយៗ ថ្ងៃថ្មីហាក់ដូចគ្រាន់ជាការបន្តពីយប់មុន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ