ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឡើង​ដល់​តុលាការ


បុគ្គលិក​ម្នាក់​កំពុង​ធ្វើការ ដោយសារ​មាន​កញ្ចក់​ទូរទស្សន៍​មួយ​ធំ​នៅ​ពី​មុខ​នោះ​ដែល​បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​តូក្យូ ថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២០។
បុគ្គលិក​ម្នាក់​កំពុង​ធ្វើការ ដោយសារ​មាន​កញ្ចក់​ទូរទស្សន៍​មួយ​ធំ​នៅ​ពី​មុខ​នោះ​ដែល​បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​តូក្យូ ថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២០។

ខណៈ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ និង​គូប្រជែង​របស់​លោក គឺ​លោក ចូ បៃដិន (Joe Biden) បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ មាន​ភាព​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង នៅ​ថ្ងៃពុធ លោក ត្រាំ បាន​ងាក​ទៅ​រក​តុលាការ ដើម្បី​ព្យាយាម​ធ្វើ​ឱ្យសន្លឹកឆ្នោតនៅរដ្ឋ Pennsylvania គ្មាន​សុពលភាព និង​រារាំង​មន្រ្តី​រដ្ឋ Michigan មិន​ឲ្យ​រាប់​សន្លឹក​ឆ្នោត។

ខាងក្រោម​នេះ​គឺជា​ករណី​ពាក្យ​បណ្តឹង​នៅ​តុលាការ ដែល​នឹង​កើត​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ ហើយ​អាច​ថា​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។

ការ​តវ៉ា​អំពី​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​រដ្ឋ Michigan

ក្រុម​យុទ្ធនាការ​ឃោសនា​របស់​លោក Trump បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ខ្លួន​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​រដ្ឋ Michigan ដើម្បី​បញ្ឈប់​មន្រ្តី​រដ្ឋ ពី​ការ​រាប់​សន្លឹក​ឆ្នោត។

ពួកគេ​បាន​និយាយ​ថា ពាក្យ​បណ្តឹង​ដាក់​ទៅ​កាន់​តុលាការ​រដ្ឋ Michigan ស្តីពី​ករណី​ទាមទារ​សំណង ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត រហូត​ដល់​មាន​មន្ត្រី​អធិការកិច្ច​ម្នាក់​ពិនិត្យ​មើល​ការ​រាប់​សន្លឹក​ឆ្នោត​ ដែល​បោះ​ដោយ​អវត្តមាន​នៅ​តាម​កន្លែង​រាប់​សន្លឹក​ឆ្នោត​នីមួយៗ។ ពួកគេ​ក៏​ចង់​ពិនិត្យ​មើល​សន្លឹក​ឆ្នោត ដែល​បាន​បើក​និង​រាប់​រួច​ហើយ នៅ​ចំពោះ​មុខ​មន្ត្រី​អធិការកិច្ច នៅពេល​សមាជិក​នៃ​ក្រុម​យុទ្ធនាការ​របស់​លោក Trump មាន​វត្តមាន​នៅ​កន្លែង​រាប់​សន្លឹក​ឆ្នោត​ដែរ។

យោងតាម​ការ​ស្រាវជ្រាវ Edison លោក Biden បាន​នាំមុខ​លោក Trump តិចតួច​ប៉ុណ្ណោះ​នៅក្នុង​រដ្ឋ Michigan ដែល ៩៤% នៃ​សន្លឹក​ឆ្នោត ត្រូវ​បាន​សន្និដ្ឋាន​ថា បាន​បោះ​ដោយ​ផ្ទាល់។

អ្នកស្រី Lynn Muchler-Stash (ស្ដាំ) អ្នក​អង្កេតការ​បោះឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Pennsylvania ឈរមើល​មន្ត្រី​នៅ​ការិយាល័យ​បោះឆ្នោត​រៀបចំ​សន្លឹកឆ្នោត​សម្រាប់​រាប់ នៅ​ក្រុង Wilkes-Barre រដ្ឋ Pennsylvania ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកស្រី Lynn Muchler-Stash (ស្ដាំ) អ្នក​អង្កេតការ​បោះឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Pennsylvania ឈរមើល​មន្ត្រី​នៅ​ការិយាល័យ​បោះឆ្នោត​រៀបចំ​សន្លឹកឆ្នោត​សម្រាប់​រាប់ នៅ​ក្រុង Wilkes-Barre រដ្ឋ Pennsylvania ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ការ​តវ៉ា​ពី​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​រដ្ឋ Pennsylvania

មន្ត្រី​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃអង្គារ បាន​ប្តឹង​មន្ត្រី​បោះឆ្នោត​នៅ​សង្កាត់​ Montgomery ដែល​មាន​ព្រំប្រទល់​ជាប់​ទីក្រុង Philadelphia ដោយ​ចោទប្រកាន់​ពួកគេ​ពី​ការ​រាប់​សន្លឹកឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍​ដោយ​ខុស​ច្បាប់ ដោយ​បាន​រាប់​សន្លឹកឆ្នោត​ទាំងនោះ​មុន​ពេល​កំណត់ និង​ការ​អនុញ្ញាត​ឱ្យ​អ្នក​បោះឆ្នោត ដែល​សន្លឹក​ឆ្នោត​មាន​បញ្ហា បោះឆ្នោត​ឡើងវិញ។

នៅក្នុង​សវនាការ​មួយ​នៅ​ថ្ងៃ​ពុធ លោក​ចៅក្រម Timothy Savage ប្រចាំ​សង្កាត់​នៅទីក្រុង Philadelphia ហាក់ដូចជា​មាន​ការ​មន្ទិល​សង្ស័យ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​យុទ្ធនាការ​ឃោសនា​របស់​លោក Trump និង​អំពី​ការ​ចោទសួរ​ថា​ តើ​សុចរិតភាព​នៃ​ការ​បោះឆ្នោត អាច​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ដូចម្តេច​ខ្លះ ដោយសារ​តែ​ពាក្យ​បណ្តឹង​នេះ។

នៅក្នុង​បណ្តឹង​ដាច់​ដោយ​ឡែក​មួយ គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Pennsylvania បានស្នើ​ដល់​តុលាការ​កំពូល​សហរដ្ឋអាមេរិក ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​របស់​រដ្ឋ ដែល​អនុញ្ញាត​ឱ្យ​មន្រ្តី​បោះឆ្នោត​រាប់​សន្លឹកឆ្នោត ដែល​ផ្ញើតាម​ប្រៃសណីយ៍ ដែល​ត្រូវបាន​កំណត់​នៅ​ថ្ងៃ​បោះឆ្នោត តែ​បានមក​ដល់​នៅ​ថ្ងៃសុក្រ ក្រោយ​ថ្ងៃ​បោះឆ្នោត។

នៅថ្ងៃពុធ ក្រុម​យុទ្ធនាការ​ឃោសនា​របស់​លោក Trump បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ក្នុង​ករណី​នេះ។

សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​កាលពី​សប្តាហ៍​មុន​ថា មិនមាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​សម្រេច​លើ​អង្គហេតុ​នៃ​រឿងក្តី​នេះ​មុន​ថ្ងៃ​បោះឆ្នោត​ទេ ប៉ុន្តែ​បាន​បង្ហាញ​ជំហរ​ថា តុលាការ​អាច​នឹង​ពិនិត្យ​ឡើងវិញ​លើ​បញ្ហា​នេះ នៅ​ពេល​ក្រោយ។

ចៅក្រម​តុលាការ​កំពូល​លោក Samuel Alito ដែល​ចូលរួម​ដោយ​ចៅក្រម Clarence Thomas និង​ចៅក្រម Neil Gorsuch ដែល​ជា​អ្នក​អភិរក្ស​និយម​ដូចគ្នា បាន​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ថា «មាន​ទំនោរ​ខ្លាំង» ដែល​សេចក្តី​សម្រេចរ​បស់​តុលាការ​រដ្ឋ Pennsylvania បាន​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក។

មន្ត្រី​បោះឆ្នោត​នៃ​រដ្ឋ Pennsylvania បាន​និយាយ​ថា ពួកគេ​នឹង​រៀបចំ​បែងចែក​សន្លឹក​ឆ្នោត ដែល​បាន​បោះតែមប្រៃសណីយ៍​ត្រឹមត្រូវ ដែល​បាន​មក​ដល់ក្រោយ​ថ្ងៃ​បោះឆ្នោត។

ខណៈ​សន្លឹក​ឆ្នោត​ប្រមាណ ៨៣% ត្រូវបាន​រាប់ លោក Trump បាន​នាំមុខ​លោក Biden នៅ​រដ្ឋ Pennsylvania ជាមួយនឹង​សំឡេង​ឆ្នោត​ប្រមាណ ៥២% ទល់​នឹង ៤៦%។ នេះ​បើ​យោងតាម​ការ​ស្រាវជ្រាវ Edison ។

វិវាទ​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​ប្រៃសណីយ៍​ជាតិ​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃពុធ ចៅក្រម​សហរដ្ឋ​អាមេរិក​មួយ​រូប បាន​និយាយ​ថា អគ្គនាយក​ប្រៃសណីយ៍​ជាតិ​សហរដ្ឋ​អាមេរិក​លោក Louis DeJoy ត្រូវតែ​ឆ្លើយ​សំណួរ​អំពី​មូលហេតុ ដែល​សេវា​ប្រៃសណីយ៍​អាមេរិក មិនបាន​បំពេញ​តាម​ការ​បញ្ជា​របស់​តុលាការ ចំពោះ​សន្លឹក​ឆ្នោត​ដែល​មិន​ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋ​ប្រហែល ១២ មុន​ថ្ងៃ​កំណត់ នៅ​រសៀល​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា។

លោក​ចៅក្រម Emmet Sullivan កំពុង​ពិនិត្យ​មើល​បណ្តឹង​របស់​ក្រុម Vote Forward និង​ក្រុម NAACP និង​អ្នក​តស៊ូមតិ​ប្រចាំ​សហគមន៍​ឡាទីន ដែល​បាន​ទាមទារ​ឲ្យ​សេវាប្រៃសណីយ៍​អាមេរិក ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ឲ្យ​អាច​រាប់​សន្លឹកឆ្នោត​ទាំង​នោះ​បាន​ទាន់​ពេលវេលា៕

XS
SM
MD
LG