ដោយលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅមិនទាន់ប្រកាសនៅឡើយ កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Twitter និងក្រុមហ៊ុន Facebook បានចាត់វិធានការថ្មីដើម្បីដាក់សញ្ញាសម្គាល់ចំពោះមតិយោបល់របស់សមាជិកល្បីឈ្មោះណាទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ដែលធ្វើឲ្យមានការយល់ច្រឡំទាក់ទិននឹងការបោះឆ្នោត។
កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Twitter បានដាក់សញ្ញាសម្គាល់លើសារចំនួន ៤ របស់លោកប្រធានាធិបតី Donald Trump។
សារតាម Twitter មួយក្នុងចំណោមនោះរបស់លោក Trump បានបង្ហាញនូវការចោទប្រកាន់លើមន្ត្រីរៀបចំការបោះឆ្នោតថាបានជ្រៀតជ្រែកនៅក្នុងការរាប់សន្លឹកឆ្នោត។ លោក Trump បានសរសេរនៅលើ Twitter ដូច្នេះថា៖ «ពួកគេកំពុងប្រឹងប្រែងធ្វើឲ្យសំឡេងឆ្នោតនាំមុខរបស់ខ្ញុំចំនួន ៥ សែនសន្លឹកនៅក្នុងរដ្ឋ Pennsylvania បាត់ទៅវិញ ឲ្យបានកាន់តែឆាប់។ ចំណែកឯនៅក្នុងរដ្ឋ Michigan និងរដ្ឋផ្សេងទៀតក៏ដូចគ្នាអញ្ចឹងដែរ!»។
ក្រុមហ៊ុន Twitter បានដាក់សញ្ញាសំគាល់ដោយបញ្ជាក់ថា «ខ្លឹមសារខ្លះឬទាំងអស់ នៅក្នុងសារ Twitter នេះ គឺអាចប្រកែកតវ៉ាបាន ហើយអាចនាំឲ្យមានការយល់ច្រឡំអំពីការបោះឆ្នោត ឬដំណើរការចូលរួមផ្សេងទៀតរបស់ពលរដ្ឋ»។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកមើល ចុចចូលដើម្បីមើលសារនោះ គឺគេនៅតែអាចមើលឃើញ។
ចំណែកឯក្រុមហ៊ុន Facebook វិញ បានបញ្ជក់ថា ខ្លួននឹងបង្ហាញការប្រាប់ឲ្យដឹងនៅលើគេហទំព័រ Facebook និង Instagram ថា សន្លឹកឆ្នោតកំពុងនៅរាប់នៅឡើយ ហើយអ្នកឈ្នះមិនទាន់ប្រកាសនៅឡើយទេ។ ក្រុមហ៊ុន Facebook ថា សារនេះនឹងត្រូវអនុវត្តចំពោះបេក្ខជនទាំង ២ គឺទាំងលោក Trump និងលោក Joe Biden៕