បាតុករ បានចេញមកតាមទីក្រុងជាច្រើននៅក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ ដើម្បីអំពាវនាវឲ្យមានការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីឲ្យបានពេលលេញ ខណៈដែលក្រុមគាំទ្រលោកប្រធានាធិបតី Donald Trump បានប្រមូលផ្ដុំគ្នានៅខាងក្រៅកន្លែងរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Michigan និងរដ្ឋ Arizona។
ប៉ូលិសនៅក្នុងទីក្រុង New York បានចាប់ខ្លួនមនុស្សរាប់សិបនាក់កាលពីយប់ថ្ងៃពុធ បន្ទាប់ពីមានការធ្វើបាតុកម្មដោយសន្តិវិធី។ អាជ្ញាធរនិយាយថា មនុស្សមួយក្រុមតូច បានប៉ុនប៉ងបង្កបញ្ហាក្នុងការធ្វើបាតុកម្មនោះ ដោយបានដុតសម្រាមនិងប៉ះទង្គិចជាមួយអាជ្ញាធរ។
បាតុករ ក៏បានធ្វើបាតុកម្មនៅក្នុងទីក្រុង Chicago ទីក្រុង Los Angeles ទីក្រុង Seattle ទីក្រុង Houston ទីក្រុង Pittsburg ទីក្រុង Minneapolis និងទីក្រុង San Diego ផងដែរ។ បន្ថែមពីលើការអំពាវនាវឲ្យបន្តរាប់សន្លឹកឆ្នោត បាតុករក៏បានលើកឡើងអំពីបញ្ហាវិសមភាពជាតិសាសន៍ផងដែរ ដែលជាប្រធានបទនៃការតវ៉ាជាច្រើននៅទូទាំងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ។
អភិបាលរដ្ឋ Oregon អ្នកស្រី Kate Brown បានដាក់ពង្រាយឆ្មាំការពារជាតិ នៅពេលដែលប៉ូលិសនៅក្នុងទីក្រុង Portland បានប្រកាសថា ការតវ៉ានៅទីនោះគឺជាកុបកម្ម និងបានចាប់ខ្លួនអ្នកតវ៉ាមួយចំនួន។ កន្លងមក ទីក្រុងនោះបានក្លាយជាកន្លែងតវ៉ាស្ទើររាល់យប់ប្រឆាំងនឹងបញ្ហាអយុត្តិធម៌ជាតិសាសន៍ ហើយជារឿយៗ ប៉ូលិសបានប្រកាសថា ជាកុបកម្ម។
ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Trump បានទៅកន្លែងរាប់សន្លឹកឆ្នោតនៅក្នុងទីក្រុង Detroit រដ្ឋ Michigan ដើម្បីទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។ ចំណែកឯអ្នកតវ៉ានៅក្នុងទីក្រុង Phoenix រដ្ឋ Arizona វិញ បានស្រែកបន្ទរថា «បញ្ឈប់ការលួចសន្លឹកឆ្នោត»។
ការតវ៉ាទាំងនេះ បានកើតមានឡើង នៅពេលដែលលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីនៅមិនទាន់ប្រកាសនៅឡើយ ហើយលោក Trump បានធ្វើការអះអាងដោយគ្មានភស្តុតាងថា មានការលួចបន្លំសន្លឹកឆ្នោត ស្របពេលដែលគណបក្សសាធារណរដ្ឋបានដាក់ពាក្យបណ្តឹងមួយចំនួនប្រឆាំងនឹងការបោះឆ្នោតនេះ៕