គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.ប. បានប្រកាសអំពីប្រតិបតិ្តការការិយាល័យបោះឆ្នោតចំនួន៣៣សម្រាប់ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ដែលនឹងមានអ្នកបោះឆ្នោតនិងអង្គបោះឆ្នោតចំនួន១១,៦៥៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប. ដែលបញ្ជាក់អំពីការត្រៀមបោះឆ្នោតព្រឹទ្ធសភានេះ កើតមានឡើងតែមួយថ្ងៃក្រោយពីស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័នច្បាប់កំពូល ផ្តល់សេចក្តីយល់ព្រមទទួលយកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌដែលអ្នកជំនាញផ្នែកសិទ្ធិមនុស្សអះអាងថា ជាការរឹតបន្តឹងសិទ្ធិពលរដ្ឋក្នុងការប្រើប្រាស់សិទ្ធិនយោបាយនិងការបញ្ចេញមតិ។
ការប្រកាសរបស់គ.ជ.ប.បានឲ្យដឹងថា មានរាជធានីនិងខេត្តធំៗចំនួន៧ដែលរួមមានរាជធានីភ្នំពេញ កំពង់ចាម កណ្តាល បាត់ដំបង សៀមរាបតាកែវ ព្រៃវែង និងកំពង់ស្ពឺនឹងមានការិយាល័យបោះឆ្នោតចំនួនពីរ។ រីឯខេត្តតូចៗចំនួន ១៧ផ្សេងទៀតនឹងមានការិយាល័យបោះឆ្នោតតែមួយប៉ុណ្ណោះក្នុងខេត្តនីមួយៗ។
សេចក្តីប្រកាសរបស់គ.ជ.ប.បានឲ្យដឹងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានឹងត្រូវធ្វើតែមួយថ្ងៃប៉ុណ្ណោះ ហើយការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១៥រសៀល លើកលែងតែមានសេចក្តីសម្រេចផ្សេងពីនេះរបស់គ.ជ.ប.។
សេចក្តីប្រកាសរបស់គ.ជ.ប.បានសរសេរក្នុងន័យដើមថា៖
«ប្រសិនបើអ្នកបោះឆ្នោតទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានបោះគ្រប់គ្នាអស់ហើយ គណៈកម្មការការិយាល័យបោះឆ្នោតអាចប្រកាសបញ្ចប់ការបោះឆ្នោតមុនម៉ោង១៥រសៀល ហើយប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវប្រកាសបិទការបោះឆ្នោតតែម្តង។ ជនគ្រប់រូបដែលមានបំណងបោះឆ្នោតមិនត្រូវអនុញ្ញាតឲ្យចូលក្នុងបរិវេណខាងក្នុងក្រោយម៉ោង១៥រសៀលឡើយ។ ជនដែលមានសិទ្ធិបោះឆ្នោតក្រោយម៉ោង១៥រសៀល ហើយត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតគឺជាជនដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុងការិយាល័យនោះ»។
លោក ឌឹម សុវណ្ណារ៉ុម អ្នកនាំពាក្យគ.ជ.ប.បានប្រាប់ VOA ថា ការបោះឆ្នោតដែលកំពុងខិតជិតមកដល់នេះ នឹងប្រព្រឹត្តទៅដោយមិនមានបញ្ហាអ្វីដែលត្រូវបារម្ភនោះឡើយ។
«អត់មានអីទេ គឺអ្វីៗបានត្រៀមរូចរាល់ រួចជាស្រេចហើយ»។
យ៉ាងណាក៏ដោយ ដំណើរការបោះឆ្នោតព្រឹទ្ធសភាដែលនឹងមកដល់តែក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ នឹងមិនទទួលបានការគាំទ្រពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកឡើយ ដោយសហគមន៍ប្រជាធិបតេយ្យធំៗទាំងពីរនេះដកការគាំទ្ររបស់ខ្លួនចំពោះការបោះឆ្នោតនៅកម្ពុជានៅឆ្នាំ២០១៨នេះ ក្រោយពីរដ្ឋាភិបាលកម្ពុជារំលាយគណបក្សប្រឆាំង។ ប៉ុន្តែប្រទេសជប៉ុននៅបន្តគាំទ្រដំណើរការបោះឆ្នោតនេះនៅកម្ពុជា។
កាលពីថ្ងៃពុធ ប្រទេសជប៉ុនបានបរិច្ចាគប្រអប់ឆ្នោតជាងមួយម៉ឺនសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា។ ប្រអប់ឆ្នោតជប៉ុនគិតជាទឹកប្រាក់មានតម្លៃ ៧,៥លានដុល្លារ។ អំណោយជាប្រអប់ឆ្នោតរបស់ជប៉ុនឲ្យគ.ជ.ប.នេះកើតមានឡើង បន្ទាប់ពីក្រុមអង្គការសិទ្ធិមនុស្សនិងសមាជិកនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយអំណាចតុលាការកំពូល បានអំពាវនាវឲ្យប្រទេសដែលជាអ្នកគាំទ្រដំណើរការប្រជាធិបតេយ្យ រួមទាំងប្រទេសជប៉ុនផងបញ្ឈប់ការផ្តល់មូលនិធិដល់គ.ជ.ប.។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត Nicfec មានប្រសាសន៍ថា អង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុកចំនួនពីរគឺ Nicfec និង Comfrel មិនមានផែនការដាក់ពង្រាយអ្នកសង្កេតការណ៍ឃ្លាំមើលដំណើរការបោះឆ្នោតដែលមានលក្ខណៈអសកលនោះឡើយ។ លោកបន្តថា ការបោះឆ្នោតព្រឹទ្ធសភាខាងមុខប្រឈមនឹងបញ្ហាអវិជ្ជមាន ទាក់ទិនភាពជាតំណាងនៃអង្គបោះឆ្នោតដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា ខណៈដែលសហរដ្ឋអាមេរិក និងអឺរ៉ុបបន្តប្រកាន់ជំហរមិនទទួលស្គាល់ការបោះឆ្នោតនានាដែលនឹងធ្វើឡើងនៅឆ្នាំ ២០១៨នេះ។
«យើងសង្កេតឃើញ យើងមានការខ្វះខាតអីចឹងមែន ព្រោះអី គណបក្សដែលចូលរួមហ្នឹង ឃើញបួនគណបក្សហ្នឹង លើកលែងតែគណបក្សប្រជាជនកម្ពុជាទេ ដែលលោកមានអាសនៈ តាមរយៈការបោះឆ្នោតហ្នឹង ហើយក្រៅពីហ្នឹងបីទៀតគាត់ទទួលបានអាសនៈពីរដ្ឋសភាហ្នឹង តាមរយៈការរំលាយ....ការរំលាយគណបក្សសង្គ្រោះជាតិហ្នឹងគាត់ គ.ជ.ប.ហ្នឹងក៏បែងចែកអាសនៈទៅឲ្យពួកគាត់ទៅ ហើយក៏ពួកគាត់ចូលរួម ប៉ុន្តែលទ្ធភាពដែលទទួលបានអាសនៈនៅព្រឹទ្ធសភាហ្នឹងក៏មានកម្រិតទាបបំផុតបាទ»។
គ.ជ.ប. ដែលគ្រោងរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ ក៏បានប្រឈមនឹងការរិះគន់ថា បានបាត់បង់ធាតុដើមរបស់ខ្លួន ពោលគឺស្ថាប័នបោះឆ្នោតជាតិមួយនេះ បានបាត់បង់ភាគីគណបក្សប្រឆាំង ដែលបានបង្កើតគ.ជ.ប.ថ្មី តាមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
លោក ឌឹម សុវណ្ណារុំ បានការពារកិច្ចការរបស់គ.ជ.ប.ថា កំពុងធ្វើអ្វីៗទៅតាមច្បាប់កំណត់ឲ្យដើរតែប៉ុណ្ណោះ។
«គេថា ហ្នឹង! ប្អូនឯងគេថា ហ្នឹង! អ្នកណាទៅអ្នកណាមកមិនសំខាន់ទេ សំខាន់ គ.ជ.ប.មានច្បាប់របស់ខ្លួនហើយ។ ដើម្បីជាតិយើងរុងរឿង ដើម្បីអនាគតទៅកូនចៅជំនាន់ក្រោយ យើងត្រូវរួមគ្នាអនុវត្តច្បាប់»។
ទាក់ទងនឹងការបោះឆ្នោតព្រឹទ្ធសភានេះ ព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងសមាជិកព្រឹទ្ធសភាពីររូបសម្រាប់នីតិកាលទី៤ ដែលរួមមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកស្រី អ៊ុំ សូម៉ានីន។
សមាជិកព្រឹទ្ធសភាមានចំនួន៦១រូប ដោយបួនរូបមិនបាច់ឆ្លងកាត់ការបោះឆ្នោតទេគឺត្រូវតែងតាំងដោយព្រះមហាក្សត្រចំនួនពីររូបនិងដោយសភាជាតិចំនួន២រូប៕