ស្ថាប័ននីតិប្បញ្ញត្តិរបស់សហរដ្ឋអាមេរិកបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានស្នើដល់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ឱ្យចាត់វិធានការធ្ងន់ធ្ងរថែមទៀតដើម្បីធ្វើឱ្យប្រទេសកម្ពុជានៅឯកាប្រសិនបើមិនកែប្រែស្ថានការណ៍ឱ្យល្អប្រសើរឡើងវិញទេ។
បន្ទាប់ពីវិធានការទន់ភ្លន់កាលពីឆ្នាំកន្លងទៅហាក់ដូចជាមិនសូវមានប្រសិទ្ធភាពព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះមួយជំហានទៀតដោយចាត់វិធានការក្តៅកាលពីថ្ងៃទី៩ ខែកុម្ភៈកន្លងទៅនេះ តាមរយៈការស្នើឡើងនូវច្បាប់ថ្មីមួយដែលមានឈ្មោះថា«ច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងធ្វើឱ្យការវិនិយោគត្រឡប់ដូចដើមវិញ»ហៅកាត់ថា CARI។
សេចក្តីព្រាងច្បាប់ CARI ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាចំនួន៥រូបមានគោលបំណងរឹតត្បិតជំនួយដល់រដ្ឋាភិបាលកម្ពុជានិងការពារសិទ្ធិរបស់ពលរដ្ឋកម្ពុជាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលក្នុងនោះមានទាមទារឱ្យសហរដ្ឋអាមេរិកបន្តហាមឃាត់ទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជានិងបង្កកទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅសហរដ្ឋអាមេរិករហូតទាល់តែប្រទេសកម្ពុជាដោះលែងមេដឹកនាំគណបក្សប្រឆាំងនិងរៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា។
លោក Lindsey Graham សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ South Carolina ដែលជាអ្នកផ្តើមគំនិតធ្វើច្បាប់នេះបានបញ្ជាក់ថា៖
«បច្ចុប្បន្ននេះលទ្ធិប្រជាធិបតេយ្យបានស្លាប់ហើយនៅក្នុងប្រទេសកម្ពុជាដោយសារតែរដ្ឋាភិបាលដែលស្ថិតក្រោមការគ្រប់គ្រងនិងឥទ្ធិពលរបស់ចិន»។
លោក Graham បានបន្ថែមថា ការណ៍នេះដោយសារតែរដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សប្រឆាំងនិងគាបសង្កត់អង្គការសង្គមស៊ីវិល។
អាជ្ញាធរកម្ពុជាបានចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ថាបានឃុបឃិតជាមួយនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយតុលាការកំពូលកម្ពុជាបានសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំនេះកាលពីខែវិច្ឆិកាឆ្នាំមុន។
លោក Ted Cruz សមាជិកព្រឹទ្ធសភាមកពីរដ្ឋតិចសាស់ដែលចូលរួមគាំទ្រសេចក្តីព្រាងច្បាប់នេះដែរបានបន្ថែមថា ច្បាប់ CARI នេះគឺជាវិធានការ«សមស្រប» ដើម្បីឆ្លើយតបនឹង «ការដឹកនាំផ្តាច់ការដ៏យូររបស់លោក ហ៊ុន សែន និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
កាលពីចុងខែមករាសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលចំនួន៨នាក់ដែលមានលោក Linsey Graham លោក John McCain លោក Dick Durbin លោក Marco Rubio លោក Benjamin L. Cardin លោកEdward J. Markey លោក Cory Gardner និងលោក Patrick J. Leahy ក៏បានសរសេរលិខិតដោយផ្ទាល់រួមគ្នាមួយទៅលោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិឱ្យធ្វើការជាមួយនឹងដៃគូនិងសម្ព័ន្ធមិត្តរបស់អាមេរិកដើម្បី«ធ្វើឱ្យរដ្ឋាភិបាលកម្ពុជានៅឯកា»និង«ទាញប្រទេសកម្ពុជាវិលមកស្ថានភាពដើមវិញ» បើមិនដូច្នេះទេ គឺមិនត្រូវផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតក្នុងពេលខាងមុខទេ។
លិខិតនោះបានបន្ថែមថា៖
«យើងខ្ញុំក៏ទទូចឱ្យលោកស្រីឯកអគ្គរដ្ឋទូតពិចារណាប្រើប្រាស់សំឡេងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីសម្តែងការព្រួយបារម្ភអំពីការបង្ក្រាបនៅកម្ពុជាដោយសារតែក្រុមប្រឹក្សានេះបានដើរតួនាទីដ៏សំខាន់ក្នុងការតាក់តែងដំណោះស្រាយនយោបាយកម្ពុជាកាលពីដើមទសវត្សរ៍១៩៩០ក្នុងពេលមានសង្គ្រាមស៊ីវិលនិងអំពើប្រល័យពូជសាសន៍ខ្មែរក្រហម»។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏អនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីនានាដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនដោយគូសបង្ហាញពីតួនាទីរបស់ប្រទេសចិនក្នុងការបំផ្លិចបំផ្លាញប្រទេសកម្ពុជាកាលពីទសវត្សរ៍១៩៧០ដើម្បីជាការរំលឹកដល់ពលរដ្ឋកម្ពុជាកុំឱ្យប្រវត្តិសាស្ត្រជូរចត់វិលត្រឡប់មកវិញ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាជិកព្រឹទ្ធសភាដែលគាំទ្រសេចក្តីព្រាងច្បាប់ CARI។
កាលពីខែវិច្ឆិកាឆ្នាំ២០១៧ សេតវិមានបានប្រកាសផ្តាច់ជំនួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីជាការឆ្លើយតបនឹងការរំលាយគណបក្សសង្គ្រោះជាតិនិងការហាមឃាត់មន្ត្រីបក្សប្រឆាំងចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ៕