ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជប៉ុន​ផ្តល់​ប្រអប់​ឆ្នោត​គិត​ជា​ទឹកប្រាក់​៧.៥លានដុល្លារ


លោក ​Hidehisa ​Horinouchi ​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​​កម្ពុជា ​​ក្នុង​រូប​ថត​មួយ​ដែល​ត្រូវ​បាន​ចែក​ផ្សាយ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ២០១៧ ​ដោយ​ស្ថាន​ទូត​ជប៉ុន​នៅភ្នំពេញ។ ​(រូបថត៖​ ស្ថាន​ទូត​ជប៉ុន)
លោក ​Hidehisa ​Horinouchi ​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​​កម្ពុជា ​​ក្នុង​រូប​ថត​មួយ​ដែល​ត្រូវ​បាន​ចែក​ផ្សាយ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ២០១៧ ​ដោយ​ស្ថាន​ទូត​ជប៉ុន​នៅភ្នំពេញ។ ​(រូបថត៖​ ស្ថាន​ទូត​ជប៉ុន)

កាលពីថ្ងៃពុធ ​ប្រទេសជប៉ុន​បាន​បរិច្ចាគ​ប្រអប់​ឆ្នោត​ជាង​១ម៉ឺនសំរាប់​ការបោះ​ឆ្នោតឆ្នាំ ២០១៨​ នៅ​កម្ពុជា។ ​នេះជា​ជំនួយ​អន្តរជាតិ​ដំបូងបង្អស់​សម្រាប់ការ​បោះឆ្នោត ​បន្ទាប់ពី​សហភាព​អ៊ឺរ៉ុបនិង​សហរដ្ឋអាមេរិច​បាន​ដក​ការ​គាំទ្រ​របស់​ខ្លួន ​បន្ទាប់ពី​ការ​រំលាយគណបក្ស​ប្រឆាំង។ ក្រុម​អង្គការ​សិទ្ធិមនុស្ស ​និង​សមាជិក​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែលត្រូវ​បាន​រំលាយ ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ដែល​ជា​អ្នកគាំទ្រ​ រួម​ទាំង​ប្រទេស​ជប៉ុនផង​ ឱ្យ​បញ្ឈប់ការ​ផ្តល់​មូលនិធិ​ដល់​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ បន្ទាប់ពី​ការ​សម្រេច​របស់​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​សំណើរបស់​រដ្ឋាភិបាល។ ​

ប៉ុន្តែកាល​ពីខែមុន​ ប្រទេស​ជប៉ុន ដែលជា​ប្រទេស​មួយ​នៃ​ប្រទេស​ផ្តល់មូល​និធិធំបំផុត​ដល់ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​និយាយ​ថា ​ ខ្លួន​នឹង​បន្តផ្តល់​ជំនួយផ្នែក​បោះឆ្នោត​ដល់​ការ​បោះឆ្នោត​ជ្រើស​រើស​ព្រឹទ្ធសភា​នៅខែនេះ​និង​ការបោះឆ្នោត​ទូទៅ​នៅក្នុងខែកក្កដា។ នៅក្នុងពិធី​មួយកាល​ពីថ្ងៃពុធ ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជាគឺ​លោក Hidehisa Horinouchi បាន​ថ្លែង​ថា គ.ជ.ប.​កំពុង​ត្រូវ​ការ​ប្រអប់​បោះឆ្នោត​ថ្មីជំនួស​ប្រអប់​ឆ្នោតផ្តល់ឱ្យដោយ​រដ្ឋាភិបាល​ក្រុង​តូក្យូ កាលពី ២០ ឆ្នាំ​មុន។ លោក Hidehisa Horinouchi ​បាននិយាយ​ថា «ប្រអប់​ឆ្នោត​ទាំង​នេះ​គឺជា​និមិត្តរូប​នៃ​ជំនួយ​ជប៉ុន​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​ខ្ញុំសង្ឃឹមថា ​ប្រអប់​ឆ្នោតទាំង​នេះនឹង​ផ្តល់អត្ថ​ប្រយោជន៍​យូរអង្វែង​សម្រាប់ការ​បោះឆ្នោត​នាពេល​អនាគត​ដោយ​រលូន។ ​ខ្ញុំសង្ឃឹមថា​ កម្ពុជា​សម្រេច​បាននូវការ​បោះឆ្នោត​ដែលឆ្លុះ​បញ្ចាំង​ពីឆន្ទៈ​ពិតរបស់​ប្រជាជន»។​

ប្រអប់​សំបុត្រ​ជប៉ុន​គិតជា​ទឹកប្រាក់​មានតម្លៃ ៧.៥លានដុល្លារ។

ប្រធាន គ.ជ.ប.លោកស៊ិក ប៊ុនហុក​បានប្រាប់ក្រុម​អ្នក​យកព័ត៌មាន​ កាលពី​ថ្ងៃពុធ​ថា​«មិត្តភក្តិ​ជប៉ុន​របស់​យើង​មិន​ដែល​បោះបង់​យើងចោល​ទេ»។ ​

កូនស្រី​របស់​លោក​កឹម សុខា​ មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ដែលជាប់​ពន្ធនាគារ​ពី​បទ​ក្បត់​ជាតិ​ បាន​ជំរុញ​ឱ្យ​ជប៉ុន​ពន្យល់​អំពី​ការគាំទ្រ​របស់​ខ្លួន​ចំពោះការ​បោះឆ្នោត​ខែកក្កដា។ ​នាង​កឹម មនោវិទ្យា​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រថា​ «ប្រទេស​ជប៉ុន​ត្រូវតែ​ពន្យល់ ​យ៉ាង​ហោច​ណាស់ពាក់​កណ្តាល​នៃប្រជាជន​កម្ពុជា​ទាំង​មូល​ថា ​ហេតុអ្វីបាន​ជាខ្លួន​គាំទ្រ​ការ​បោះឆ្នោត​សិប្បនិម្មិត​នេះ» ។

លោកស៊ិក ប៊ុនហុក​បាននិយាយ​ថា ​ប្រទេស​កម្ពុជា​ត្រូវការ​ប្រអប់​ឆ្នោត​ចំនួន ៣០០០០។ ​លោកបន្ថែម​ថា ​ឧបករណ៍​របស់​ចិន​សំរាប់​ការ​បោះឆ្នោត​ ទូទៅរួម​ទាំងសន្លឹក​ឆ្នោត​ និង​បន្ទប់​បោះឆ្នោតនឹង​មក​ដល់​នៅ​ខែ​មីនា។ ប្រទេស​ចិន​គឺជា​ម្ចាស់​ជំនួយ​ដ៏ធំបំផុត​របស់​ប្រទេស​កម្ពុជា​ ហើយការ​គាំទ្រ​របស់ចិន​បាន​ពង្រឹង​ជំហរ​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ក្នុង​ការ​ប្រឈម​នឹង​ការ​រិះគន់​ចំពោះ​អ្វី​ដែល​គូប្រជែង​របស់លោក​និយាយ​ថា ​ជាការ​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ។​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ត្រូវបាន​គេរំពឹង​ថា ​នឹង​បន្តការ​កាន់​អំណាច​រយៈពេល​ជាង​៣៣ឆ្នាំ​របស់​លោក​ក្នុង​ការបោះឆ្នោត​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG