នៅព្រឹកថ្ងៃពុធនេះ ព្រឹទ្ធសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រានានានៃរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលមានគោលដៅលើកតម្កល់ផលប្រយោជន៍ជាតិជាធំ ប្រឆាំងដាច់ខាតការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងការពារព្រះចេស្តារបស់អង្គព្រះមហាក្សត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា និងអ្នកនាំពាក្យរបស់ស្ថាប័នច្បាប់កំពូលមួយនេះ។
ការអនុម័តវិសោធនកម្មទាំងឡាយនេះបានធ្វើឡើង បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ពីអ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា អង្គការសង្គមស៊ីវិលផ្សេងៗ រួមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ពួកគេបានបង្ហាញក្តីបារម្ភថា វិសោធនកម្មទាំងអស់នេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមវិស័យនយោបាយ ការបញ្ចេញមតិ ហើយនឹងធ្វើឲ្យកម្ពុជាធ្លាក់ចូលកាន់តែជ្រៅទៅក្នុងប្រព័ន្ធដឹកនាំបែបផ្តាច់ការ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏បានថ្លែងដែរថា រាល់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលកំពុងកើតឡើងនេះ នឹងធ្វើឲ្យមានផលអាក្រក់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨ បានបញ្ជាក់ឲ្យដឹងថា សមាជិកព្រឹទ្ធសភាចំនួន៤៥នាក់ក្នុងចំណោម៥២នាក់ដែលមានវត្តមានក្នុងអង្គប្រជុំ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើវិសោធនកម្មមាត្រាចំនួន៥នៃរដ្ឋធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌដោយឥតកែប្រែ។
ព្រឹទ្ធសភាបានផ្តល់សេចក្តីអធិប្បាយលើវិសោធនកម្មមាត្រាចំនួន៥នៃរដ្ឋធម្មនុញ្ញថា ការកែប្រែនេះមានគោលដៅពង្រឹងបន្ថែមទៀតនូវឯករាជ្យជាតិ អធិបតេយ្យជាតិពេញបរិបូរជារដ្ឋស្មើភាពនិងស្មើសិទ្ធិជាមួយនឹងរដ្ឋដទៃទៀត និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ហើយធានាស្ថិរភាពនយោបាយនៅកម្ពុជា។
ការធ្វើវិសោធនកម្មមាត្រាចំនួន៥នេះក៏មានគោលដៅកំណត់សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ហើយបទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវកំណត់ក្នុងច្បាប់។ គណបក្សនយោបាយ សមាគម និងប្រជាពលរដ្ឋគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិជាដើម។
ទាក់ទិនការបន្ថែមមាត្រា៤៣៧ស្ទួនសម្រាប់ការពារកិត្តិនាមអង្គមហាក្សត្រនោះ ព្រឹទ្ធសភាបានពន្យល់ដោយសង្ខេបថា ការប្រមាថចំពោះព្រះមហាក្សត្រត្រូវកំណត់ជាទោសព្រហ្មទណ្ឌ ធានានូវការគោរព និងការប្រតិបត្តិរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះអង្គព្រះមហាក្សត្រឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
យ៉ាងណាក៏ដោយ នៅមុនមួយថ្ងៃនៃការអនុម័តវិសោធនកម្មទាំងនេះដោយព្រឹទ្ធសភាដែលគ្របដណ្តប់ដោយគណបក្សគ្រប់គ្រងប្រទេសនេះ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសមួយ សម្តែងក្តីបារម្ភជាខ្លាំងថា ការកែប្រែរដ្ឋធម្មនុញ្ញនេះនឹងដាក់កំហិតកាន់តែខ្លាំងឡើងលើលទិ្ធប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតជាតិឆ្នាំនេះ និងទៅថ្ងៃខាងមុខ។
អ្នកស្រី Rhona Smith និងលោក David Kaye ដែលអ្នកទាំងពីរជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនោះ ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«យើងខ្ញុំជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការវាយតម្លៃឡើងវិញឲ្យបានហ្មត់ចត់និងពេញលេញចំពោះសេចក្ដីព្រាងនៃការធ្វើវិសោធនកម្មច្បាប់ ដើម្បីធានាថា ការធ្វើវិសោធនកម្មទាំងនេះស្របទៅតាមច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
អ្នកជំនាញអង្គការសហប្រជាជាតិទាំងពីរបានបន្ថែមទៀតថា ការធ្វើវិសោធនកម្មដែលបានស្នើឡើងទាំងនោះប្រើ «ពាក្យបច្ចេកទេសទូលំទូលាយពេក ហើយត្រូវការភាសាជាក់លាក់ជាងនេះដើម្បីឲ្យស្របទៅតាមបទដ្ឋានអន្តរជាតិ»។
ពួកគេក៏បានពណ៌នាថា បញ្ញត្តិថ្មីដែលចែងពីការការពារព្រះមហាក្សត្រនោះមានលក្ខណៈមិនស៊ីគ្នា និងកាតព្វកិច្ចទាំងឡាយរបស់កម្ពុជានៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ខណៈដែលច្បាប់ទាំងនោះបានធ្វើឲ្យមានទោសព្រហ្មទណ្ឌចំពោះការប្រើប្រាស់សេរីភាពក្នុងការនិយាយស្តី។
ស្របពេលជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកនិងក្រៅប្រទេសចំនួន៦៤ក៏បានចេញសេចក្តីថ្លែងការណ៍រួម ដោយបានបង្ហាញការបារម្ភជាខ្លាំងផងដែរ ចំពោះរាល់ការធ្វើវិសោធនកម្មដែលត្រូវបានអនុម័តដោយព្រឹទ្ធសភា។
ពួកគេបានសរសេរថា ការស្នើធ្វើវិសោធនកម្មទាំងនេះបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន និងធ្វើឡើងដើម្បីដាក់ទោសបន្ថែមទៀតទៅលើបុគ្គល ឬក៏ស្ថាប័នណាដែលហ៊ានបញ្ចេញមតិប្រឆាំងដោយស្របច្បាប់។ ពួកគេបានបន្តបញ្ជាក់ឲ្យដឹងថា ការធ្វើវិសោធនកម្មនេះធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ផ្ទៃក្នុងដ៏ប្រញាប់ និងសម្ងាត់ដែលមិនបានស្វែងរកមតិយោបល់ពីសង្គមស៊ីវិល ឬសាធារណជនកម្ពុជាជាទូទៅ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៦៤ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បានសរសេរក្នុងន័យដើមថា៖
«សេចក្តីស្នើវិសោធនកម្មទាំងនេះធ្វើឡើងក្នុងបរិបទវាយប្រហារជាទូទៅលើលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិ និងសេរីភាពមូលដ្ឋាន»។
សេចក្តីថ្លែងការណ៍រួមនេះបានបន្ថែមថា ការបង្កា្របជាប្រព័ន្ធលើសំឡេងឯករាជ្យ រួមមានការបិទកាសែតឯករាជ្យ ស្ថានីយវិទ្យុ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ព្រមទាំងការចាប់ និងការយាយីអ្នកការពារសិទ្ធិមនុស្ស បង្ហាញឲ្យឃើញនូវចេតនានៅពីក្រោយសេចក្តីស្នើច្បាប់ទាំងនេះ។ ការធ្វើវិសោធនកម្មនេះ អាចជាអាវុធស្របច្បាប់បន្ថែមទៀតសម្រាប់រដ្ឋាភិបាល ដែលហាក់ដូចជាមានបំណងលុបបំបាត់គ្រប់ទម្រង់នៃការតវ៉ាដោយសន្តិវិធី ពហុនិយម និងការពិភាក្សានយោបាយដែលបើកចំហ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាគោរពកាតព្វកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ «ដោយបដិសេធចោលនូវសេចក្តីស្នើវិសោធនកម្មទាំងស្រុង»។
ទោះជាមានប្រតិកម្មផ្ទួនៗពីក្រុមអង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងការពារសេចក្តីសម្រេចចិត្តរបស់ព្រឹទ្ធសភានេះ ដោយនិយាយថា ព្រឹទ្ធសភាអនុវត្តតួនាទីក្នុងនាមជាស្ថាប័នច្បាប់របស់ជាតិ ហើយថា រាល់មតិរិះគន់ផ្សេងៗ ដែលចេញដោយអង្គការទាំងអស់នោះ គ្រាន់តែជាការសម្តែងមតិប៉ុណ្ណោះ។
«ស្ថាប័នជាតិដែលត្រូវដំណើរការទៅតាមរដ្ឋធម្មនុញ្ញ អីចឹងរដ្ឋសភាបានពិនិត្យលើសេចក្តីព្រាងច្បាប់ហ្នឹងមកហើយ ហើយបញ្ជូនមកព្រឹទ្ធសភា ព្រឹទ្ធសភាមានកាតព្វកិច្ចពិនិត្យ និងផ្តល់យោបល់ ហើយព្រឹកមិញនេះបានពិនិត្យហើយផ្តល់យោបល់លើច្បាប់ហ្នឹងចប់សព្វគ្រប់ហើយ ដូច្នេះរឿងយោបល់របស់ខាង NGO ក្តី យោបល់របស់អង្គការនេះ អង្គការនោះ អាហ្នឹងជារឿងធម្មតាទេ។ អាហ្នឹងជាសិទ្ធិរបស់គេ។ គេមានយោបល់ម៉េច...ប៉ុន្តែព្រឹទ្ធសភា និងរដ្ឋសភាបានសម្តែងយោបល់របស់ខ្លួនរួចហើយ ក្នុងនាមជាតំណាងឲ្យប្រជាពលរដ្ឋ និងតំណាងឲ្យប្រជាជាតិទាំងមូល គឺបានផ្តល់យោបល់ហើយ»។
លោកបានអះអាងបន្ថែមថា កម្ពុជាជារដ្ឋអធិបតេយ្យ និងជាសមាជិកអង្គការសហប្រជាជាតិដែលមានសិទ្ធិពេញលេញក្នុងការអនុវត្តសិទ្ធិ និងធ្វើការសម្រេចចិត្តដោយខ្លួនឯង ដោយមិនចាំបាច់សុំយោបល់ពីភាគីណាមួយឡើយ។
«កម្ពុជាជារដ្ឋអធិបតេយ្យ មិនមែនរដ្ឋចំណុះរបស់អ្នកណាដែលមុនធ្វើអីត្រូវសុំយោបល់គេឯណ៎ា? មិនអីចឹងទេ! កម្ពុជាជារដ្ឋអធិបតេយ្យមួយ ជាសមាជិកអង្គការសហប្រជាជាតិ។ អីចឹងកម្ពុជាមានសិទ្ធិសម្រេច ចាត់ចែងការងាររបស់ប្រទេសខ្លួន ម៉េចយើងទៅគិតថា អង្គការនេះ អង្គការនោះខឹង ឬប្រតិកម្មយ៉ាងនេះ យ៉ាងនោះ? អានោះដូចអត់មានអីត្រូវគិតអីចឹងទេ»។
ក្នុងការបោះឆ្នោតអនុម័តសេចក្តីស្នើវិសោធកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌនៅថ្ងៃពុធដដែលនេះ មានសមាជិកព្រឹទ្ធសភាមកពីគណបក្សភ្លើងទៀន៧នាក់ ដែលមិនបានបោះឆ្នោតផ្តល់សេចក្តីយល់ព្រមឲ្យមានការធ្វើវិសោធនកម្មទាំងនេះទេ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យព្រឹទ្ធសភា។ សមាជិកសភា និងព្រឹទ្ធសភាគណបក្សប្រឆាំងមួយចំនួនបានលើកឡើងកាលពីពេលកន្លងមកថា សេចក្តីស្នើវិសោធនកម្មទាំងឡាយទៅលើរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌគឺជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ និងមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរឡើយ៕