លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេរំលាយ បានបន្តសុំឲ្យអ្នកគាំទ្រគណបក្សប្រឆាំងដែលចាប់ផ្តើមកើនសំឡេងខ្លាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ កុំទៅបោះឆ្នោត ហើយបោះក្នុងចិត្តដល់គណបក្សប្រឆាំងសង្គ្រោះជាតិ។ អ្នកនាំពាក្យស្ថាប័នរៀបចំបោះឆ្នោតជាតិ និយាយថា ការអំពាវនោះ ផ្ទុយពីច្បាប់ និងស្ថានភាពសង្គមជាក់ស្តែងនៅកម្ពុជា។
នៅថ្ងៃអង្គារនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងពីការដាក់ពង្រាយការិយាល័យបោះឆ្នោតចំនួនប្រមាណ២៤០០០កន្លែងនៅទូទាំងប្រទេស ដែលការិយាល័យទាំងនោះ នឹងដាក់ឲ្យប្រតិបត្តិការនៅក្នុងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យគ.ជ.ប។
សេចក្តីប្រកាសអំពីការិយាល័យបោះឆ្នោតនេះ បានធ្វើឡើងភ្លាមៗ ក្រោយនីតិវិធីចុះបញ្ជីឈ្មោះគណបក្សនយោបាយនិងបេក្ខជនសម្រាប់ការឈរឈ្មោះបោះឆ្នោតសភាដែលត្រូវបានបិទកាលពីថ្ងៃចន្ទ។ ស្របពេលជាមួយគ្នានេះដែរ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេរំលាយ បានបន្តអំពាវនាវឲ្យពលរដ្ឋពហិការមិនចូលរួមការបោះឆ្នោត ខែកក្កដាខាងមុខ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា គ.ជ.ប បានសម្រេចឲ្យមានការិយាល័យបោះឆ្នោតនៅទូទាំង២៥រាជធានីខេត្ត ហើយការិយាល័យនីមួយៗ នឹងមានមន្ត្រីចំនួន៦នាក់ ដើម្បីរៀបចំការបោះឆ្នោត។ លោកថា ការប្រកាសណាមួយដែលមិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាការអំពាវនាវផ្ទុយពីច្បាប់ និងតថភាពសង្គម។ លោកមានប្រសាសន៍ថា៖
«បាទអានេះ ជាការដើរបញ្ច្រាសច្បាប់ ដើរបញ្ច្រាសសង្គម ដែលគណបក្សចំនួន២០ លោកមានជំនឿចិត្តទៅលើការបោះឆ្នោត ដែលបានចុះឈ្មោះប្រកួតប្រជែង ហើយប្រជាពលរដ្ឋក៏បានត្រៀមខ្លួនជាស្រេចអ៊ីចឹង អ្វីដែលគាត់បានលើកឡើងគឺជាការដើរបញ្ច្រាសច្បាប់ហើយ ហើយក៏ជាការបង្ហាញនូវភាពផ្តាច់មុខខាងនយោបាយ ដែលប្រកាសថា ទាល់តែមានគណបក្សអតីតសង្គ្រោះជាតិបានឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតអ៊ីចឹង ច្បាប់ចែង ឬក៏លទ្ធិប្រជាធិបតេយ្យមិនមានចែងថា ត្រូវតែមានគណបក្សនេះ ត្រូវតែមានគណបក្សនោះទេ បាទ។ អ៊ីចឹង អ្វីដែលគាត់ធ្វើគឺ កំពុងតែដើរបញ្ច្រាសច្បាប់ហើយបាទ»។
លោក សម រង្ស៊ី យល់ផ្ទុយពីការអះអាងរបស់គ.ជ.ប។ លោក សម រង្ស៊ី ដែលបច្ចុប្បន្នជាមេដឹកនាំចលនាសង្គ្រោះជាតិ បានបន្តហៅការបោះឆ្នោត នាពេលខាងមុខ បើគ្មានគណបក្សសង្គ្រោះជាតិថា ជាការបោះឆ្នោតក្លែងក្លាយ។ លោកបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ ខែឧសភានេះ ក្នុងអត្ថន័យដើមថា៖
«យើងត្រូវបន្តការតស៊ូ ដែលយើងបានចាប់ផ្តើមនៅឆ្នាំ ២០១៣ ដោយធ្វើពហិការ មិនចូលរួមការបោះឆ្នោតក្លែងក្លាយ នៅឆ្នាំ ២០១៨នេះ។ ពេលនេះនៅផ្ទះ មិនទៅបោះឆ្នោត មានន័យថា បោះឆ្នោតក្នុងចិត្តឲ្យគណបក្សសង្គ្រោះជាតិ»។
បន្ថែមលើការអំពាវនាវរបស់លោក សម រង្ស៊ី ដែលឥឡូវកំពុងរស់នៅដោយនិរទេស ខ្លួននៅប្រទេសបារាំងនោះ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ បានចេញសេចក្ដីថ្លែងការណ៍នេះ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដោយពុំមានវត្តមានរបស់គណបក្សសង្គ្រោះជាតិចូលរួម។
សេចក្ដីថ្លែងការណ៍របស់បក្សប្រឆាំង ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទនេះ បានសរសេរថា៖«គណបក្សសង្គ្រោះជាតិថ្កោលទោសចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានដកជម្រើសរបស់ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត តាមរយៈការមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ»។
សេចក្ដីថ្លែងការណ៍នោះបានជំរុញប្រជាពលរដ្ឋខ្មែរឲ្យ «ធ្វើពហិការកុំចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ» ដោយបានបញ្ជាក់ថា ការមិនទៅបោះឆ្នោតជា «សិទ្ធិរបស់ពលរដ្ឋម្នាក់ៗ» និង «មានន័យថា គាំទ្រគណបក្សសង្គ្រោះជាតិក្នុងចិត្ត»។
នៅមុនការបិទដំណើរការចុះបញ្ជីគណបក្សនយោបាយសម្រាប់ប្រកួតប្រជែងការបោះឆ្នោតខែកក្កដានោះ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ដែលបានបន្តឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សិទ្ធិមនុស្សនិងនយោបាយកម្ពុជាយ៉ាងដិតដល់នោះ បានថ្លែងតាមសេចក្ដីប្រកាសមួយ ដោយបានលើកឡើងថា «ការបោះឆ្នោតមួយមិនអាចក្លាយជាការបោះឆ្នោតពិតប្រាកដបានទេ ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយត្រូវបានរារាំងមិនឲ្យចូលរួម»។
អ្នកស្រី ស្មីត បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលត្រូវតែដោះលែងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំជាបន្ទាន់ និងលុបចោលការហាមឃាត់សមាជិកគណបក្សប្រឆាំងក្នុងការចូលរួមការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
បន្ទាប់ពីអាជ្ញាធរកម្ពុជា ចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងគឺលោក កឹម សុខា ក្រោមការសង្ស័យថា លោកបានប្រព្រឹត្តអំពើក្បត់ជាតិ ការគាបសង្កត់របស់អាជ្ញាធររដ្ឋាភិបាលមកលើសេរីភាពសារព័ត៌មានឯករាជ្យ និងការរំលាយគណបក្សសង្គ្រោះជាតិតាមអំណាចសាលដីកាតុលាការកំពូលកាលពីឆ្នាំ ២០១៧ ប្រទេសប្រជាធិបតេយ្យធំៗ ដែលរួមមានស៊ុយអែត អាល្លឺម៉ង់ ព្រមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនទៀតបានប្រតិកម្មជាបន្តបន្ទាប់ ដោយបានសម្ដែងក្ដីបារម្ភពីការដើរថយក្រោយនៃប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ មានគណបក្សនយោបាយចំនួនបួន ត្រូវបានទទួលស្គាល់ជាផ្លូវការសម្រាប់ការចូលរួមការបោះឆ្នោតខែកក្កដា។ នេះបើយោងតាមសេចក្តី ប្រកាសគ.ជ.ប ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ។
គណបក្សទាំងបួននោះរួមមាន គណបក្សយុវជនកម្ពុជា ដែលនឹងឈរឈ្មោះក្នុងមណ្ឌលចំនួន១៧ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលនឹងឈរឈ្មោះក្នុងមណ្ឌលចំនួន២៥ គណបក្សសញ្ជាតិកម្ពុជា ដែលនឹងឈរឈ្មោះក្នុងមណ្ឌលចំនួន២៥ ហើយនិងគណបក្សខ្មែររួបរួមជាតិដែលត្រូវបានបង្កើតឡើងដោយលោកញឹក ប៊ុនឆៃ អតីតមេទ័ពរបស់ព្រះម្ចាស់នរោត្តមរណឫទ្ធិ។ គណបក្សនេះក៏នឹងឈរឈ្មោះក្នុងមណ្ឌលចំនួន២៥។
គណបក្សនយោបាយ១៥ផ្សេងទៀតត្រូវគេរាយការណ៍មកថា កំពុងត្រូវបានគ.ជ.ប ពិនិត្យ ខណៈដែលគណបក្សហ៊្វុនស៊ីនប៉ិច ក៏ត្រូវបានសម្រេចទទួលស្គាល់សម្រាប់ឈរឈ្មោះក្នុង២៥ មណ្ឌល៕