ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត


រូបឯកសារ៖ បុរសម្នាក់ជិះកាត់ទីស្នាក់ការកណ្តាលនៃគណបក្សសង្គ្រោះជាតិ ដេល​ត្រូវបាន​រំលាយ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ បុរសម្នាក់ជិះកាត់ទីស្នាក់ការកណ្តាលនៃគណបក្សសង្គ្រោះជាតិ ដេល​ត្រូវបាន​រំលាយ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ជំរុញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ «ធ្វើ​ពហិការ​កុំ​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ​នេះ‍» ដោយ​បាន​បញ្ជាក់​ថា ការ​មិន​ទៅ​បោះ​ឆ្នោត​ជា «សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ‍» និង «មាន​ន័យ​ថា គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត‍»។

នៅ​ថ្ងៃ​ច័ន្ទ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ បាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះ​ឆ្នោត ក៏​ដូចជា​ស្នើ​ដល់​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បិទ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ដោយ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម។

សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​ប្រឆាំង ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​សរសេរ​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​បាន​ដក​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត តាម​រយៈ​ការ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ‍»។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ជំរុញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ «ធ្វើ​ពហិការ​កុំ​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ​នេះ‍» ដោយ​បាន​បញ្ជាក់​ថា ការ​មិន​ទៅ​បោះ​ឆ្នោត​ជា «សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ‍» និង «មាន​ន័យ​ថា គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត‍»។

បក្ស​ប្រឆាំង​នេះ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​សហគមន៍​អន្តរជាតិ​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ដោយ​ចាត់ទុក​ការ​បោះ​ឆ្នោត​នេះ​ថា «មិន​ស្រប​ច្បាប់ ដូច​នៅ​ក្នុង​ស្មារតី​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​បណ្ដា​ប្រទេស​ចំនួន ៤៥ ជា​រដ្ឋ​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ដែល​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​លើក​ទី ៣៧ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី ២១ ខែ​មីនា‍» កន្លង​ទៅ​នេះ។

បន្ថែម​ពី​នេះ​ទៀត នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ បក្ស​ប្រឆាំង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជប៉ុន​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ផង​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ក្រោម​ការ​ស្នើ​របស់​រដ្ឋាភិបាល ដោយសារតែ​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​របស់​គណបក្ស​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

XS
SM
MD
LG