មេដឹកនាំកម្ពុជានិងមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) បានប្រកាសជំហរផ្ទុយគ្នាកាលពីថ្ងៃចន្ទ ចំពោះការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨ ដែលកាន់តែខិតចូលមកដល់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការបោះឆ្នោតមិនអាចពន្យារពេលបានទេ ខណៈដែលអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតពិសេសរបស់អ.ស.ប.បានអំពាវនាវឲ្យមានការបោះឆ្នោតពិតប្រាកដមួយ ពោលគឺត្រូវមានការចូលរួមរបស់គណបក្សប្រឆាំងសង្គ្រោះជាតិដែលត្រូវបានរំលាយតាមបណ្ដឹងរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ដែលបានបន្តឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សិទ្ធិមនុស្សនិងនយោបាយកម្ពុជាយ៉ាងដិតដល់នោះ បានថ្លែងតាមសេចក្ដីប្រកាសព័ត៌មានមួយថា ការបោះឆ្នោតនៅពេលខាងមុខ គឺជាការបោះឆ្នោតមិនពិតប្រាកដ ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានផាត់ចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះ។
អ្នកស្រីត្រូវបានស្រង់ប្រសាសន៍តាមន័យដើមថា៖
«ការបោះឆ្នោតមួយមិនអាចក្លាយជាការបោះឆ្នោតពិតប្រាកដបានទេ ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយត្រូវបានរារាំងមិនឲ្យចូលរួម»។
អ្នកស្រី ស្មីត បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលត្រូវតែដោះលែងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំជាបន្ទាន់ និងលុបចោលការហាមឃាត់សមាជិកគណបក្សប្រឆាំងក្នុងការចូលរួមការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដដែល ដែលបានចេញផ្សាយដោយការិយាល័យឧត្ដមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីយប់ថ្ងៃចន្ទ។
អ្នកស្រី ស្មីត បានបញ្ជាក់បន្ថែមតាមន័យដើមថា៖
«អ្នកដែលគ្រប់គ្រងប្រទេសបច្ចុប្បន្ននៅមានឱកាសចុងក្រោយមួយ ដើម្បីបង្វែរទិសដៅបច្ចុប្បន្ន ហើយងាកទៅរកគន្លងប្រជាធិបតេយ្យពហុបក្ស និងការបោះឆ្នោតពិតប្រាកដដែលមានចែងដោយរដ្ឋធម្មនុញ្ញ ដោយធានាឲ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នាសម្រាប់គណបក្សនយោបាយទាំងអស់»។
ការអំពាវនាវរបស់ប្រេសិតពិសេសអង្គការសហប្រជាជាតិនៅថ្ងៃចន្ទគឺធ្វើឡើងនៅថ្ងៃតែមួយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្រកាសទទួលពាក្យចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនសម្រាប់ការបោះឆ្នោតសភានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។ តាមការបញ្ជាក់របស់គ.ជ.ប. ការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជន នឹងត្រូវបញ្ចប់ទៅនៅថ្ងៃទី១៤ ខែឧសភាខាងមុខ។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រដំណើរការរៀបចំការបោះឆ្នោតដោយ គ.ជ.ប. ដោយលោកថ្លែងថា នឹងមិនមានការប្រែប្រួលជាដាច់ខាត។ ការអធិប្បាយរបស់លោក ហ៊ុន សែន បានធ្វើឡើងមុនប៉ុន្មានម៉ោងនៃការចេញសេចក្ដីប្រកាសរបស់អ្នកស្រីស្មីត។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រមួយនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូបនិងជាមេដឹកនាំរបស់កម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំមកហើយបានមានប្រសាសន៍ថា បើចង់មានការពន្យារពេលបោះឆ្នោតលុះតា្រតែមានការកែច្បាប់រដ្ឋធម្មនុញ្ញ។
«បើចង់ពន្យារទៅកែរដ្ឋធម្មនុញ្ញ បើចង់ពន្យារទៅកែច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្មានសិទ្ធិ និងពន្យារទេព្រោះ នីតិវិធីនេះ គាត់ដាក់ចេញដោយផ្អែកលើច្បាប់ដែលយើងចេញ»។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនថ្លែងចំឈ្មោះគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំមុននោះទេ តែលោកបានថ្លែងក្នុងន័យធៀបថា ខ្មោចដែលបានស្លាប់ទៅហើយនោះ មិនអាចរស់រានមានជីវិតវិញបានទេ។
លោក ហ៊ុន សែន ថ្លែងថា៖
«ខ្មោចដែលវាងាប់ហើយនោះ គេយកទៅកប់ដុត មិនដឹងឆ្អឹងនៅឯណា វាមិនរស់ឡើងវិញទេ។ វាមានតែអ្នកដែលបក្សនយោបាយពិតប្រាកដតែប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោតពិតប្រាកដនោះ។ អីចឹងស ខ្មៅវាបានឃើញហើយ»។
លោក ហ៊ុន សែន បានច្រានចោលការឃោសនាថា ប្រសិនបើលោកមិនពន្យារពេលការបោះឆ្នោតនោះ លោកនឹងត្រូវបានគេចាប់ខ្លួន។ លោកបានគំរាមបញ្ជាកងទ័ពប្រឆាំងនឹងជនណាដែលមានចេតនាចង់ចាប់ខ្លួនលោកក្នុងប្រទេសកម្ពុជា ប្រសិនបើលោកមិនព្រមលើកពេលការបោះឆ្នោត។
សេចក្ដីប្រកាសរបស់ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានពណ៌នាពីការបង្ក្រាបខាងនយោបាយកាលឆ្នាំមុនថា កាលពីខែវិច្ឆិកាកន្លងទៅនេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានរំលាយហើយសមាជិកចំនួន១១៨នាក់នៃគណបក្សនេះត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ។
អាសនៈទាំងអស់របស់គណបក្សនេះទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវបានបែងចែកទៅឲ្យសមាជិកមកពីគណបក្សកាន់អំណាច និងគណបក្សផ្សេងទៀត ដែលមិនត្រូវបានពលរដ្ឋបោះឆ្នោតឲ្យនោះទេ។
សេចក្ដីប្រកាសព័ត៌មានដដែល បានរៀបរាប់បន្តថា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានគេរំលាយ គឺលោក កឹម សុខា ត្រូវបានឃុំខ្លួន តាំងពីខែកញ្ញា ហើយបច្ចុប្បន្នគាត់នៅបន្តជាប់ពន្ធនាគារនៅឡើយពីបទអំពើក្បត់ជាតិពាក់ព័ន្ធនឹងការអត្ថាធិប្បាយដែលលោកនិយាយនៅក្នុងឆ្នាំ២០១៣ ស្ដីពីយុទ្ធសាស្ត្រនយោបាយថ្នាក់មូលដ្ឋានរបស់គាត់ ដើម្បីប្រជែងជាមួយរដ្ឋាភិបាលបច្ចុប្បន្ន។ អតីតប្រធានគណបក្សប្រឆាំងនេះម្នាក់ទៀត គឺលោកសម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេសបន្ទាប់ពីគាត់ត្រូវបានគេប្តឹងចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងមួយចំនួននៅប្រទេសកម្ពុជា។
សេចក្ដីប្រកាសរបស់អ្នកស្រី ស្មីត បានបន្ថែមថា សមាជិកគាំទ្រជាច្រើនទៀតនៃគណបក្សសង្គ្រោះជាតិ បានភៀសខ្លួនផងដែរទៅក្រៅប្រទេស ដោយភ័យខ្លាចមានការចាប់ខ្លួននិងការបៀតបៀនផ្សេងៗ។ អ្នកខ្លះបានជាប់ពន្ធនាគារផងដែរ ជាមួយអតីតមេដឹកនាំគណបក្សនយោបាយដទៃទៀត រាប់ទាំងលោក ញឹក ប៊ុនឆៃ នៃគណបក្សខ្មែររួបរួមជាតិ) និងលោក សួន សេរីរដ្ឋា នៃគណបក្សអំណាចខ្មែរ។ ក៏ប៉ុន្តែលោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការដោះលែងឲ្យនៅស្ថិតក្រៅឃុំជាបណ្ដោះអាសន្ន ដោយតុលាការមិនបានបញ្ជាក់ពីមូលហេតុនៅពីក្រោយការដោះលែងនេះឡើយកាលពីល្ងាចថ្ងៃចន្ទ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.មានប្រសាសន៍ប្រាប់VOA នៅថ្ងៃអង្គារនេះថា អ្នកស្រី ស្មីត ទំនងមិនយល់ពីទិដ្ឋភាពច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលមិនមានច្បាប់ណាចែងថា បើគ្មានគណបក្សប្រឆាំងឈ្មោះថាគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យការបោះឆ្នោតមួយបាត់សុពលភាពរបស់ខ្លួននោះឡើយ។
«ក្នុងច្បាប់ហ្នឹងគឺអត់មានទេ នែ៎! ថាទាល់តែមានគណបក្សនេះ គណបក្សនោះចូលរួមបានអាចជាការបោះឆ្នោតត្រឹមត្រូវ។ ចឹងខ្ញុំគិតថា រាល់ការលើកឡើងរបស់លោកស្រី គឺគ្រាន់តែជាទស្សនៈដោយឡែកមួយដែលមិនបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពច្បាប់ហ្នឹងស្ថានភាពសង្គមជាក់ស្ដែងដែលប្រជាពលរដ្ឋ កំពុងតែត្រៀមខ្លួនទៅបោះឆ្នោតគ្រប់ៗគ្នា ហើយគណបក្សនយោបាយយ៉ាងហោចណាស់ ១០ហើយបាន បង្ហាញឆន្ទៈចូលរួមក្នុងការបោះឆ្នោតបាទ»។
លោក ហង្ស ពុទ្ធា បានបន្ថែមទៀតថា ការពន្យារពេលនឹងមិនអាចទៅរួចនោះឡើយ ដោយហេតុថាគ.ជ.ប. គ្មានសិទ្ធិអំណាចក្នុងការពន្យារពេលការបោះឆ្នោត ដែលរដ្ឋាភិបាលជាអ្នកកំណត់ទៅតាមច្បាប់។
នៅពេល VOA សួរលោកអំពីការបារម្ភនៃការថយចុះចំនួនអ្នកចេញទៅបោះឆ្នោត លោក ហង្ស ពុទ្ធ បានរំពឹងទុកថា អ្នកបោះឆ្នោតនឹងតែមាន បើផ្អែកទៅលើគណបក្សនយោបាយដែលបានចុះបញ្ជីដែលរួមមានគណបក្សកាន់អំណាច។
លោកលើកឡើងថា ក៏គ្មានច្បាប់ណាចែងថា ការបោះឆ្នោតមួយមិនអាចយកជាបានប្រសិនបើអ្នកចេញទៅបោះឆ្នោតមានចំនួនមិនលើសពី៥០ភាគរយនោះ។
បន្ទាប់ពីអាជ្ញាធរកម្ពុជា ចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងគឺលោក កឹម សុខា ក្រោមការសង្ស័យថា លោកបានប្រព្រឹត្តអំពើក្បត់ជាតិ ការគាបសង្កត់លើសេរីភាពសារព័ត៌មានឯករាជ្យនិងការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ ប្រទេសប្រជាធិបតេយ្យធំៗ ដែលរួមមានស៊ុយអែត អាល្លឺម៉ង់ ព្រមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសស្រលាញ់លទ្ធិប្រជាធិបតេយ្យបានប្រតិកម្មជាបន្តបន្ទាប់ ដោយបានសម្ដែងក្ដីបារម្ភពីការដើរថយក្រោយនៃប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។
នៅមុនពេលមានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ស្មីត ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតដ៏ចម្រូងចម្រាសនាពេលខាងមុខនេះ ក្រុមអ្នកនយោបាយមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដែលត្រូវបានរំលាយ បានផ្ដល់ទស្សនៈផ្សេងគ្នា ដោយខាងបក្សកាន់អំណាចថាគ្មានការចរចា ដើម្បីសម្រួលឲ្យមានការវិលត្រឡប់របស់គណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតនោះឡើយ ហើយខាងគណបក្សសង្គ្រោះជាតិយល់ថា ប្រទេសកម្ពុជាអាចប្រឈមនឹងគំនាបសេដ្ឋកិច្ច ប្រសិនបើការបោះឆ្នោតខែកក្កដានេះ មិនបានផ្ដល់សេរីភាពឲ្យម្ចាស់ឆ្នោតសម្ដែងមតិក្នុងការជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តសម្រាប់ការដឹកនាំដោយឈរលើគោលការណ៍ស្មើភាពគ្នានោះ៕