ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រសួង​អប់រំ​​និង​ស្ថានទូត​អង់គ្លេស​ជំរុញ​ការ​ស្វែង​យល់​ផ្នែក​វិទ្យាសាស្ត្រ​


យោង​តាម​ស្ថិតិ​ផ្តល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចំនួន​សិស្ស​ដែល​ជ្រើស​រើស​ជំនាញ​វិស្វកម្ម​​​​​នៃ​ផ្នែក​វិទ្យា​សាស្ត្រ​គឺ​មាន​តែ​៣​ភាគ​រយ​ប៉ុណ្ណោះ​ ​ធៀប​នឹង​ចំនួន​សិស្ស​ជ្រើស​រើស​ផ្នែក​គ្រប់​គ្រង​ជំនួញ​ដែល​មាន​ចំនួន​ដល់​ទៅ​៤៥​ភាគ​រយ។​

អ្នក​វិទ្យា​សាស្ត្រ​វ័យ​កុមារ​កម្ពុជា​ចំនួន​បួន​រូប បាន​ធ្វើ​ការ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ពួកគេ​អំពី​ការ​ពិសោធ​ទឹកភេសជ្ជៈ​ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព វិធី​ចម្រោះ​ទឹក​ស្អាត​ និង​ការ​បង្កើត​វីដេអូ​ហ្គេម​ក្នុង​កម្ម​វិធី​ដាក់​ឲ្យ​ដំណើរ​ការ​មជ្ឈមណ្ឌល​ STEM​ (STEM HUB) ​និង​ផ្សព្វ​ផ្សាយ​ទស្សនាវដ្ដីហៅថា ​«អ្នក​វិទ្យាសាស្ត្រ​តូច»​ ដែល​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធកន្លងទៅ។​

នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញឲ្យ​កុមារ​ និង​យុវជន​កម្ពុជា​ផ្តោត​ខ្លាំង​បន្ថែម​ទៀត​ទៅ​លើ​កម្មវិធី​អប់រំ​ ​ឈ្មោះ​ថា​ ​សាលា​ជំនាន់​ថ្មី​ ​ដែលផ្ដោត​ទៅ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ និង​គណិតវិទ្យា​ ​ដែល​គេ​ស្គាល់​ថា​ STEM ។​ សាលា​ជំនាន់​ថ្មី​ដដែល​នេះមាន​គោល​បំណងជំរុញ​ឲ្យ​មាន​អ្នក​ជំនាញខាងវិទ្យា​សាស្ត្រ​ច្រើន​ថែម​ទៀត​នៅ​កម្ពុជា។​

យោង​តាម​ស្ថិតិ​ផ្តល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចំនួន​សិស្ស​ដែល​ជ្រើស​រើស​ជំនាញ​វិស្វកម្ម​នៃ​ផ្នែក​វិទ្យា​សាស្ត្រ​គឺ​មាន​តែ​៣​ភាគ​រយ​ប៉ុណ្ណោះ​ ​ធៀប​នឹង​ចំនួន​សិស្ស​ជ្រើស​រើស​ផ្នែក​គ្រប់​គ្រង​ជំនួញ​ដែល​មាន​ចំនួន​ដល់​ទៅ​៤៥​ភាគ​រយ។​

​ក្រោយ​ការ​បង្ហាញ​លទ្ធផលស្រាវជ្រាវ​ដោយ​កុមារ​កម្ពុជា​ លោក​ ហង់ ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នេះ​ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សិស្ស​ និង​និស្សិត​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។​

​លោក​បញ្ជាក់​ថា​ ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ ​STEM​ (STEM HUB) ​និង​ផ្សព្វ​ផ្សាយ​ទស្សនា​វដ្តី​«អ្នក​វិទ្យាសាស្ត្រ​តូច»នឹង​លើក​ទឹកចិត្ត​ដល់​យុវជន​កម្ពុជា​ ឲ្យ​ជ្រើស​រើសយក​មុខវិជ្ជា​វិទ្យា​សាស្ត្រ។​

«ការ​បង្កើត​ឲ្យ​មាន​ STEM​ HUB​ ហើយ​នឹង​ទស្សនា​វដ្តី​នេះ​គឺ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​យើង​ហ្នឹង​រៀន​នូវ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ»។​

លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លើក​ឡើង​បន្ថែម​ថា​ ​ចំនួន​សិស្ស​កម្ពុជា​ដែល​បាន​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា បាន​ងាក​មក​ចាប់​យក​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​នេះ​ ដែល​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​នា​សត​វត្សរ៍​ទី​២១​នេះ។​ ​លោក​និយាយ​ថា​ ចំនួន​សិស្ស​ដែល​ចាប់​យក​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ​បាន​កើន​ឡើងប្រមាណ​ពី​៤០​ទៅ​៥០% ធៀប​ទៅ​នឹង​រយៈ​ពេល​បី​ឆ្នាំ​មុន។​

​មជ្ឈ​មណ្ឌល​ ​STEM​ ឬ​ STEM HUB​ នឹង​កា្លយ​ជា​មជ្ឈ​មណ្ឌល​សម្រាប់​ការ​រៀបចំ​ព្រឹត្តិ​ការណ៍ ដើម្បី​ការ​ចែក​រំលែក​រឿង​ជោគ​ជ័យ​នៃ​អ្នក​អាជីព​កម្ពុជា​ ដែល​ធ្វើការ​ក្នុង​ផ្នែក​ផេ្សងៗ​មាន​ជាប់​ទាក់​ទង​នឹងសាលា​ជំនាន់​ថ្មី​ ឬ​ ​STEM​ ដើម្បី​ញុំាង​ឲ្យ​យុវជន​ចូល​រួម​បន្ថែម​ក្នុង​ការ​ស្រាវជ្រាវ​ជំនាញ​នានា។

ការ​បង្កើត​ឡើង​នៃ​កម្មវិធី​អប់រំ​បែប​ទំនើប​ STEM​ នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា។​

លោក​ Bill Longhurst​ ឯក​អគ្គរាជ​ទូត​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​ ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរ​ការមជ្ឈ​មណ្ឌល​ STEM ​ថា​ ​គំលាតនៃ​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​របស់​សិស្ស​កម្ពុជា​នៅ​តែ​ធំ​ ធៀប​ទៅ​នឹងជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ទូទៅ ដែល​ពួកគេ​រៀន ​ហើយ​ភាគច្រើន​ផ្តោត​លើ​ជំនាញ​នៃ​ការ​គ្រប់​គ្រង​ជំនួញ។​ ​លោក​បន្ត​ថា​ ​ស្ថានទូត​ចក្រភព​អង់គ្លេស​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​កម្ពុជា​ងាក​មក​រៀន​ជំនាញ​វិទ្យាសាស្ត្រ​ តាម​ការ​បើកឲ្យ​មាន​កម្មវិធី​ STEM​ ​នេះ។​

«ប៉ុន្តែ​គោល​ដៅ​របស់​យើង​គឺ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជំនាន់​ក្រោយ​របស់​កម្ពុជា​ ជ្រើស​រើស​យក​មុខ​វិជ្ជា​របស់​កម្មវិធី​អប់រំ​ STEM​ នេះ។​ ដើម្បី​ធ្វើ​ដូចនេះ​បាន​ ​យើងបាន​ធ្វើ​កិច្ច​ការ​ជាច្រើន។​ យើង​បាន​ណែនាំ​ពីការ​បង្រៀន​គណិតវិទ្យា​ និង​វិធី​សាស្ត្រ​បង្រៀនគណិត​វិទ្យា​នៅ​ប្រទេស​កម្ពុជា»។​

លោកបាន​បន្ត​ថា​ ស្ថានទូត​បាន​រៀបចំ​ឯកអគ្គរាជទូត STEM ​ឲ្យ​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ ​ជាមួយ​នឹង​ប្រជាជន​កម្ពុជា​ ដែល​បាន​ចាប់​យក​ជំនាញ​វិទ្យា​សាស្ត្រ​នេះ​រួច​ទៅ​ហើយ​ ដោយ​ទៅ​ជួប​ជជែក​ជាមួយ​សិស្ស​កម្រិត​មធ្យម​សិក្សា និង​ប្រាប់​ពួកគេ​អំពី​ឱកាស​ដែលបាន​បង្កើត​ ​និង​ការ​សិក្សាស្រាវ​ជ្រាវនានា ​ដែល​បង្ហាញ​សិស្ស​កម្ពុជា​អំពី​អ្វី​ទៅ​ដែល​ជា​គន្លងនាំ​ទៅ​រកការ​ងារ​ ហើយ​រង្វាន់​ជា​សក្តា​នុពលអ្វីខ្លះ​ដែល​បាន​បើក​ឲ្យពួក​គេ​ ប្រសិន​បើ​ពួក​គេ​ជ្រើសរើស​យក​មុខ​វិជ្ជា​របស់​កម្មវិធី​អប់រំ ​STEM ​នេះ។

លោក​បាន​បន្ថែម​ថា​ ឯក​អគ្គ​រាជទូត​ ​STEM ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​មធ្យម​សិក្សា​ជា​ច្រើន​ និង​បាន​ជួប​សិស្ស​ចំនួន​ប្រមាណ​ជាង​១០០០០​នាក់​ ​ជា​លក្ខណៈ​បុគ្គល​ នៅ​តាម​បណ្តា​ខេត្តក្នុង​ប្រទេស​កម្ពុជា។​

អ្នក​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​គឺលី និលរតន៍​ វ័យ​១៤​ ឆ្នាំ​ ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​តាម​កម្ម​វិធី​អប់រំ​ STEM​ នេះ​ បាន​ប្រាប់​ VOA ថា​ ការ​សិក្សា​ជំនាញ​វិទ្យា​សាស្ត្រ​នេះ​ មាន​ការ​លំបាក​មួយ​ចំនួន​ដែរ​ តែ​ដោយ​សារ​ការ​ដែល​គ្រូ​បាន​បង្រៀន​ដិត​ដល់​ និង​ផ្តល់​ឲ្យ​មាន​ការ​សួរ​ដេញ​ដោល​បាន​ច្រើន​នោះ​ ធ្វើ​ឲ្យ​សិស្ស​ងាយ​យល់ជំនាញ​ដែល​ខ្លួន​រៀន។​

«ពិបាក​ចេះ​តែ​មាន​ហើយ​ ប៉ុន្តែ​យើង​មាន​គ្រូ​អញ្ចឹង​ថា​ ​សាលា​គឺ​ធ្វើ​ការ​បាន​ល្អ​មែន​ទែន...​ ​ក្នុង​ថ្នាក់​ថា​ ធ្វើ​ឲ្យ​យើង​កុំ​ខ្លាច​អ្ហ៎ា​ ពេល​ដែល​យើង​មាន​សំណួរ​អី​ ធ្វើ​ម៉េច​សួរ​គាត់​...ដូច​ថា​ សំណួរ​ហ្នឹង​ អត់​មាន​ខុស​អត់​មាន​ត្រូវ​ទេ​ ព្រោះ​ថា​ បើ​យើង​សួរ​ទៅ​ យើង​អាច​ជួយ​សិស្ស​ដទៃ​ ឬ​មួយ​ក៏​ជួយ​ខ្លួន​យើង​បាន​កាន់​តែ​ច្រើន។​ ការ​លំបាក​របស់​ខ្ញុំ​ដូច​ជា​មិន​សូវ​មាន​អី​ផង​ គ្រាន់​តែ​ថា​ ខ្ញុំ​មក​ដំបូង​អញ្ចឹង​ ខ្ញុំ​អត់​ចេះ​អង់គ្លេស​ អញ្ចឹង​ទៅ​ យើង​ត្រូវ​តែ​ប្រឹង​ ​ដល់​ពេល​ហើយ​អត់​មាន​អី​ផង»។​

ការ​ស្រាវ​ជ្រាវ​ពី​ប្រទេស​អភិវឌ្ឍន៍​បង្ហាញ​ថា​ ការ​អប់រំ​ផ្នែកវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ វិស្វកម្ម ​និង​គណិតវិទ្យា​ដែល​គេ​ស្គាល់​ថា ​STEM Education​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី ​ហើយផ្ដល់​ផល​ប្រយោជន៍​ដល់​ការ​វិនិយោគ​ទុន ​ការ​អភិវឌ្ឍ ​ទំនើប​កម្ម​ និង​ការ​បង្កើត​ឲ្យ​មាន​អ្នក​វិទ្យា​សាស្ត្រ​ជំនាន់​ថ្មី​ក្នុងប្រទេស។​

មជ្ឈ​មណ្ឌល​ STEM ​ដែល​ជា​ផ្នែក​នៃ​ការ​ជំរុញ​ឲ្យ​មានការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​នឹង​ត្រូវ​ចាប់​ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​ ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។​

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ក្រសួង​អប់​រំ​បាន​បង្កើត​កម្មវិធី​សាលា​ជំនាន់​ថ្មី​នៅ​ក្នុង​វិទ្យាល័យ​ព្រះ​ ​ស៊ីសុវត្ថិ​ ដើម្បី​បណ្ដុះ​បណ្ដាល​មូលដ្ឋាន​គ្រឹះ​ឯកទេស​ STEM ​ដល់​យុវជន​កម្ពុជា។​

​សាលា​រៀន​ជំនាន់​ថ្មី​គឺជា​កម្មវិធី​ដែល​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ និង​ការ​បណ្ដុះ​បណ្ដាល​បែប​ទំនើប​ ដោយ​បំពាក់​សម្ភារៈ​ និង​កន្លែង​ពិសោធ ​ដល់​សិស្ស​ដែល​រៀន​មុខ​វិជ្ជា​ STEM៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG