និសិ្សតបញ្ញាវ័ន្តខ្មែរចំនួន២០រូបទៀតគ្រោងនឹងចេញទៅសិក្សានៅចក្រភពអង់គ្លេសផ្នែកបរិញ្ញាប័ត្រជាន់ខ្ពស់ ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដោយសង្ឃឹមថា នឹងអាចយកចំណោះដឹងថ្មីៗទំាងនោះដើម្បីជួយអភិវឌ្ឍប្រទេសកំណើតរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់និស្សិតជ័យលាភីអាហារូបករណ៍ Chevening ឬ Chevening Scholarship Program។
ក្នុងចំណោចនិស្សិតខ្មែរចំនួន២០រូប ដែលត្រូវបានជ្រើសរើសទៅសិស្សានាឆ្នាំ២០១៦នោះ មាន១២នាក់ជាបុរស និង៨នាក់ជាស្រ្តី។ ពួកគេទាំងនេះភាគច្រើនជ្រើសរើសមុខជំនាញដែលសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យា វិស័យទំនាក់ទំនង និងទីផ្សារ និងការអភិវឌ្ឍគោលនយោបាយសាធារណៈផងដែរ។ មុខជំនាញភាគច្រើនគឺអនុលោមទៅតាមគោលនយោបាយអភិវឌ្ឍវិស័យអប់រំរបស់ចក្រភពអង់គ្លេសចំពោះប្រទេសកម្ពុជា ពិសេសផ្តោតសំខាន់លើមុខជំនាញ STEM ដែលរួមមានវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
លោកណា សម្បត្តិចតុវង្ស វ័យ២៥ឆ្នាំ ជានិស្សិតជាប់អាហារូបករណ៍ទៅបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសន្តិសុខលើប្រព័ន្ធអ៊ិនធឺណេត (Cyber Security)។ បុគ្គលិកធនាគារជាតិនៃកម្ពុជាផ្នែកកម្មវិធី Software រូបនេះ បានឲ្យ VOAដឹងថា ជំនាញដែលលោកជ្រើសរើសនេះនឹងអាចឲ្យលោកដឹងអំពីរបៀបទប់ទល់នឹងអ្នកលួចចូលប្រព័ន្ធកំព្យួទ័រតាមអ៊ិនធឺណេត (hecker) ជាពិសេសប្រព័ន្ធធនាគារក្នុងសម័យទំនើប។ លោកបន្ថែមថា លោកនឹងយកជំនាញនេះមកបន្តអនុវត្តនៅស្ថាប័នដែលលោកកំពុងបម្រើការ។
«ធនធានមនុស្សយើងនៅខ្វះច្រើន អញ្ចឹងបានខ្ញុំសម្រចចិត្តថា ខ្ញុំចង់ទៅរៀនដើម្បី យកមកជួយនៅកន្លែងខ្ញុំផង ហើយក៏បង្រៀនដើម្បីចែកចាយអ្វីដែលចេះ ដល់សិស្សខ្មែរ»។
និស្សិតមួយរូបផ្សេងទៀតគឺលោកទី លឹមកុសល វ័យ២៣ឆ្នាំ កំពុងត្រៀមខ្លួនទៅបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគោលនយោបាយសារធារណៈ។ លោកមើលឃើញចន្លោះខ្វះខាតផ្នែកតស៊ូមតិក្នុងការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នសាធារណៈ និងស្ថាប័នឯកជន ហេតុនេះទើបលោកជ្រើសរើសជំនាញនេះ។ លោករំពឹងថា លោកនឹងអាចបន្តអភិវឌ្ឍចំណុចដែលលោកមើលឃើញថា នៅមានការខ្វះខាតនេះ។
«ការងារដែលខ្ញុំស្រឡាញ់ និងចង់ធ្វើគឺទាក់ទងនឹងការតស៊ូមតិជាមួយនឹងអង្គការ អន្តរជាតិធំៗ ទៅលើបញ្ហាទាក់ទិននឹងទំនាក់ទំនងស្ថាប័នសាធារណៈ និងស្ថាប័នឯកជន។ ខ្ញុំឃើញថា នេះជាចន្លោះមួយដែលប្រទេសយើងគួរតែពង្រឹង ដើម្បីឲ្យរាជរដ្ឋាភិបាលមានជំនួយច្រើនពីវិស័យឯកជន ធ្វើឲ្យការអភិវឌ្ឍប្រទេសទៅរលូន»។
បេក្ខជនជាប់អាហារូបករណ៍ Chevening មួយរូបទៀតគឺកញ្ញាស៊ូ រ៉ូហ្សានិច មន្រ្ដីជាន់ខ្ពស់ផ្នែកធនធានមនុស្សនៅធនាគារ Maybankគ្រោងនឹងទៅសិក្សាបរិញ្ញាបត្រជាន់ខ្ពស់មុខជំនាញគ្រប់គ្រងទីផ្សារអន្តរជាតិនៅសាកលវិទ្យាល័យ Leeds នៃចក្រភពអង់គ្លេស។
«ឧបសគ្គដែលខ្លាំងជាងគេ គឺយើងត្រូវបំពេញប្រវត្តិរូប៤ច្បាប់ គឺប្រវត្តិរូបមួយច្បាប់ផ្ញើរទៅកាន់គណៈកម្មការ ដើម្បីឲ្យគេព្រមជ្រើសរើសយើងជាបេក្ខភាព និង៣ច្បាប់ទៀតផ្ញើរទៅសាកលវិទ្យាល័យចំនួនបីផ្សេងៗគ្នា ព្រោះគេឲ្យជម្រើសយើងបី។ ហើយទាំងពីរហ្នឹង បើមានមួយអត់ជ្រើសយកក៏យើងអត់អាចទៅបានដែរ»។
ថ្លែងទៅកាន់និស្សិតដែលទទួលបានជោគជ័យ ហើយនឹងឪពុកម្តាយរបស់ពួកគេសរុបប្រមាណជាង៧០នាក់ ដែលចូលរួមពិធីជប់លៀង ដើម្បីជូនដំណើរនិស្សិតទាំងនោះនៅល្ងាចថ្ងៃអង្គារកន្លងទៅ នៅគេហដ្ឋានផ្ទាល់របស់ឯកអគ្គរាជទូតក្នុងទីក្រុងភ្នំពេញលោក Bill Longhurst ឯកអគ្គរាជទូតអង់គ្លេសបានសាទរសមត្ថភាពរបស់យុវជនខ្មែរដែលទទួលជោគជ័យក្នុងការប្រកួតប្រជែងយកអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិតនៅចក្រភពអង់គ្លេសតាមរយៈកម្មវិធីអាហារូបករណ៍ Chevening Scholarship Program នេះ។
លោក Bill Longhurst ក៏បានឱ្យដឹងផងដែរថា ដោយមើលឃើញពីឧបសគ្គមួយចំនួនក្នុងវិស័យអប់រំនៅកម្ពុជា ចក្រភពអង់គ្លេសចាប់អារម្មណ៍ក្នុងការចូលរួមអភិវឌ្ឍជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា STEM។
«យើងឃើញថា នៅមានឧបសគ្គជាច្រើន តែយើងឃើញមានគោលបំណងក្នុងការធ្វើឲ្យប្រសើរឡើង។ យើងរីករាយក្នុងការគាំទ្រ ហើយយើងធ្វើអ្វីដែលយើងអាចធ្វើបានក្នុងការបង្កើតផលចំណេញពីមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រោះវាជាមុខជំនាញដែលមិនទាន់មាននិស្សិតគ្រប់គ្រាន់នៅឡើយហើយវាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍកម្ពុជា»។
កម្មវិធីអាហារូបករណ៍ Chevening Scholarship Program ផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀតតាមរយៈវិស័យអប់រំ ពោលគឺបញ្ជូនអ្នកដែលមានទេពកោសល្យ ក្នុងភាពជាអ្នកដឹកនាំឲ្យទៅសិក្សាក្នុងប្រទេសរបស់ខ្លួន។ ម្យ៉ាងទៀត គោលដៅជាអាទិភាពនោះ គឺការបង្កើតឲ្យមានទំនាក់ទំនងជាវិជ្ជមានជាមួយអនាគតអ្នកដឹកនាំ អ្នកមានឥទ្ធិពលក្នុងសង្គម និងអ្នកធ្វើការសម្រេចចិត្តក្នុងគោលនយោបាយនានា។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាក៏បានឲ្យដឹងបន្ថែមថា ក្រៅពីការបញ្ជូននិស្សិតទៅសិក្សានៅប្រទេសរបស់ខ្លួន ចក្រភពអង់គ្លេសអាចនឹងមានគម្រោងពង្រីកអត្ថប្រយោជន៍វិស័យអប់រំខ្លួន ដោយបង្កើតគ្រឹះស្ថានអប់រំផ្ទាល់នៅប្រទេសកម្ពុជា។
«វាអាចនឹងមានការកើនឡើងនូវស្ថាប័នអប់រំរបស់ចក្រភពអង់គ្លេសមកប្រទេសកម្ពុជាដើម្បីផ្តល់ជូននូវកម្មវិធីសិក្សានានា។ យើងមិនទាន់ដឹងថា ពេលនេះវាឈានដល់ដំណាក់កាលណានៅឡើយទេ ហើយយើងមិនទាន់មានការប្រកាសជាព័ត៌មានអ្វីទេ។ តែខ្ញុំសង្ឃឹមថា ពីរបីឆ្នាំខាងមុខទៀត និស្សិតនៅកម្ពុជាផ្ទាល់នឹងអាចមានលទ្ធភាពសិក្សាតាមកម្មវិធីអប់រំរបស់ចក្រភពអង់គ្លេស»។
ស្របគ្នានោះដែរ លោកសាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជា បានសាទរចំពោះការផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់និស្សិតកម្ពុជា ពីសំណាក់ចក្រភពអង់គ្លេស ហើយលោកក៏មានការជឿជាក់ថា បេក្ខជនដែលជាប់អាហារូបករណ៍ទំាងនោះសុទ្ធតែមានសមត្ថភាព ដែលអាចចូលរួមជួយអភិវឌ្ឍប្រទេសរបស់ខ្លួននាពេលខាងមុខ។
«ក្មេងៗបច្ចុប្បន្នរៀនពូកែ មានចំណេះដឹងខ្ពស់។ កូនខ្មែរទៅក្រៅប្រទេស ហើយយកសញ្ញាបត្រមកជួយជាតិមាតុភូមិ ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍសង្គម។ គាត់ត្រឡប់មកវិញជាទំពាំងស្នងឫស្សីហើយ»។
តាមការឲ្យដឹងរបស់ស្ថានទូតអង់គ្លេសប្រចាំនៅរាជធានីភ្នំក៏បានឲ្យដឹងផងដែរថានិស្សិតជ័យលាភីទាំង២០រូបនឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសនាខែកញ្ញាខាងមុខ ដើម្បីបន្តការសិក្សារបស់ខ្លួនដែលមានរយៈពេល១ឆ្នាំ។
មកទល់នឹងឆ្នាំ២០១៦នេះ យ៉ាងហោចណាស់មាននិស្សិតខ្មែរចំនួនប្រមាណ១០០នាក់ហើយដែលមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅចក្រភពអង់គ្លេសតាមរយៈកម្មវិធី Chevening Scholarship Program នេះ។
ជារៀងរាល់ឆ្នាំ កម្មវិធីនេះចាប់ផ្តើមទទួលពាក្យដើម្បីប្រកួតប្រជែងយកអាហារូបករណ៍នេះក្នុងកំឡុងដើមខែសីហាដល់ចុងខែវិច្ឆិកា។ ហើយអំឡុងពេលនេះ និស្សិតអាចចាប់ផ្តើមដាក់ពាក្យសុំអាហារូបករណ៍នេះសម្រាប់ការសិក្សាឆ្នាំក្រោយ៕