ពិព័រណ៍ស្តីពីការសិក្សានៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយស្ថានទូតអាមេរិកាំងប្រចាំកម្ពុជានិងមជ្ឈមណ្ឌលសម្រាប់ការសិក្សាអប់រំសហរដ្ឋអាមេរិក (Education USA)នៅថ្ងៃច័ន្ទនេះ ដើម្បីបើកឱកាសដល់សិស្សានុសិស្សកម្ពុជាស្វែងយល់បន្ថែមពីការសិក្សានៅសហរដ្ឋអាមេរិក។
លោក Michael Newbill ភារធារីស្តីទីប្រចាំស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបានលើកឡើងថា ពិព័រណ៍ការអប់រំនេះត្រូវបានពង្រីកពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារចំនួនសិស្ស និងនិស្សិតពីកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិកបានកើនឡើង ក៏ដូចជាកំណែទម្រង់ក្នុងវិស័យអប់រំនៅកម្ពុជា។
លោក Newbill បាននិយាយថា៖
«ហេតុផលដែលយើងបន្តពង្រីកពិព័រណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ដោយយើងអាចឃើញតាមរយៈចំនួនសាលាចូលរួមក្នុងពិព័រណ៍ គឺដោយសារតែបន្ទាប់ពីមានកំណើនសេដ្ឋកិច្ចអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ជនវ័យក្មេងមួយចំនួននៅកម្ពុជាកំពុងតែសម្លឹងរកការសិក្សានៅក្រៅប្រទេស»។
លោកបានបន្តថា៖
«ហើយដោយសារតែកំណែទម្រង់ដោយក្រសួងអបរំ វិស័យអប់រំនៅកម្ពុជាបានរីកចម្រើនខ្លាំង ហើយមានមហាវិទ្យាល័យ ឬវិទ្យាល័យ ដែលផ្តល់ឲ្យសិស្សនូវកម្រិតស្តង់ដារ ដែលអាចឲ្យពួកគេមានលក្ខណៈប្រកួតប្រជែងនៅក្នុងការសិក្សានៅបរទេស»។
ពាក់ព័ន្ធនឹងគុណភាពផ្នែកធនធានមនុស្សលោក Newbill បានលើកឡើងថា ដូចនៅសហរដ្ឋអាមេរិកដែរ កម្ពុជាក៏កំពុងជំរុញលើកកម្ពស់ជំនាញផ្នែកអាជីពការងារផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារការងារ ដែលកំពុងតែវិវត្តទៅមុខ។
នេះជាពិព័រណ៍អប់រំលើកទី០៩ ដែលលើកដំបូងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ២០១១ ដោយមានអ្នកចូលរួមជាមធ្យម ១០០០នាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងពិព័រណ៍អប់រំនៅក្នុងឆ្នាំ២០១៩នេះ មានសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជន ចំនួន៣០នៅសហរដ្ឋអាមេរិកចូលរួម។
យោងទៅតាមស្ថានទូតសហរដ្ឋអាមេរិក ចំនួននិស្សិតពីកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិកកើនប្រមាណពីរដង ពី ៣៣៣នាក់ នៅក្នុងឆ្នាំ ២០១២ ទៅ ៦៥៩នាក់ នៅក្នុងឆ្នាំ ២០១៨។
លោក សុង សុខសាន្ត តំណាងក្រសួងអប់រំ ដែលចូលរួមនៅក្នុងពិពរណ៍អប់រំស្តីពីការអប់រំនៅសហរដ្ឋអាមេរិក បានលើកឡើងថាពិព័រណ៍នេះជាកត្តាល្អមួយ ដែលផ្តល់ឱកាសដល់សិស្សនិងនិស្សិតនៅកម្ពុជាក្នុងការស្វែងយល់បន្ថែមពីលក្ខន្តិកៈផ្សេងៗដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិក។
អនុប្រធាននាយកដ្ឋានឧត្តមសិក្សារូបនេះបានបន្តថា និស្សិតដែលបញ្ចប់ការសិក្សាអាចយកចំណេះដឹងរបស់ពួកគេមកជួយអភិវឌ្ឍសង្គមផងដែរ។
លោក សុខសាន្តបាននិយាយថា៖
«អញ្ចឹងបើគាត់មានឱកាសបានទៅក្រៅប្រទេស ហើយគាត់យកចំណេះដឹងរបស់គាត់មកពីក្រៅប្រទេសយើងមកជួយយើង ទាំងអ្នកពីក្នុងស្រុក និងក្រៅស្រុក ខ្ញុំគិតថា យើងនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារបស់យើងកាន់តែរីកចម្រើនបន្ថែមទៀត»។
ពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជា លោក សុង សុខសាន្ត អនុប្រធាននាយកដ្ឋានឧត្តមសិក្សាបានលើកឡើងថា នាពេលបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡាកំពុងលើកកម្ពស់គុណភាពគ្រូបង្រៀនដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា៖
«អញ្ចឹងយើងគិតថាប្រសិនបើយើងបណ្តុះគ្រូមានគុណភាព អញ្ចឹងគ្រូដែលចេញទៅហ្នឹង គឺគាត់មានគុណភាព។ សិស្សដែលទទួលបានពីការបណ្តុះបណ្តាលនឹងល្អប្រសើរជាងមុន»។
ចំពោះការអប់រំនៅតាមតំបន់ជនបទ ឬតំបន់ជួបការលំបាក លោកសុខសាន្ត បាននិយាយថា ក្រសួងក៏កំពុងសិក្សាដើម្បីជំរុញឲ្យមានការបញ្ជូនគ្រូបង្រៀនបន្ថែម តាមរយៈការផ្តល់ជាប្រាក់ជំនួយ ដែលហៅថា «ប្រាក់តំបន់»ផងដែរ។
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងវិវត្តទៅមុខតម្រូវការទីផ្សារការងារទាមទារឲ្យមានការពង្រឹងបន្ថែមលើវិស័យអប់រំ ដែលពីមុនមកធ្លាប់ប្រឈមបញ្ហាជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព៕