ដោយសារតែអ្នកប្រើប្រាស់អ៊ីនធឺណិតកើនឡើងដល់ជាង១៤០លាននាក់ ឧស្សាហកម្មនៃការធ្វើអាជីវកម្មលើអ៊ីនធឺណិតក្នុងប្រទេសឥណ្ឌូណេស៊ី បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលទាមទារឲ្យរដ្ឋាភិបាលបង្កើតបទបញ្ញត្តិបន្ថែមក្នុងវិស័យនេះ។
លោក Ignatius Untung ប្រធានសមាគមអាជីវកម្មលើអ៊ីនធឺណិតឥណ្ឌូណេស៊ី បាននិយាយថា៖ «ក្រុមហ៊ុនបង្កើតថ្មីដែលមានតម្លៃលើសពីមួយពាន់លានដុល្លារគឺជាឧស្សាហកម្មថ្មី ដូច្នេះវារីកចម្រើនលឿនណាស់។ អាជីវកម្មលើអ៊ីនធឺណិតបានចាប់ផ្តើមផ្ទុះខ្លាំងកាលពីឆ្នាំ២០១០ ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុនមួយចំនួនបានក្លាយជាក្រុមហ៊ុនបង្កើតថ្មីដែលមានតម្លៃពាន់លានដុល្លារ»។
ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបានធ្វើការប៉ាន់ស្មានថា ឧស្សាហកម្មផ្នែកឌីជីថលនឹងមានតម្លៃរហូតដល់១០០ពាន់លានដុល្លារ ហើយក្នុងឆ្នាំ២០២០ រដ្ឋាភិបាលរំពឹងថាក្រុមហ៊ុនទាំងនោះនឹងកើនឡើងដល់១៣០ពាន់លានដុល្លារ។
ការបង្កើតក្រុមហ៊ុនថ្មីៗតម្លៃពាន់លានដុល្លារ
លោក Untung បាននិយាយថា អតិថិជននៅក្នុងវិស័យអាជីវកម្មលើអ៊ីនធឺណិតបន្តកើនឡើង ខណៈដែលអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសឥណ្ឌូណេស៊ីបន្តកើនឡើងដូចគ្នា ទោះបីជាកំណើននេះកើតឡើងតែនៅក្នុងទីក្រុងក៏ដោយ។ នៅក្នុងទីផ្សារមួយដែលអំណោយផលខ្លាំងគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនឌីជីថលលូតលាស់ ប្រទេសឥណ្ឌូណេស៊ី អាចបង្កើតក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារបានមួយចំនួន។
ក្នុងចំណោមនោះ មានក្រុមហ៊ុន Tokopedia ដែលជាទីផ្សារលក់ផលិតផលលើអ៊ីនធឺណិតមួយ។ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនបង្កើតថ្មីនេះបានទទួលការវិនិយោគដែលមានតម្លៃ១ពាន់២រយលានដុល្លារពីក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់ទំនិញលើប្រព័ន្ធអ៊ីនធឺណិតដ៏ធំមួយក្នុងប្រទេសចិន។
អ្នកស្រី Priscilla Anais នាយកប្រតិបត្តិនៃក្រុមហ៊ុន Tokopedia បាននិយាយថា បរិមាណទំនិញសរុបឬបរិមាណទំនិញលក់សរុបតាមទីផ្សារបានកើនឡើងបួនដងកាលពីឆ្នាំទៅមិញ។
អ្នកស្រីបាននិយាយប្រាប់ VOA តាមអ៊ីមែលថា៖
«ឥឡូវនេះ យើងមានអ្នកប្រើប្រាស់ជាសកម្មរៀងរាល់ខែចំនួន៩០លាននាក់ជាងហើយ។ តួលេខនេះគឺស្មើនឹង៩៣ភាគរយនៃប្រជាពលរដ្ឋនៅតាមស្រុកទាំងអស់ក្នុងឥណ្ឌូណេស៊ី»។
ប៉ុន្តែតម្លៃនៃទីផ្សារលើអ៊ីនធឺណិតធំបំផុតរបស់ឥណ្ឌូណេស៊ីគឺនៅតែទាបជាងក្រុមហ៊ុន Gojek ដែលជាកម្មវិធីហៅយានជំនិះមួយ។ ក្រុមហ៊ុន Gojek នេះទទួលបានការវិនិយោគតម្លៃ១ពាន់២រយលានដុល្លារពីក្រុមហ៊ុនផ្សេងៗមួយចំនួន រួមមានក្រុមហ៊ុន Google និងក្រុមហ៊ុន Tencent។ ក្រុមហ៊ុនបង្កើតថ្មីរបស់ឥណ្ឌូណេស៊ីមួយនេះមានតម្លៃ៤ពាន់លានដុល្លារ។ ក្រុមហ៊ុនបង្កើតថ្មីដែលជោគជ័យដទៃទៀត មានដូចជាក្រុមហ៊ុនកក់សំបុត្រយន្តហោះតាមអ៊ីនធឺណិត Traveloka និងទីផ្សារលក់ទំនិញលើអ៊ីនធឺណិត Bukalapak ជាដើម។
កង្វះបទបញ្ញត្តិ
ទោះបីជាសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសឥណ្ឌូណេស៊ីរីកលូតលាស់ខ្លាំង ហើយវិស័យនេះបានទទួលការគាំទ្រពីរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏លោក Untung បាននិយាយថា គេនៅតែត្រូវការបទបញ្ញត្តិច្បាស់លាស់មួយ។
លោកបាននិយាយថា៖
«ឧទាហរណ៍សម្រាប់ការបង់ប្រាក់តាមអ៊ីនធឺណិត ឬក៏កាបូបលុយលើអ៊ីនធឺណិត (e-wallet) មានក្រុមហ៊ុនខ្លះដែលមានកម្មវិធីលើប្រព័ន្ធអ៊ីនធឺណិតនិងមានអតិថិជនរួចហើយ ប៉ុន្តែនៅពេលដែលពួកគេស្នើសុំប្រើប្រាស់កាបូបលុយលើអ៊ីនធឺណិត ពួកគេត្រូវបានបដិសេធ។ ប៉ុន្តែមានក្រុមហ៊ុនខ្លះទៀតដែលមិនមានកម្មវិធីផ្ទាល់ខ្លួនទេ ប៉ុន្តែទទួលបានការអនុញ្ញាត។ ដូច្នេះយើងគួរតែបង្កើតបទបញ្ញត្តិឲ្យច្បាស់លាស់មួយ ថាតើក្រុមហ៊ុនចាំបាច់ត្រូវមានលក្ខខណ្ឌអ្វីខ្លះ»។
លោក Untung ក៏បានលើកឡើងអំពីកម្មវិធីហៅម៉ូតូឌុបតាមអ៊ីនធឺណិតផងដែរ។ ម៉ូតូឌុបមានប្រជាប្រិយណាស់ ជាពិសេសនៅក្នុងទីក្រុងធំៗក្នុងប្រទេសឥណ្ឌូណេស៊ី ដូចជានៅទីក្រុង ហ្សាកាតា ដែលតែងតែមានការកកស្ទះចរាចរណ៍។ អតីតរដ្ឋមន្រ្តីដឹកជញ្ជូន លោក Ignasius Jonan បានចេញលិខិតជូនដំណឹងមួយកាលពីឆ្នាំ២០១៥ ដើម្បីហាមឃាត់មិនឲ្យប្រើប្រាស់កម្មវិធីហៅម៉ូតូឌុបតាមអ៊ីនធឺណិតនោះទេ។
ប៉ុន្តែកាលពីខែ ធ្នូ ឆ្នាំ ២០១៥ លោកប្រធានាធិបតី Joko Widodo បាននិយាយថា ការហៅយានជំនិះតាមអ៊ីនធឺណិតមិនអាចត្រូវបានហាមឃាត់ទេ ដោយសារមានតម្រូវការពីប្រជាជន។
លោក Untung បាននិយាយថា៖
«ដោយសារតែមានប្រជាជនជាច្រើនប្រើប្រាស់កម្មវិធីហៅយានជំនិះឬម៉ូតូឌុបតាមអ៊ីនធឺណិត អ្នកណាអាចហាមឃាត់វាបានឥឡូវនេះ?»
យោងតាមមូលនិធិទីភ្នាក់ងារអតិថិជនឥណ្ឌូណេស៊ី (YLKI) ៨៤ភាគរយនៃប្រជាជនរស់នៅក្នុងទីក្រុង ហ្សាកាតា ប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមអ៊ីនធឺណិត។
ទោះបីជាយ៉ាងណាក៏ដោយ លោក Untung បានសរសើរពីគម្រោងផែនការរបស់អាជីវកម្មលើអ៊ីនធឺណិតដែលបានត្រូវបានផ្សព្វផ្សាយតាមបទបញ្ញត្តិរបស់រដ្ឋាភិបាលលេខ ៧៤/២០១៧ ក្រោមការសម្របសម្រួលរបស់ក្រសួងសេដ្ឋកិច្ច។
លោក Samuel Pangerapan អគ្គនាយកនៃនាយកដ្ឋានកម្មវិធីកុំព្យូទ័រនៃក្រសួងទំនាក់ទំនងនិងព័ត៌មានវិទ្យាបាននិយាយថា គម្រោងផែនការនោះត្រូវបានរៀបចំដើម្បីត្រៀមសម្រាប់ប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចផ្លាស់ប្ដូរប្រទេសនេះឲ្យទៅជាយុគសម័យសេដ្ឋកិច្ចឌីជីថលមួយ។
លោកបានថ្លែងប្រាប់ VOA ថា៖
«យើងកំពុងដោះស្រាយបញ្ហានានា ដូចជាការភ្ជាប់អ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធដែលអាចទ្រទ្រង់ការផ្លាស់ប្តូរផ្នែកឌីជីថល និងបទបញ្ញត្តិនានា។ លោកប្រធានាធិបតី Jokowi បានណែនាំឲ្យពួកយើងធ្វើការសិក្សានិងស្រាវជ្រាវថាតើអ្វីខ្លះដែលអាចរំខានដល់សេដ្ឋកិច្ចឌីជីថល»។
ធនធានមនុស្សនៅតែជាបញ្ហា
លោក Untung បាននិយាយថា បញ្ហាធំបំផុតមួយក្នុងចំណោមបញ្ហាដទៃទៀត ដែលក្រុមហ៊ុនអាជីវកម្មលើអ៊ីនធឺណិតក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងជួបប្រទះនោះគឺធនធានមនុស្ស។ លោកបានប្រាប់ VOA ថា៖ «ការផ្គត់ផ្គង់មានកម្រិតទាប ប៉ុន្តែតម្រូវការគឺខ្ពស់ខ្លាំង»។ លោក Untung បានបន្ថែមថា ក្រុមហ៊ុនមួយចំនួនបានសម្រេចចិត្តជួលបុគ្គលិកជំនាញមកពីក្រៅប្រទេសឬក៏ប្រើប្រាស់សេវាកម្មក្រុមហ៊ុនផ្សេងៗដើម្បីប្រតិបត្តិអាជីវកម្មរបស់ខ្លួន។
លោកបាននិយាយថា៖
«ដូច្នេះយើងបានចាប់ផ្តើមគិតថាធ្វើយ៉ាងម៉េច ទើបយើងអាចបង្កើនធនធានមនុស្សបាន។ សមាគមកំពុងចង់ចាប់ផ្តើមបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ យើងក៏ទាក់ទងជាមួយនឹងសាកលវិទ្យាល័យនានា ហើយប្រាប់ទៅយុវជនជំនាន់ក្រោយថាអាជីពនៅក្នុងសេដ្ឋកិច្ចឌីជីថលគឺអាចទៅរួច។ យុវជនជាច្រើននៅតែមិនទាន់ដឹងថា ពួកគេចង់ធ្វើអ្វីនោះទេ ក្រោយពីរៀនចប់ថ្នាក់វិទ្យាល័យ។ ជនជាតិឥណ្ឌូណេស៊ីជាច្រើននៅតែគិតថាមុខរបរជាវេជ្ជបណ្ឌិត វិស្វករ ឬអ្នកបើកយន្តហោះ គឺជាក្តីសុបិន្តដ៏ធំបំផុតរបស់ពួកគេ»។
លោក Pangerapan បានធានាថា រដ្ឋាភិបាលក៏នឹងដោះស្រាយបញ្ហាកង្វះបុគ្គលិកជំនាញនេះផងដែរ។ លោកបាននិយាយថា៖ «យើងពិតជាត្រូវត្រៀមកម្លាំងពលកម្មដែលនឹងអាចទប់ទល់ការផ្លាស់ប្តូរផ្នែកឌីជីថលបាន»។
លោក Untung ក៏បាននិយាយអំពីសមាគមអាជីវកម្មលើអ៊ីនធឺណិតដែលចាប់ផ្តើមគម្រោងផែនការមួយក្នុងការផ្តល់ការការពារប្រសើរជាងមុនដល់អ្នកប្រើប្រាស់។ គោលដៅចុងក្រោយគឺដើម្បីផ្តល់ការបញ្ជាក់ជាផ្លូវការដល់ក្រុមហ៊ុនអាជីវកម្មលើអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
លោកបាននិយាយថា៖
«ជាឧទាហរណ៍ អាជីវកម្មលើអ៊ីនធឺណិតលំដាប់កំពូលមួយ មានធនធានគ្រប់គ្រាន់ មានបុគ្គលិកដើម្បីដោះស្រាយនឹងការមិនពេញចិត្តរបស់ភ្ញៀវ និងអាចធានាបាននូវសេវាកម្មល្អ។ ហើយបន្ទាប់មកយើងនឹងចាប់ផ្តើមអប់រំអតិថិជន ឲ្យប្រើប្រាស់សេវាកម្មរបស់អាជីវកម្មលើអ៊ីនធឺណិតណាដែលមានគុណភាពល្អជាងនេះ។ បន្ទាប់មកយើងនឹងជំរុញលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មកែសម្រួលសេវាកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន»។
លោកបានបន្ថែមថា លោកមានបំណងនឹងបង្កើតកម្មវិធីបណ្តុះបណ្តាលមួយដើម្បីយកវិញ្ញាបនបត្រត្រឹមឆ្នាំ២០២០៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ