ខណៈពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកប្រព្រឹត្តទៅនៅដើមខែវិច្ឆិកានេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែមិនបានបោះបង់ចោលវោហារសាស្រ្តរបស់លោកនៅក្នុងការប្រើប្រាស់ពាក្យថា «ព័ត៌មានក្លែងក្លាយ» ឬ Fake News រាល់ពេលមានព័ត៌មានចេញពីបណ្តាញសារព័ត៌មានដែលរិះគន់លោក និងរដ្ឋបាលរបស់លោក។
លោកត្រាំ ជាមេដឹកនាំលើពិភពលោក ដែលបានចាប់ផ្តើមសង្កត់ធ្ងន់ទៅលើការប្រើប្រាស់ពាក្យថា «ព័ត៌មានក្លែងក្លាយ» ដែលការណ៍នេះបានបង្កឲ្យជានិន្នាការមួយប្រើប្រាស់ដោយមេដឹកនាំផ្តាច់ការមួយចំនួននៅលើពិភពលោកដូចជា ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ ដែលបានលើកឡើងថាជា«ព័ត៌មានក្លែងក្លាយ»នៅពេលមានរបាយការណ៍ព័ត៌មានពីការរំលោភសិទ្ធិមនុស្ស និងសម្លាប់ជនស៊ីវិលនៅស៊ីរី។
ព័ត៌មានក្លែងក្លាយ ឬ Fake News បានក្លាយជាប្រធានបទក្តៅគគុកមួយ និងមានការជជែកដេញដោលច្រើននៅក្នុងចំណោមអ្នកជំនាញសារព័ត៌មានក៏ដូចជាពលរដ្ឋទូទៅក្នុងពិភពលោក។ សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ព័ត៌មានក្លែងក្លាយត្រូវបានប្រើជាមធ្យោបាយមួយដើម្បីជះឥទ្ធិពលទៅលើផ្នត់គំនិតនិងការសម្រេចចិត្តរបស់ពលរដ្ឋដែលមានចាប់ពី ផ្នែកនយោបាយ រហូតដល់ការទិញលក់ផលិតផលតូចតាចតាមបណ្តាញសង្គមឬអ៊ីនធឺណិត។ ព័ត៌មានក្លែងក្លាយ បានក្លាយជាក្តីបារម្ភថ្មីមួយទៀតសម្រាប់ អ្នកជំនាញក្នុងប្រទេសកម្ពុជា ខណៈស្ថាប័នព័ត៌មានឯករាជ្យកំពុងធ្លាក់ចុះ។
នៅក្នុងសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីសប្តាហ៍កន្លងទៅនេះ លោក Michael Newbill តំណាងស្ថានទូតសហរដ្ឋអាមេរិកបានលើកឡើងថាព័ត៌មានក្លែងក្លាយជាការគំរាមកំហែងទៅដល់ស្ថាប័នសារព័ត៌មានឯករាជ្យនៅកម្ពុជាតាមរយៈការបំភ្លៃព័ត៌មាន និងតាមប្រភពដទៃទៀត ដែលបង្អាក់ដល់តួនាទីចម្បងរបស់អ្នកសារព័ត៌មាន។
លោក Newbill បានបន្តថាតម្លាភាពជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ ហើយការឃោសនាបែបប្រជាភិថុតិ និងការផ្តល់ឲ្យព័ត៌មានមិនពិតនឹងប៉ះពាល់ទៅដល់ពលរដ្ឋ និងស្ថាប័នផ្សេងៗក្នុងសង្គម។ លោក Newbill បានមានប្រសាសន៍ថា៖
«ប្រទេសមួយមិនអាចអភិវឌ្ឍបាន ប្រសិនបើមិនមានតម្លាភាពនៅក្នុងសកម្មភាពរបស់រដ្ឋាភិបាល។ ចំនួនយុវជនដ៏ច្រើនមិនអាចមានភាពច្នៃប្រឌិត និងអ្នកគិតគូរឲ្យបានស៊ីជម្រៅ ប្រសិនបើពួកគេទទួលបានតែការឃោសនាប្រជាភិថុតិ។ ពលរដ្ឋនឹងបាត់បង់សមត្ថភាពនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការចែករំលែកព័ត៌មានមិនពិត និងការចែកចាយព័ត៌មានខុស ដោយបំណង ចាប់ពីការចែកចាយព័ត៌មានលម្អៀងផ្នែកនយោបាយរហូតដល់ការភូតកុហកទាំងស្រុង ដែលត្រូវបានប្រើប្រាស់ ដើម្បីបង្អាក់ប្រតិបត្តិការរបស់ស្ថាប័ននានា។ នេះជាការវាយប្រហារទៅលើការណ៍ពិត។ យើងត្រូវតបតទៅវិញ»។
នាពេលថ្មីៗនេះផងដែរ គេសង្កេតឃើញមានការផ្សព្វផ្សាយព័ត៌មានលាបពណ៌គ្នាទៅវិញទៅក្នុងទម្រង់ជាវីដេអូឃ្លីបបង្ហោះតាមគេហទំព័រដូចជា ហ្វេសប៊ុក និងយូធូបជាដើម រវាងអ្នកគាំទ្ររដ្ឋាភិបាលនិងអ្នកគាំទ្រក្រុមប្រឆាំងនៅកម្ពុជាដោយមានវីដេអូឃ្លីប ខ្លះពាក់ព័ន្ធនឹងមន្រ្តីរដ្ឋាភិបាលឬសិល្បករមួយចំនួនផងដែរ។ ការណ៍នេះបង្កឲ្យមានមតិចម្រូងចម្រាសគ្នានៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា។
នៅក្នុងសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» លោក មាស សុភ័ណ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបាននិយាយថាព័ត៌មានក្លែងបន្លំមិនមែនជាការព្រួយបារម្ភសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការក្តីកង្វល់សាកល។ លោកបានបន្តថាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាពនិងភាពជឿជាក់ទៅដល់ប្រជាពលរដ្ឋ។
ចំពោះបញ្ហាពាក់ព័ន្ធនឹងការចែកចាយព័ត៌មានក្លែងក្លាយតាមបណ្តាញផ្សព្វផ្សាយសង្គម លោក មាស សុភ័ណ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន និងពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គម ជួយផ្តល់ជាយោបល់ ឬចង្អុលបង្ហាញពីព័ត៌មានក្លែងក្លាយ។លោក សុភ័ណ បានមានប្រសាសន៍ថា៖
«ទន្ទឹមនឹងនោះ ដៃគូពាក់ព័ន្ធរបស់រដ្ឋាភិបាល រួមទាំងអ្នកសារព័ត៌មាន ក៏ដូចជា សាធារណជនទូទៅ ក៏ត្រូវចូលរួមចំណែកផងដែរនៅក្នុងការទប់ស្កាត់ព័ត៌មានដូចដែល យើងលើកឡើងខាងដើមហ្នឹង នៅពេលមានព័ត៌មានផ្សព្វផ្សាយមិនពិតនៅតាមគេហទំព័រ ឬក៏នៅតាម Account Facebook (គណនីហ្វេសប៊ុក) ណាមួយនោះ ជាការរួមចំណែករបស់សាធារណជន ក៏ដូចជាអ្នកសារព័ត៌មាន សូមមេត្តាយ៉ាងណាជួយផ្តល់យោបល់ ឬលើក Comment នៅក្នុងផេកនោះឲ្យបានច្រើន អ្វីដែលអ្នកផ្សាយ វាប្រាកច្រាសអំពីអ្វី ដែលជាក្រមសីលធម៌របស់អ្នកសារព័ត៌មាន»។
កាលពីពេលថ្មីៗនេះផងដែរ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោក ស ខេង បានប្រកាសបិទគណនីហ្វេសប៊ុកចំនួនប្រាំមួយផងដែរ។ ការបិទនេះ ក្នុងគោលបំណងបង្ការភាពអសនិ្តសុខ និងទប់ស្កាត់សកម្មភាពឆបោក តាមរយៈការបង្ហោះព័ត៌មានផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងសង្គមកម្ពុជា។ ក្នុងចំណោមគណនីហេ្វសប៊ុក ដែលបានបិទនោះគឺរួមមានគណនីចំនួនបីដែលយកឈ្មោះតាមលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនផងដែរ។ ចំណាត់ការពីសំណាក់ក្រសួងមហាផ្ទៃនេះធ្វើឡើង នៅស្របពេលដែលពលរដ្ឋកម្ពុជាកាន់តែច្រើនចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមនៅលើប្រព័ន្ធអ៊ីនធឺណិត ជាហេតុធ្វើឲ្យការប្រឈមនឹងព័ត៌មានក្លែងក្លាយមានកាន់តែខ្លាំងឡើង។
ព័ត៌មានក្លែងក្លាយ ត្រូវបានឲ្យនិយមន័យជាទូទៅថាជាប្រភេទព័ត៌មានឬការឃោសនាប្រជាភិថុតិ ដែលបង្កប់ទៅដោយព័ត៌មានមិនពិត ឬព័ត៌មានបោកបញ្ឆោត ដែលត្រូវបានចែកចាយតាមរយៈការបោះពុម្ព ការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានឬបណ្តាញសង្គមតាមប្រព័ន្ធអ៊ីនធឺណិត។
លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយកកាសែត Khmer Times បាននិយាយថាព័ត៌មានក្លែងក្លាយកំពុងមានសន្ធឹកយ៉ាងខ្លាំងនៅកម្ពុជា។ ហើយលោកបានបន្តថាកង្វះខាតការថ្លឹងថ្លែងព័ត៌មានឲ្យបានត្រឹមត្រូវនៅតែជាបញ្ហាចោទនៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។ លោកបាននិយាយថា៖
«តាមពិតទៅ បើយើងក្រឡេកមើល Fake News នៅកម្ពុជាយើង គឺកំពុងតែពុះកញ្ជ្រោលខ្លាំងដូចរលកស៊ូណាមិអញ្ចឹង។ ច្រើនមែនទែន។ ដោយសារអី? ដោយសារតែពលរដ្ឋ យើងចាប់ផ្តើមប្រើប្រព័ន្ធ Social Media (បណ្តាញសង្គម) ជាពិសេសគឺ ហ្វេសប៊ុក។... យើងកំពុងស្ថិតនៅចំណុចមួយដ៏គ្រោះថ្នាក់បំផុតដោយសារតែពលរដ្ឋយើងគាត់អត់ទាន់ចេះថ្លឹងថ្លែងព័ត៌មាន»។
លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្មវិធីទូរទស្សន៍នៅវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បាននិយាយថាផលប៉ះពាល់រយៈពេលវែងនៃព័ត៌មានក្លែងក្លាយគឺទៅលើការសម្រេចចិត្ត ដែលមានចាប់ពីថ្នាក់ដឹកនាំ រហូតដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ហើយលោកចាត់ទុកផលវិបាកពីការចែកចាយនិងទទួលយកព័ត៌មានក្លែងក្លាយជាការប៉ះពាល់មួយទៅលើប្រជាធិបតេយ្យ។ លោកចិន្តាបាននិយាយថា៖
«បើយើងនិយាយអំពីផលប៉ះពាល់រយៈពេលវែង គឺភាគច្រើន ការសិក្សាថ្ងៃនេះ គេនិយាយអំពីការបោះឆ្នោតទៅលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ របស់ Supporters (អ្នកគាំទ្រ) របស់ Citizen (ពលរដ្ឋ)។ អញ្ចឹង បានពេលខ្លះអ្នកនយោបាយ គាត់ព្យាយាមធ្វើម៉េចឲ្យទាមទារឲ្យមានការគាំទ្រច្រើន។ ព្យាយាមប្រើសារយ៉ាងម៉េចឲ្យទាក់ទាញ។ ប៉ុន្តែសារដែលខុស ពលរដ្ឋដែលគាត់ត្រូវយល់ខុសមានន័យថា គាត់ចូលជា Victim (ជនរងគ្រោះ) ចូលបំផ្លាញប្រជាធិបតេយ្យហើយមិនអញ្ចឹង? អញ្ចឹងផលប៉ះពាល់ មិនមែនតែបីបួនឆ្នាំទេ វាអាចទៅដល់មួយអាណត្តិ ឬពីរអាណត្តិទៅ»។
គួររំឭកផងដែរ បន្ទាប់ពីការបោះឆ្នោតជាតិកន្លងផុតទៅហើយការប្រកាសលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈក្នុងសភាទាំងអស់ចំនួន ១២៥ គណនីហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានមន្រ្តីគណបក្សកាន់អំណាចអះអាងថា មានជនអនាមិកលួចចូល និងបានបង្ហោះសារថា គណបក្សប្រជាជនកម្ពុជានឹងចែកអាសនៈមួយចំនួនទៅកាន់គណបក្សចំនួនពីរទៀត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ីនប៉ិចដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ។ សារនេះបានបង្កឲ្យមានការសម្តែងមតិទាំងវិជ្ជមាន និងអវិជ្ជមាននៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មុនពេលត្រូវបានលុបចោលវិញ។
លោក ផាក់ ស៊ាងលី អនុប្រធានក្រុមអ្នកសារព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍បាននិយាយថាព័ត៌មានក្លែងក្លាយផ្សព្វផ្សាយបែបឃោសនាប្រជាភិថុតិឲ្យបុគ្គលឬគណបក្សមួយគឺមានច្រើននៅកម្ពុជានិងជាបញ្ហាចោទមួយដែលពិបាកនឹងដោះស្រាយ។ លោកបានមានប្រសាសន៍ថា៖
«នៅស្រុកយើងច្រើនហ្អា អាហ្នឹង (ការឃោសនាប្រជាភិថុតិ) Fake News (ព័ត៌មានក្លែងក្លាយ) តិចទេ ប៉ុន្តែមានឥទ្ធិពលខ្លាំង។ ក៏ប៉ុន្តែព័ត៌មានឃោសនាឲ្យបុគ្គល ទៅឲ្យបក្ស ហ្នឹងច្រើនណាស់ ហើយពិបាកដកខ្លួនណាស់ នៅក្នុងបរិបទនាពេលបច្ចុប្បន្នរបស់យើងហ្នឹង។ វាមិនខុសអី ពីព័ត៌មានគាំទ្រ ដោយរដ្ឋទេ។ យើងក្រឡេកមើលទៅស្ថាប័ននៅស្រុកខ្មែរយើងទាំងអស់ ភាគច្រើនគឺចូលលក្ខណៈហ្នឹងហើយ»។
នៅកិច្ចពិភាក្សាមួយស្តីពីព័ត៌មានក្លែងក្លាយ និងព័ត៌មានបែបឃោសនា នៃសិក្ខាសាលាអំពីព័ត៌មានស៊ើបអង្កេតអាស៊ីលើកទី៣ លោក Craig Silverman និពន្ធនាយក និងជាស្ថាបនិកស្ថាប័នព័ត៌មាន BuzzFeed Canada នៅសហរដ្ឋអាមេរិក បានប្រាប់ VOA ថា ព័ត៌មានក្លែងក្លាយបាននិងកំពុងធ្វើឲ្យសង្គមត្រូវបែកចេញជាផ្នែក និងធ្វើឲ្យមនុស្សពិបាកក្នុងការបែងចែកព័ត៌មានណាពិត ហើយព័ត៌មានណាមិនពិត។
លោក Craig Silverman បញ្ជាក់ពីផលវិបាកប្រសិនបើព័ត៌មានក្លែងក្លាយបន្តរីកសាយក្នុងពិភពលោក ដោយមិនមានការទប់ស្កាត់ តាមន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«គ្រោះថ្នាក់នៃការអនុញ្ញាតឲ្យព័ត៌មានក្លែងក្លាយ និងព័ត៌មានបែបឃោសនាវាយលុកខ្លាំង នោះពួកយើងនឹងបាត់បង់ចង្កោមសង្គម យើងបាត់បង់លទ្ធិប្រជាធិបតេយ្យ ហើយគិតទៅវាពិតជារឿងដែលគ្រោះថ្នាក់ខ្លាំងណាស់។ ព័ត៌មានបែបឃោសនា និងការត្រួតពិនិត្យព័ត៌មានគឺជាបំណែកស្នូលនៃរដ្ឋាភិបាលផ្តាច់ការ និងរដ្ឋាភិបាលបែបស្វ័យភាព។ ដូច្នេះប្រសិនបើវារីករាលដាលកាន់តែច្រើន នោះវានឹងកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយជាការពិតប្រព័ន្ធផ្សព្វផ្សាយកំពុងត្រូវបានរុញច្រានឲ្យធ្លាក់ចុះ ហើយហានិភ័យកាន់តែច្រើនថាយើងមានសង្គមមួយដែលផ្តាច់ការ»។
នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានចុះផ្សាយដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) កម្ពុជាជាប់នៅក្នុងចំណាត់ថ្នាក់លេខ ១៤២ ក្នុងចំណោមប្រទេសសរុបចំនួន ១៨០ នៅឆ្នាំ២០១៨។ ចំណាត់ថ្នាក់នេះ គឺធ្លាក់ពីចំណាត់ថ្នាក់លេខ ១៣២ កាលពីឆ្នាំ២០១៧ បន្ទាប់ពីមានការរឹតត្បិត ទៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលមិនជិតស្និទ្ធនឹងរដ្ឋាភិបាល។ ការរឹតត្បិតនេះក៏បានបង្កឲ្យមានការព្រួយបារម្ភពីតុល្យភាពនៃការបញ្ចេញមតិយោបល់ ក៏ដូចជា សិទ្ធិសេរីភាពនៅក្នុងការទទួលព័ត៌មាននៅកម្ពុជាផងដែរ។
លោក Peter Starr គ្រូឧទ្ទេស និងជាអតីតអ្នករាយការណ៍ព័ត៌មាន AFP បាននិយាយថាព័ត៌មានក្លែងក្លាយប៉ះពាល់ទៅលើមនុស្សគ្រប់គ្នា មិនថានៅតំបន់ណាមួយក៏ដោយនៅលើពិភពលោក។ ដូច្នេះទើបលោកលើកឡើងថាការអប់រំស្តីពីការចេះវែកញែកឲ្យដាច់រវាងព័ត៌មានពិតប្រាកដនិងព័ត៌មានក្លែងក្លាយជាការសំខាន់ ជាពិសេសសម្រាប់ជនវ័យក្មេង។
នៅពេល VOA សួរថាតើព័ត៌មានក្លែងក្លាយប៉ះពាល់ដល់តម្លៃលទិ្ធប្រជាធិបតេយ្យយ៉ាងដូចម្តេចនោះលោក Peter Starr បាននិយាយផងដែរថាលោកទទួលស្គាល់ថាអ្នកនយោបាយតែងនិយាយភូតកុហកហើយលោកបានបន្តថា ព័ត៌មានក្លែងក្លាយបានបង្កឲ្យមានការបែងចែកជាក្រុមផ្សេងៗប្រឈមនឹងគ្នា នៅក្នុងសង្គមមួយ ទោះបីជាលោកមិនសូវឃើញការប៉ះពាល់បែបនេះខ្លាំងទៅលើកម្ពុជាក៏ដោយក្តី។
«ប្រសិនបើអ្នកនិយាយអំពីនយោបាយ ខ្ញុំគិតថា អ្នកនយោបាយតែងនិយាយភូតកុហក។ នេះមិនមែនជាអ្វីមួយថ្មីនោះទេ។ វាបានកើតឡើងរាប់រយ រាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែខ្ញុំមានការព្រួយបារម្ភខ្លាំងពីការបែងចែកជាក្រុមប្រឈមនឹងគ្នា ទៅវិញទេ នៅពេលអ្នកឃើញមាន ការបែងចែកមនុស្សជាក្រុមផ្សេងៗ ហើយនេះជាអ្វីដែលធ្វើឲ្យភ័យខ្លាច។ ខ្ញុំគិតថា វាគ្រោះថ្នាក់សម្រាប់លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែខ្ញុំមិនឃើញរឿងនេះកើតមានច្រើនទេនៅកម្ពុជា»។
លោក Pierre Gillette អគ្គលេខាធិការក្រុមហ៊ុន Confirel និងក្រុមហ៊ុន PPM និងជាអតីតនិពន្ធនាយកកាសែតបារាំង Cambodge Soir បាននិយាយថាព័ត៌មានក្លែងក្លាយត្រូវបានប្រើប្រាស់ជាមធ្យោបាយសម្រាប់ទាញមតិសាធារណៈ ក៏ដូចជា សេចក្តីសម្រេចរបស់សាធារណជន។ លោកបានបន្ថែមថា ឥទ្ធិពលរបស់ព័ត៌មានមិនពិតគឺមានខ្លាំងនៅពេលដែលកម្រិតយល់ដឹងរបស់ប្រជាជននៅមានទាបនៅឡើយ។ លោកបានមានប្រសាសន៍ថា៖
«ធម្មតាបើមានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមគឺជារឿងល្អមួយ។ ប៉ុន្តែវាក៏បង្កបញ្ហាផងដែរពីព្រោះនៅពេលដែលមនុស្សទាំងអស់នៅលើបណ្តាញសង្គមគឺជាការបំភ្លៃ ឬ អូសទាញអ្នកប្រើប្រាស់បណ្តាញសង្គមទាំងនោះ។ ដូចនេះ សូមប្រើប្រាស់បណ្តាញសង្គមទាំងនោះឲ្យបានត្រឹមត្រូវ»។
លោក Gillette បានបន្ថែមថា លោកបានជួបជាមួយនឹងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាគឺលោកហង់ ជួនណារ៉ុន ដែលលោករដ្ឋមន្រ្តីបានប្រាប់លោកថាមានតែ២០ភាគរយប៉ុណ្ណោះនៃប្រជាពលរដ្ឋនៅកម្ពុជា ដែលចេះប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមបានត្រឹមត្រូវ និងមានប្រយោជន៍។
ស្របពេលដែលការចែកចាយព័ត៌មានមានសន្ទុះយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ក្តីកង្វល់ពីការផ្គត់ផ្គង់ព័ត៌មានប្រាកដប្រជា និងជឿទុកចិត្តបាននៅតែមានក្នុងចំណោមប្រជាជនកម្ពុជា និងនៅក្នុងស្ថានភាពមួយចំនួន ដែលការណ៍នេះក៏បានបង្កឲ្យមានការចោទសួរពីក្រមសីលធម៌និងឯករាជ្យភាពរបស់ស្ថាប័ននិងអ្នកសារព័ត៌មានផងដែរ៕