ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ការ​ឃោសនា​បោះឆ្នោត​មាន​ការ​រំខាន​ច្រើន​ឡើង


ក្បួនឡាន​ឃោសនា​របស់​គណបក្ស​កាន់​អំណាច​និង​គណ​បក្ស​ប្រឆាំង​ជួប​គ្នា​នៅតាមដង​ផ្លូវ​​នៅភ្នំពេញ នៅ​ថ្ងៃឃោសនា​ដំបួង​ តែគ្មាន​អំពើហិង្សា​ទេ។
ក្បួនឡាន​ឃោសនា​របស់​គណបក្ស​កាន់​អំណាច​និង​គណ​បក្ស​ប្រឆាំង​ជួប​គ្នា​នៅតាមដង​ផ្លូវ​​នៅភ្នំពេញ នៅ​ថ្ងៃឃោសនា​ដំបួង​ តែគ្មាន​អំពើហិង្សា​ទេ។
ក្រុមអ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​មាន​កំណើន​ សកម្មភាព​រំខាន​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​ ទូទាំង​ប្រទេស​ក្នុង​រយៈពេល​៦​ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា។​ លោក​សុខ ខេមរា​នៃ​វីអូអេ​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ បាន​រាយ​ការណ៍​ថា​ ការ​រំខានខ្លះ​មាន​ការ​ដោះស្រាយ​បាន​នៅ​ថ្នាក់​មូលដ្ឋាន​ ហើយ​ការ​រំខាន​និង​ភាព​មិន​ប្រក្រតី​ខ្លះ​ទៀត​មិន​អាច​ដោះស្រាយ​បាន​ទេ។ ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​បណ្តឹង​ច្រើន​ដាក់ជូន​ទៅ​កាន់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ។​

ទោះ​ជា​គ្មាន​អំពើ​ហិង្សា​កើត​ឡើង​និង​គ្មាន​បញ្ហា​រារាំង​ធ្ងន់ធ្ងរ​ដល់​យុទ្ធនាការ​ ឃោសនា​បោះឆ្នោត​ក្តី​ តែការ​រំខាន​ដល់​ដំណើរ​ការ​បោះឆ្នោត​របស់​គណបក្ស​ នយោបាយ​មាន​កំណើន​ ហើយ​មាន​ពាក្យ​បណ្តឹង​យ៉ាង​តិច​៣៥​ត្រូវ​បាន​គណបក្ស​ នយោបាយ​ដាក់​ជូន​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​ ដោះស្រាយ​នូវ​ភាព​មិនប្រក្រតី​ទាំង​នោះ។​

ក្រុម​អ្នក​ឃ្លាំមើល​បាន​អះអាង​ថា ​តាំងពី​ថ្ងៃទី​២៧​ មិថុនា​ដែលជាថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ដំបូង​មកនោះ​ ការ​រំខាន​និង​ភាព​មិន​ប្រក្រតីទាំងនោះ​រាប់​បញ្ចូល​ទាំង​ប្រព័ន្ធ​ឃោសនា​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ ការ​ទម្លាក់​និង​បំផ្លាញ​ស្លាក​ ការ​ហាម​ឃាត់​គណបក្ស​នយោបាយ​មិន​ឲ្យ​ឃោសនា​នៅទី​សាធារណៈ​មួយ​ចំនួន​ ដូចជា​នៅ​ក្នុងស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ ការ​ហាម​ឃាត់​ ការ​ឃោសនា​នៅ​តាម​ទីផ្សារ​និង​ការ​អនុញ្ញាត​មិន​ស្មើភាព​គ្នា​ក្នុង​ការ​បិទស្លាក​គណបក្ស​ឃោសនា​នៅ​ក្នុង​ទីផ្សារ​និង​ទី​សាធារណៈ​ជា​ដើម។​

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ ខុមហ្រែល​ បាន​អះអាង​ថា៖​ «អាជ្ញាធរ​មួយៗ​ហ្នឹង​គាត់​នឹក​ឃើញ​កន្លែង​នោះ​ឲ្យ​ធ្វើ កន្លែង​នោះ​មិន​ឲ្យ​ធ្វើ។ ​គណបក្ស​នេះ​ឲ្យធ្វើ​ គណបក្ស​នោះ​មិន​ឲ្យ​ធ្វើ។​ នៅមាន​បញ្ហា​ហ្នឹង​ច្រើន​ដែល​គណបក្ស​នានា​ហ្នឹង​គេ​ចេះ​តែ​ដាក់​ពាក្យ​បណ្តឹង​ ហើយ​នឹង​តវ៉ា​ពី​បញ្ហា​ហ្នឹង​ច្រើន។​ យើង​ឃើញ​ថា​ ចាប់ពី​ថ្ងៃ​ដំបូង​ មិន​សូវ​ប៉ុន្មាន​ទេ។​ ឥឡូវ​ថ្ងៃ​បន្តបន្ទាប់​មក​ មាន​ការ​តវ៉ា​ ប្តឹង​ផ្តល់​រឿង​ហ្នឹង​ច្រើន»។​

ក្រុម​អាជ្ញាធរ​ខ្លះ​ដែល​គេ​មើល​ឃើញ​ថា​ លំអៀង​ទៅ​រក​គណ​ប្រជាជន​កម្ពុជា​បាន​និយាយ​ថា​ ពួក​គេ​គិត​ពី​បញ្ហា​សន្តិសុខ​ និង​សុវត្ថិភាព​ ហើយ​មិនចង់​ឲ្យមាន​ការ​រំខាន​ដល់​ការ​លក់​ដូរ ​បានជា​មិន​អនុញ្ញាត​ឲ្យ​មាន​តំណាង​គណបក្ស​នយោបាយ​ចូល​ឃោសនា​ក្នុង​ទីផ្សារ​លក់ដូរ​ដ៏​មមារ​ញឹក​ និង​កន្លែង​ផ្សេង​ទៀត។​

មាន​គណបក្ស​នយោបាយ​ចំនួន​៨ចូលរួម​ប្រកួត​ប្រជែង​គ្នា​ក្នុង​យុទ្ធនាការ​រក​ សម្លេង​ឆ្នោត។​ គេ​បាន​រាយ​ការណ៍​មក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ ដោយ​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បានជួប​ប្រទះ​នូវ​ការ​រំខាន​ និង​ឧបសគ្គ​ច្រើន​ជាង​គេ។​ គណបក្ស​ជំទាស់​ ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​នេះ​ ត្រូវ​គេ​ដឹង​ថា​ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ ច្រើន​ដើម្បី​ប្រជែង​នឹង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែលកាន់​អំណាច​ជាង​៣០ឆ្នាំ។​

ក៏ប៉ុន្តែ​លោក​គល់ បញ្ញា​បាន​ទទួល​ស្គាល់​ថា ​មាន​ការ​ខិតខំ​ដោះស្រាយ​ច្រើន​ពី​គ.ជ.ប.​ និង​អាជ្ញាធរ​មូលដ្ឋាន។​ លោក​បាន​បន្ថែម​ថា​ ដោយសារ​តែ​គ្មាន​ការ​ដាក់​ ទោសទណ្ឌ​ និង​ពិន័យ​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស​បាន​ជា​បណ្តាល​ឲ្យ​មាន​ការ​រំខាន​ ចេះ​តែ​កើត​ឡើង។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឈ្មោះនិចហ្វិក​ បាន​អះអាង​ថា​ លោក​ក៏បាន​ទទួល​របាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រតី​ និង​បណ្តឹង​អំពី​ការ​រំខាន​ការ​ឃោសនា​ច្រើន​ក្នុង​រយៈ​ពេល​៦ថ្ងៃ​ចុង​ក្រោយ​នេះ។​ ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​គណបក្ស​នយោបាយ​នានា​បាន​ប្រកួត​ប្រជែង​និង​ឃោសនា​ពី​គោល​នយោបាយ​របស់​គេ​រៀងៗ​ខ្លួន។​

លោក​និយាយ​ថា៖​ «ជាមួយ​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ​ក្នុងនាម​សង្គម​ស៊ីវិល​ យើង​ធ្វើ​ការ​កត់ត្រា​ ហើយ​យើង​ពុំ​ទាន់​វាយ​តម្លៃ​ថា​ យ៉ាងម៉េច​ទេ ​តែយើង​មាន​ការ​ព្រួយ​បារម្ភ​ ប្រសិន​បើ​ភាគី​ណាមួយ​ប្រើប្រាស់​ករណី​នៃ​ភាព​មិន​ប្រក្រតី​នេះ​ទៅ​ជា​ការ​មិន​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត ​ឬ​ក៏មិន​ទទួល​ស្គាល់​នូវ​ដំណើរ​ការ​បោះឆ្នោត​ជាដើម។​ អញ្ចឹង​ហើយ​បាន​ជាសង្គម​ស៊ីវិល​តែងតែ​រួម​ចំណែក​សម្រប​សម្រួល​ជា​សម្ងាត់ក្នុង​ការ​ផ្តល់​ជា​អនុសាសន៍​ផ្សេងៗ​ទៅ​គ.ជ.ប.»។​

លោក​បន្ថែម​ថា​ រឿង​នេះ​ស្រេច​ទៅ​លើ​គណបក្ស​នយោបាយ​ទាំងប្រាំបី​ដែល​ត្រូវ​វាយ​តម្លៃ​ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​ ហើយ​លោក​បញ្ជាក់​ថា​ ​សង្គម​ស៊ីវិល​មិន​ទាន់​មាន​ការ​វាយ​តម្លៃ​ទេ ​ទោះជា​មាន​ភាព​មិនប្រក្រតី​និង​ការ​រំខានការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ក្តី។

លោក​ទេព​ នីថា​ អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​ ទទួល​ស្គាល់​ថា​ មាន​បណ្តឹង​ច្រើន​មែន ​តែ​បណ្តឹង​ទាំង​នោះ​មាន​ការ​ដោះស្រាយ​ ខ្លះ​នឹង​កំពុង​បន្ត​ដោះស្រាយ​ខ្លះ។​ លោក​ថ្លែង​ថា​ មកទល់​ពេល​នេះ​ គ្មាន​សកម្ម​ភាព​ណាមួយ​ជា​អំពើ​ហិង្សា​ដែល​រារាំង​មិនឲ្យ​មាន​ការ​ឃោសនា​បោះឆ្នោត​ កើត​ឡើង​នោះ​ទេ។​

លោក​និយាយ​ថា៖​ «គ្រាន់តែ​យើង​កត់​សម្គាល់​មាន​បណ្តឹង៣៥​ហើយ​រហូត​ដល់​ថ្ងៃនេះ។​ បណ្តឹង​៩​ត្រូវ​បាន​ដោះស្រាយ​នៅ​ថ្នាក់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។​ បណ្តឹង​ផ្សេង​ទៀត​កំពុង​ស្រាវជ្រាវ​ និង​ដោះស្រាយ​នៅ​ថ្នាក់​ឃុំសង្កាត់។​ បណ្តឹង​ទាំង​នេះ​បើ​យើង​ពិនិត្យ​មើលទៅ​ ពុំមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ»។​

លោក​ទេព នីថា​បាន​បញ្ជាក់​ថា​ បញ្ហា​លើក​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ទទួល​ការ​ប្តឹង​ផ្តល់​នោះ​ត្រូវបាន​ដោះស្រាយ ​និង​សម្រួល​គ្នា​រួច​ហើយ។ ​លោក​បាន​អះអាង​ផងដែរ​ថា​ ចំនួន​បណ្តឹងនៃ​ការ​រំខាន​ដល់​ការ​ឃោសនា​បោះ​ឆ្នោត​មាន​ច្រើន​មែន។​

​លោក​និយាយ​ថា៖​ «ការប្តឹង​ទាក់ទង​រឿង​រំខាន​នេះ​ វា​មាន​ការ​ប្តឹង​ទៅ​ ប្តឹង​មក។​ ហើយ​អាច​ថា ​ជា​ការ​ប្តឹង​ចំនួន​ច្រើន​ទី២ ​បន្ទាប់​ពីការ​លើក​ស្លាក​សញ្ញា​ខុស​កន្លែង​ដូច​ខ្ញុំ​ជម្រាប​អម្បាញ​មិញ​អញ្ចឹង។ ​ហើយ​ពុំមាន​បញ្ហា​អី្វ​ធ្ងន់ធ្ងរ​ទេ​ ព្រោះ​ថា​ ការ​រំខាន​នេះ​ទាក់ទង​ច្រើន​ទៅ​លើ​ការ​ចាក់​មេក្រូ ​ដែល​ហែ​ក្បួន​បញ្ច្រស​គ្នា​ ដែល​អត់​មាន​បន្ថយ​សម្លេង ​ឬក៏​ចាក់​មេក្រូ​នៅ​ទី​ប្រជុំ​ ទី​កន្លែង​ស្នាក់ការ​ជិត​គ្នា​ហ្នឹង ​ដោយ​អត់​មាន​បន្ថយ​សម្លេង​ទៅវិញ​ទៅមក។​ ហើយ​កន្លែង​ខ្លះ​បាន​សម្រប​សម្រួល​ហើយ ហើយកន្លែង​ខ្លះ​ ការ​សម្រប​សម្រួល​ហ្នឹង​មិន​សុខចិត្ត​ក៏​បាន​ប្តឹង​ត​មក​ទៀត។​ ហើយ​បញ្ហា​អស់​នេះ​ វា​មាន​តែមួយ​ពេល​ហ្នឹង។​ បន្ទាប់មក​ទៀត​ វាបាត់​ទៅ​វិញ​ទៅ»។​

ពលរដ្ឋ​ខ្មែរ​ជាង​៩លាន​នាក់មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​និង​បង្កើត​រដ្ឋាភិបាល​ថ្មី​នីតិកាល​ទី៥។​ ប្រទេស​កម្ពុជា​កំណត់​ថា​ នឹង​ធ្វើ​ការ​បោះឆ្នោត​ថ្ងៃ​២៨​កក្កដា​ ឆ្នាំ​២០១៣៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG