ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​គណបក្ស​កាន់​អំណាច​ពីបទ​រំខាន​ការឃោសនា


សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​ធ្វើការ​ឃោសនា​ក្នុងថ្ងៃទី២។
សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​ធ្វើការ​ឃោសនា​ក្នុងថ្ងៃទី២។
គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃច័ន្ទនេះ ​បាន​ចោទ​ប្រកាន់​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ ថា​បាន​មក​រំខាន​សកម្មភាព​រក​សំឡេងឆ្នោត ​ខណៈពេល​ដែល​មន្ត្រី​របស់​គណបក្ស​បានធ្វើ​សកម្ម​ភាព​ឃោសនា​នៅ​ក្នុង​ខេត្ត​កណ្តាល។​

លោក​អេង ឆៃអ៊ាង​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កណ្តាល​ បាន​និយាយ​ថា​ ហេតុ​ការណ៍​ដែល​នាំ​ឲ្យ​មាន​ការ​រំខាន​នេះ​បាន​កើត​មាន​ឡើង​នៅ​ស្រុក​ពញាឮ​ ខេត្តកណ្តាល ​ក្នុង​ខណៈពេល​ដែល​លោក​និង​មន្ត្រី​គណបក្ស​បាន​ចុះ​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ទីនោះ។​

លោក​បាន​និយាយ​ថា ​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​បារះ​មក​ដាក់​រាំង​ផ្លូវ​ មិន​ឲ្យ​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ទេ។ ​លោក​និយាយ​ថា​ មាន​សមាជិក​គណបក្ស​ប្រជាជន​ជាច្រើន​នាក់​បាន​ជិះ​ម៉ូតូ​មក​រំខាន​មិន​ឲ្យ​ក្បួន​ដង្ហែ​របស់​គណបក្ស​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​សេរី។​

លោក​និយាយ​ថា៖ «រំខាន​ខ្ញុំ​តាំង​ពី​ខ្ញុំ​ចូល​ទឹកដី​ស្រុក​ពញាឮ​រហូត​មកដល់​ឃុំ​កោះចិន​គឺ​ពួក​ខ្ញុំ​មិន​អាច​ឃោសនា​បានទេ​ ពីព្រោះ​កម្មវិធី​នៅ​កោះចិន​ហ្នឹង​គឺជា​កម្មវិធី​របស់​គណបក្ស​សង្គ្រោះជាតិ។ ​ឥឡូវ​ក្រុម​គេ​ហ្នឹង​ជិះ​ម៉ូតូ​ចល័ត​ចុះឡើង។​ ហែចុះ​ឡើង​គឺពួក​ខ្ញុំ​ធ្វើ​អ្វី​អត់​កើត​ទេ​ ព្រោះ​ប្រជា​ពល​រដ្ឋមិន​អាច​ហ៊ាន​មក​ទទួល»។​

ការ​រំខាន​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មក​លើ​គណបក្ស​សង្គ្រោះជាតិ​មិន​មាន​អំពើ​ហិង្សាណា​មួយ​បាន​កើត​ឡើង​ទេ ​ពោល​គឺ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​សារ​សមាជិក​គណបក្ស​សង្គ្រោះជាតិ​មិន​តបត។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អេង ឆៃអ៊ាង។

មានគណបក្ស​នយោបាយ​ចំនួន​៨ ​ដែល​បាន​ចុះ​បញ្ជី​បោះឆ្នោត​ បាន​ធ្វើ​យុទ្ធនាការរក​សំឡេងឆ្នោត​បាន​ឈាន​ដល់​ថ្ងៃ​ទី​៥​ហើយ។​ ក្នុងរយៈ​ពេល​៥ថ្ងៃ​កន្លង​ទៅ​នេះ ​គ.ជ.ប.​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​១៦​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ទេព នីថា​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ បាន​និយាយ​ថា​ បណ្តឹង​ទាំង​អស់នេះ​មាន​បី​បណ្តឹង​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឃុំ​សង្កាត់​រួច​រាល់​ហើយ​ មាន​មួយ​បណ្តឹង​ប្តឹង​បន្ត​មក​គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោតខេត្ត។ ​ចំណែក​ឯ​បណ្តឹង​១២​ទៀត​កំពុង​តែ​ស្រាវ​ជ្រាវ​នៅ​ឃុំ​នៅ​ឡើយ។

លោក​និយាយ​ថា៖ «គណបក្ស​សង្គ្រោះជាតិ​ប្តឹង​៧​ករណី​ ​ប្តឹង​គណបក្ស​ប្រជាជន​ពី​ការ​រំខាន​ការបោះឆ្នោត​ និង​មាន​ករណី​ប្តឹង​អញ្ញាត្ត​ជន​ដែល​បាន​ធ្វើ​ឲ្យ​ដួល​រលំ​គណបក្ស​នយោបាយ»។​

លោក​គុល បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ដំណើរ​ការបោះ​ឆ្នោត​មួយ​ ដែល​មាន​ឈ្មោះថា​ Comfrelបាន​និយាយ​ថា​ មាន​មន្រ្តី​រាជការ​នៅ​តាម​ខេត្តមួយ​ចំនួន​បាន​យក​ម៉ោង​ការងារ​ទៅធ្វើ​សកម្មភាពឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស ​ទូរទស្សន៍​ បាន​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​

លោក​និយាយ​ថា៖ ​«​មន្ត្រី​រាជ​ការ​មាន​ការ​ចូល​រួម​ច្រើន ​តែ​យើង​ឃើញ​ថា​ មាន​ការ​ថយ​ចុះ​ការ​ប្រើប្រាស់​សម្ភារៈ​រដ្ឋ​ ដូច​ជា​រថយន្ត​ និង​ម៉ូតូ​ដែល​មាន​ផ្លាក​រាជ​ការ​ ឃើញ​ថា ​មាន​ការ​ធ្លាក់​ចុះ​ជាង​ពីមុន​ ​តែ​ទោះជាយ៉ាង​ណា​ យើង​នៅ​កំពុង​ឃ្លាំមើល​ទៀត​ ការងារមិន​ទាន់​ចប់​ទេ​ ទើបតែ​ចាប់​ផ្តើម»។​

លោក​ហង្ស ពុទ្ធា​ នាយក​ប្រត្តិបត្តិ​អង្គការ​ឃ្លាំមើល​បោះឆ្នោត​និចហ្វិច ​បាន​និយាយ​ថា​ លោក​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ចំនួន​២០​ករណី​នៅ​ក្នុង​អំឡុង​ពេលបោះ​ឆ្នោត​៥​ថ្ងៃ​នេះ។​ លោក​បាន​និយាយ​ថា ការ​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ និង​រថយន្ត​ពាក់​ស្លាក​លេខ​កង​យុទ្ធពល​ខេមរ​ភូមិន្ទ​ ត្រូវ​បាន​យក​មក​ប្រើប្រាស់​ដោយ​គណបក្ស​គ្រប់គ្រង​អំណាច​ ​ ការ​ទម្លាក់​ស្លាក​ ការ​បង្ខិត​បង្ខំ​ដោយ​ប្រធាន​ភូមិ​ និង​ការ​រារាំង​រវាង​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ទៀត។​ លោក​បាន​បញ្ជាក់​ថា​ ភាព​មិន​ប្រក្រតី​ទាំង​នេះ​ ​បើមាន​ចំនួន​ច្រើន​ ​វា​ជះ​ឥទ្ធិពល​ដល់​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះ​ឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG