ក្នុងរយៈពេលជិតបួនខែក្រោយពីការវាយប្រហារមួយដោយពួកជនសកម្មប្រយុទ្ធប្រដាប់អាវុធក្នុងមូលដ្ឋានមួយនៃកងទ័ពអាកាសឥណ្ឌាដែលបានធ្វើឱ្យអន្តរាយដល់ការសន្ទនាគ្នារវាងប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថាន ដែលជាគូប្រជែងគ្នានោះ ពួកអ្នកការទូតកំពូលនៃប្រទេសទាំងពីរនេះបានធ្វើការចរចាគ្នានៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌាអំពីបញ្ហាមួយចំនួនដែលធ្វើឱ្យមានការល្អក់កករក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ដូចជាបញ្ហាដែនដីកាស្មៀរ (Kashmir) និងបញ្ហាភេរវកម្មជាដើម។
ជំនួបរវាងលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងសមភាគីប៉ាគីស្ថានរបស់លោកគឺលោក Aizaz Ahmad Chaudhry បានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារនៅខាងក្រៅសន្និសីទក្នុងតំបន់មួយអំពីប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍មួយពីអគ្គស្នងការប៉ាគីស្ថាន ប្រចាំក្រុងញូវដេលី បាននិយាយថា លោក Chaudhry បានគូសបញ្ជាក់ថា ដែនដីកាស្មៀរ នៅតែជាបញ្ហាស្នូលដែលតម្រូវឱ្យមានការដោះស្រាយមួយដោយយុត្តិធម៌។ ដែនដីត្រូវបែងចែកនេះក្នុងតំបន់ភ្នំហិម៉ាល័យ នៅតែជាបញ្ហានាំឱ្យមានការមិនស្រុះស្រួលគ្នារវាងប្រទេសទាំងពីរ ដែលជាគូប្រជែងគ្នាជាច្រើនទសវត្សរ៍មកហើយ។
រដ្ឋាភិបាលក្រុងញូវដេលី ផ្តោតការយកចិត្តទុកដាក់លើកង្វល់ធំបំផុតរបស់ខ្លួនហើយបាននិយាយថា រដ្ឋាភិបាលក្រុង Islamabad មិនអាចប្រកែកបានទេអំពីផលប៉ះពាល់នៃភេរវកម្មទៅលើការទាក់ទងគ្នារវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសឥណ្ឌាបាននិយាយថា ក្រសួងនេះបានគូសបញ្ជាក់អំពីសេចក្តីត្រូវការឱ្យមានការជឿនលឿន«យ៉ាងឆាប់រហ័សនិងច្បាស់លាស់»នៃការស៊ើបអង្កេតអំពីការវាយប្រហារកាលពីខែមករានៅឯមូលដ្ឋានកងទ័ពអាកាស Pathankot និងអំពីការកាត់ក្តីដែលកំពុងមានធ្វើទាក់ទិននឹងការវាយប្រហារភេរវកម្មនៅក្នុងក្រុង Mumbai កាលពីឆ្នាំ២០០៨៕