ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១០០​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​បាញ់​កាំជ្រួច​​នៅ​ក្នុង​ពិធី​បុណ្យ​សាសនា​​នៅ​ឥណ្ឌា


ទិដ្ឋភាព​នៃ​អគារ​ដែល​ដួល​រលំ​មួយ​បន្ទាប់​ពី​អគ្គិភ័យ​បាន​កើត​ឡើង​ក្នុង​ពេល​បាញ់​កាំជ្រួច​មួយ​នៅ​វិហារ Puttingal ភូមិ Paravoor រដ្ឋ Kerala ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
ទិដ្ឋភាព​នៃ​អគារ​ដែល​ដួល​រលំ​មួយ​បន្ទាប់​ពី​អគ្គិភ័យ​បាន​កើត​ឡើង​ក្នុង​ពេល​បាញ់​កាំជ្រួច​មួយ​នៅ​វិហារ Puttingal ភូមិ Paravoor រដ្ឋ Kerala ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

មនុស្ស​ប្រហែល​១០០​នាក់​បាន​ស្លាប់​ ហើយ​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​អគ្គិភ័យ​ដ៏​សន្ធោ​សន្ធៅ​មួយ​ ដែល​បាន​ឆាបឆេះ​វិហារ​មួយនៅ​ក្នុង​រដ្ឋ Kerala កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដែលនៅ​ទីនោះ​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​មើល​កាំជ្រួច​នៅក្នុង​ពិធី​បុណ្យ​សាសនា​ប្រចាំ​ឆ្នាំមួយ។​

សោកនាដកម្ម​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​ប្រហែល​៣​ភ្លឺ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​គេ​ចាប់​ផ្តើម​បាញ់​កាំជ្រួច​ក្បែរ​វិហារ Puttingal Devi ​នៅ​ក្នុង​ក្រុង Paravur ក្នុង​ស្រុក Kollam ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ Thiruvananthapuram​ នៃ​រដ្ឋ​នោះ។

ក្រុម​មន្រ្តីបាន​និយាយ​ថា កាំជ្រួច​នោះ​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​មុន​ពេល​ដែល​វា​បែក​ផ្កា​ភ្លើង​ឡើង​ទៅ​លើ​ ដែល​បាន​បណ្តាល​ឲ្យ​ផ្ទុះ​យ៉ាង​ខ្លាំងជា​បន្តបន្ទាប់​គ្នា ហើយ​អគ្គិភ័យ​នោះ​បាន​រីករាលដាល​យ៉ាង​ឆាប់​រហ័ស។ ការិយាល័យ​របស់​វិហារ​នោះ​បាន​ឆេះ​ទៅ​ជា​គំនរ​បាក់បែក​ ហើយ​ដំបូល​របស់​វិហារ​នោះ​ក៏បាន​បែកធ្លាយ​ដែរ។ ផ្សែង​ខ្មៅ​ងងឹត​បាន​ហោះ​ឡើង​ទៅ​លើ​អាកាស​យ៉ាង​ឆាប់​រហ័ស។

មនុស្ស​ម្នា​បាន​រត់​ជាន់គ្នា​ដោយសារ​ការ​ភ័យ​តក់ស្លុត ហើយ​មនុស្ស​ជាច្រើន​បាន​រងរបួស​ខណៈ​ដែល​ពួកគេ​ព្យាយាម​រត់​គេច​ពី​អគ្គិភ័យ​នោះ។ ​

ក្រុម​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​ក្រុង​នេះ​ហើយ។ កងកម្លាំង​ប្រដាប់​អាវុធ​កំពុង​តែ​ជួយ​បញ្ជូន​ជន​រងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ទៅ​កាន់​មន្ទីរពេទ្យ។

លោក D.K. Sharma ​អ្នក​នាំ​ពាក្យ​យោធា​ជើង​ទឹក​បាន​ថ្លែង​ប្រាប់ VOA ថា ឧទ្ធម្ភាគចក្រ​មួយ​ចំនួន និង​នាវា​យោធា​ជើង​ទឹក​ចំនួន​៣​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ទីនោះ​ដើម្បី​ដឹក​ជញ្ជូន​ជន​រងគ្រោះ​ទៅ​កាន់​ក្រុង​ដែល​ធំ​ជាង​នេះ​ទៅ​ក្នុង​រដ្ឋ​នេះ៕

XS
SM
MD
LG