ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងឧទ្យានសាធារណៈមួយមានមនុស្សកុះករនៅក្នុងក្រុង Lahore នៅប៉ែកខាងកើតប្រទេសកាលពីល្ងាចថ្ងៃអាទិត្យ បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៦៥នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៣០០នាក់ទៀតត្រូវរបួស។
លោក Salman Rafiq ទីប្រឹក្សាខាងសុខាភិបាលម្នាក់របស់រដ្ឋាភិបាលខេត្ត Punjab បាននិយាយថា មានស្ត្រីនិងកុមារស្ថិតនៅក្នុងចំណោមក្រុមជនរងគ្រោះ។ លោកបានថ្លែងថាមានមនុស្សត្រូវរបួសធ្ងន់ក្នុងចំណោមក្រុមនោះ ហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យក្នុងមូលដ្ឋាន។
អ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា មានគ្រួសារក្រុមអ្នកកាន់គ្រិស្តសាសនាច្រើននាក់ដែលប្រារព្ធពិធីបុណ្យប៉ាក (Easter) ក៏មានវត្តមាននៅក្នុងឧទ្យាន Gulshan Iqbal នៅពេលមានការផ្ទុះគ្រាប់បែកនោះ ក៏ប៉ុន្តែគេដឹងមិនច្បាស់លាស់ទេថា តើអ្នកបំផ្ទុះគ្រាប់បែកនោះបានយកសហគមន៍ជនភាគតិចនេះជាទីដៅនៃការវាយប្រហារឬបែបណាទេ។
គ្មាននរណាម្នាក់ទាមទារការទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ ក៏ប៉ុន្តែគេបានសង្ស័យជាបន្ទាន់ទៅលើក្រុមជ្រុលនិយមតាលីបង់ប៉ាគីស្ថាន។
ក្រុមនេះបានធ្វើការបះបោរប្រឆាំងនឹងរដ្ឋជាងមួយទសវត្សរ៍មកហើយ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនិងការវាយប្រហារភេរវកម្មឯទៀតៗ។
សេចក្រីថ្លែងការណ៍មួយរបស់លោក Ned Price អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិស.រ.អា.និយាយថា ស.រ.អា.ថ្កោលទោស«យ៉ាងខ្លាំង»ដល់ការវាយប្រហារនេះ នៅក្នុងក្រុង Lahore ដោយហៅវាថាជា«សកម្មភាពកំសាកមួយនៅក្នុងអ្វីដែលជាឧទ្យានមួយមានទស្សនីយភាពល្អនិងមានភាពស្ងប់ស្ងៀមជាយូរមកហើយ»។
នៅពេលជាមួយគ្នានេះ នៅក្នុងក្រុង Islamabad ប្រជារាស្ត្រប៉ាគីស្ថានច្រើនពាន់នាក់បានដើរធ្វើបាតុកម្មនៅតាមផ្លូវនៃរដ្ឋធានីកាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងនឹងការប្រហារជីវិតដោយព្យួរកកាលពីខែមុន ចំពោះបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានធ្វើឃាតអភិបាលខេត្តម្នាក់។
ក្រុមបាតុករដែលភាគច្រើនបំផុតជាក្រុមសកម្មជននៃគណបក្សឥស្លាមនិយមបានធ្វើការប្រជុំប្រឆាំងនឹងការប្រហារជីវិតឈ្មោះ Mumtaz Qadri ដែលបានបាញ់សម្លាប់លោក SalmanTaseer អភិបាលខេត្ត Punjab កាលពីឆ្នាំ២០១១ព្រោះអ្នកនយោបាយដែលត្រូវបានធ្វើឃាតនេះបានអំពាវនាវឱ្យមានការកែទម្រង់ច្បាប់ឥស្លាមរបស់ប្រទេស ប្រឆាំងនឹងការប្រមាថមើលងាយសាសនា៕