ប្រទេសប៉ាគីស្ថានកំពុងកាន់ទុក្ខ ចំពោះការស្លាប់មនុស្សយ៉ាងតិច៧០នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតដោយក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ នៅទីក្រុង Lahore ដែលជាទីប្រជុំជននៃខេត្ត Punjab ប៉ែកខាងកើតប្រទេស។
ការវាយប្រហារនេះបានសំដៅទៅរកអ្នកកាន់សាសនាគ្រិស្ត ដែលកំពុងប្រារព្ធពិធីបុណ្យប៉ាកឬបុណ្យ Easter តាមសាសនារបស់ពួកគេ។
ក្រុមមន្ត្រីពេទ្យនិយាយថា មានក្មេងរហូតដល់៣០នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ហើយមានមនុស្សជាង៣០០នាក់បានរងរបួស។
ការបំផ្ទុះនេះបានកើតឡើងនៅក្នុងសួនសាធារណៈ ដែលមានមនុស្សម្នានៅពាសពេញ។ ជនរងគ្រោះជាច្រើន មកពីសហគមន៍អ្នកកាន់សាសនាគ្រិស្តភាគតិចនៅក្នុងប្រទេសប៉ាគីស្ថាន។
អ្នកនាំពាក្យម្នាក់របស់យោធាប៉ាគីស្ថានបាននិយាយនៅថ្ងៃច័ន្ទនេះថា ទីភ្នាក់ងារសន្តិសុខបានធ្វើប្រតិបត្តិការជាច្រើនដោយផ្អែកលើព័ត៌មានបឋមៗ ហើយបានចាប់ខ្លួន «ជនសង្ស័យជាភេរវជននិងអ្នកសមគំនិតមួយចំនួន» មកពីតំបន់នានានៅក្នុងក្រុង Lahore និងក្រុងពីរផ្សេងទៀតនៃខេត្ត Punjab ដែលជាខេត្តមានពលរដ្ឋរស់នៅច្រើនជាងគេរបស់ប្រទេសប៉ាគីស្ថាន។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេ៕