នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង VOA កាលពីថ្ងៃទី ១៩ ខែមករាកន្លងទៅនេះ ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Derek Chollet បាននិយាយថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសថៃជាដៃគូដ៏ជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាមេរិកទាក់ទិននឹងបញ្ហាជនភៀសខ្លួន។ បញ្ហាជនភៀសខ្លួននេះជាអ្វីដែលសហរដ្ឋអាមេរិកកំពុងពិភាក្សាជាបន្តជាមួយនឹងប្រទេសថៃ។ ក្នុងអំឡុងទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន វាជារឿងអាទិភាពមួយរបស់ខ្ញុំ»។
លោកបានបន្តថា ក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសថៃនិងតំបន់ព្រំដែនកាលពីឆ្នាំមុន «បញ្ហាជនភៀសខ្លួននេះគឺជាបញ្ហាដែលកំពុងត្រូវបានពិភាក្សាជាបន្ត»។ លោកបានបន្ថែមថា៖ «ប្រទេសថៃគឺជាដៃគូដ៏ជិតស្និទ្ធនិងសំខាន់នៅក្នុងបញ្ហានេះ»។
បើយោងតាមអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលពាក់ព័ន្ធនៅក្នុងរឿងនេះ ជនភៀសខ្លួនជិត ៥០០ នាក់ត្រូវបានអនុញ្ញាតនិងកំពុងរង់ចាំតាំងទីលំនៅថ្មីនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែជនភៀសខ្លួនទាំងនោះកំពុងជាប់គាំងនៅក្នុងក្រុង Mae Sot ដែលជាក្រុងមួយស្ថិតក្នុងតំបន់ព្រំដែនរវាងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា។
រដ្ឋាភិបាលថៃមិនទាន់បានចេញបណ្ណអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនេះចាកចេញពីប្រទេសថៃនៅឡើយទេអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ជនភៀសខ្លួន ៦០០ នាក់ទៀតនៅក្នុងតំបន់ផ្សេងទៀតក៏ត្រូវបានអនុញ្ញាតឱ្យតាំងទីលំនៅថ្មីនៅប្រទេសទីបីផងដែរ ប៉ុន្តែក៏មិនទាន់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសថៃដែរ។
លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់នៅក្នុងអ៊ីមែលផ្ញើមកកាន់ VOA ថា៖ «ប្រទេសថៃបានរារាំងដោយមិនចាំបាច់នូវការចាកចេញរបស់ជនភៀសខ្លួនមីយ៉ាន់ម៉ាជាច្រើននាក់អស់រយៈពេលជាយូរមកហើយ»។ លោកបានបន្ថែមថា៖ «វាដល់ពេលដែលត្រូវបញ្ចប់ការរារាំងនេះ»។
បន្ថែមពីលើនេះទៀត លោក Robertson បានស្នើឱ្យមានការដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាលថៃ ដោយលោកនិយាយដូច្នេះថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាលថៃឱ្យចាប់ផ្ដើមចេញបណ្ណអនុញ្ញាតឱ្យចាកចេញសម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ាដែលគេទទួលស្គាល់ ដោយហេតុថាប្រទេសថៃមិនឈ្មុសឈ្មុលធ្វើដូច្នេះហើយនឹងបន្តប្រើលេសពន្យារពេល ប្រសិនបើត្រូវបានអនុញ្ញាតឱ្យធ្វើដូច្នេះ»។
ក្រសួងការបរទេសថៃមិនបានឆ្លើយតបចំពោះសំណួររបស់ VOA តាមអ៊ីមែលដែលចង់ដឹងអំពីរឿងពន្យារពេលមិនចេញបណ្ណអនុញ្ញាតនេះទេ។
បើយោងតាមអង្គការក្រៅរដ្ឋាភិបាលនានាដែលជួយជ្រោមជ្រែងជនភៀសខ្លួនទាំងនេះ មនុស្សជាង ២០.០០០ នាក់បានគេចចេញទៅកាន់ប្រទេសថៃ នៅចំពេលដែលមានការភ័យខ្លាចអំពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយតាំងពីពេលដែលមានរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក។ មនុស្សចំនួនប្រហែល ១១.០០០ នាក់ក្នុងចំណោមនោះ បានទាក់ទងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR)។
សហរដ្ឋអាមេរិកបានស្វាគមន៍ជនភៀសខ្លួនមីយ៉ាន់ម៉ារាប់រយនាក់តាំងពីយោធាបានធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២១មក៕
ប្រែសម្រួលដោយលោក ភី សុភាដា