នៅក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Tom Andrews បានបង្ហាញពីរូបភាពដ៏តក់ស្លុតពីភាពព្រៃផ្សៃរបស់យោធាប្រឆាំងនឹងពលរដ្ឋមីយ៉ាន់ម៉ា។ លោកបាននិយាយថា ស្ថានភាពបានផ្លាស់ប្តូរពីអាក្រក់ទៅអាក្រក់ជាងមុន ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារប្រកបដោយភាពវិនាសមហន្តរាយកាលពីឆ្នាំមុន។ ហើយលោកបានបន្តថា មនុស្សរាប់លាននាក់ត្រូវប្រឈមនឹងការរំលោភបំពានដោយផ្ទាល់ ក៏ដូចជា ការបំពានសិទ្ធិមនុស្សរបស់ពួកគេជាបន្តបន្ទាប់។
លោក Andrews បានលើកឡើងពីការរំលោភបំពានដ៏អាក្រក់ក្នុងទម្រង់ផ្សេងៗ រួមមាន ការបំផ្លាញផ្ទះសម្បែងជាង ២៨.០០០ខ្នង និងការដុតបំផ្លាញភូមិនានាទាំងមូលជាដើម។ លោកបានបន្តថា មនុស្សជាង ១២.០០០នាក់ ក្នុងនោះមាន កុមាររាប់រយនាក់ ត្រូវបានគេឃុំខ្លួន ហើយឲ្យរស់នៅក្នុងលក្ខខណ្ឌដ៏អាក្រក់។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះបានបន្ថែមថា ប្រទេសមីយ៉ាន់ម៉ាទាំងមូលត្រូវបានធ្វើឲ្យធ្លាក់ចូលក្នុងស្ថានភាពសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺនមួយ។
លោក Andrews បានថ្លែងថា៖ «យោធាមីយ៉ាន់ម៉ាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជារៀងរាល់ថ្ងៃ រួមមាន អំពើហិង្សាផ្លូវភេទ ការធ្វើទារុណកម្ម ការចាត់គោលដៅដោយចេតនាមកលើជនស៊ីវិល និងអំពើឃាតកម្ម»។
យោធាមីយ៉ាន់ម៉ាមិនទាន់ឆ្លើយតបនឹងរបាយការណ៍ខាងលើនេះនៅឡើយទេ។
លោក Andrews កត់សម្គាល់ថា ពលរដ្ឋមីយ៉ាន់ម៉ាពិតជាមានការខកចិត្តយ៉ាងខ្លាំងពាក់ព័ន្ធនឹងការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះវិបត្តិមនុស្សជាតិនេះ ដែលលោកនិយាយថា បានក្លាយទៅជាគ្រោះមហន្តរាយមនុស្សជាតិមួយ។
លោក Andrews បានថ្លែងថា៖ «ពួកគេស្មុគស្មាញយ៉ាងខ្លាំង ហើយខឹងសម្បានឹងបណ្តាប្រទេសសមាជិកអ.ស.ប ដែលកំពុងគាំទ្ររបបយោធាខុសច្បាប់និងដ៏សាហាវឃោឃៅនេះតាមរយៈការផ្តល់ហិរញ្ញប្បទាន ពាណិជ្ជកម្ម អាវុធ និងចាត់ទុករបបដឹកនាំនេះថា ស្របច្បាប់។ ប៉ុន្តែពួកគេក៏ខកចិត្តនឹងបណ្តាប្រទេសដទៃទៀត ដែលធ្លាប់បានបង្ហាញការគាំទ្រមកលើពួកគេកន្លងមក ប៉ុន្តែខកខានក្នុងការធ្វើតាមពាក្យសន្យារបស់ខ្លួន»។
របាយការណ៍ខាងលើបានលើកឡើងថា ជម្លោះកំពុងរីកសាយភាយពាសពេញប្រទេសមីយ៉ាន់ម៉ា ស្របពេលជនស៊ីវិលកាន់តែច្រើនចាប់ផ្តើមកាន់អាវុធដើម្បីតស៊ូប្រឆាំងនឹងរបបយោធា។ លោក Andrews ក៏បានព្រមានថា ជម្លោះដែលកាន់តែមានភាពតានតឹងរវាងយោធា និងក្រុមកុលសម្ព័ន្ធប្រដាប់អាវុធអាចនាំឲ្យមានការភៀសខ្លួនទ្រង់ទ្រាយធំ ដូចអ្វីដែលធ្លាប់កើតមានកាលពីប្រាំឆ្នាំមុនអ៊ីចឹង។
ការធ្វើទុក្ខបុកម្នេញនិងអំពើហិង្សាទ្រង់ទ្រាយធំប្រឆាំងនឹងជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមបានបណ្តាលឲ្យមនុស្សជាង ៧សែននាក់ ភៀសខ្លួនដើម្បីសុវត្ថិភាពទៅកាន់តំបន់ Cox's Bazar ក្នុងប្រទេសបង់ក្លាដែស កាលពីខែសីហា ឆ្នាំ២០១៧។ អ្នករាយការណ៍ពិសេសអ.ស.បនិយាយថា ការរើសអើង ការគាបសង្កត់ និងការបំពានសិទ្ធិមនុស្ស ដែលបានបង្កឲ្យមានការភៀសខ្លួនទ្រង់ទ្រាយធំគឺ មានរហូតដល់សព្វថ្ងៃនេះ។
លោក Andrews បានលើកឡើងថា មនុស្សជាច្រើននៅមីយ៉ាន់ម៉ាជឿថា ពិភពលោកបានភ្លេចពីពួកគេ ឬមិនខ្វល់ពីពួកគេ។ លោកបានអំពាវនាវក្រុមប្រឹក្សាសិទ្ធិមនុស្សឲ្យជំរុញឲ្យមានការធ្វើសកម្មភាពផ្សេងៗដើម្បីជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា។ លោកក៏បានជំរុញឲ្យបណ្តាប្រទេសសមាជិកអ.ស.ប បន្តឈរជាមួយនឹងពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងក្លាហានតស៊ូ ដើម្បីជីវិតរបស់ពួកគេ កូនៗរបស់ពួកគេ និងអនាគតរបស់ពួកគេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា