លោកស្រី Michelle Bacheletឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានព្រមានថា ភាពផ្ដាច់ការយោធាដ៏ឃោរឃៅរបស់មីយ៉ាន់ម៉ា កំពុងបំផ្លាញមូលដ្ឋានគ្រឹះសង្គមនិងកំពុងធ្វើឲ្យរដ្ឋមួយនេះឈានទៅរកហានិភ័យនៃការដួលរលំកាន់តែខ្លាំង។ លោកស្រីឧត្តមស្នងការ បានធ្វើបទបង្ហាញអំពីរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។
ក្នុងរបាយការណ៍របស់ប្រធានផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បង្ហាញរូបភាពដ៏គួរឲ្យសង្វេគរបស់មីយ៉ាន់ម៉ាដែលសេដ្ឋកិច្ច សន្តិសុខ សេរីភាព សិទ្ធិមនុស្សនិងអនាគត កំពុងត្រូវបានបំផ្លិចបំផ្លាញជាប្រព័ន្ធ។ រយៈពេល១៣ខែ បន្ទាប់ពីរដ្ឋប្រហារយោធាបានទម្លាក់រដ្ឋាភិបាលកើតចេញពីការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាបានកន្លងផុតទៅ មក លោកស្រី Michelle Bachelet បានមានប្រសាសន៍ថា សិទ្ធិមនុស្សរបស់ពលរដ្ឋមីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ហើយប្រទេសនេះកំពុងស្ថិតក្នុងភាពច្របូកច្របល់ខ្លាំងបំផុត។
លោកស្រីបានបន្តទៀតថា តំបន់នានានៅក្នុងប្រទេសនេះដែលពីមុនមានស្ថិរភាព កំពុងត្រូវបានយាយីទៅដោយអំពើហិង្សាដែលបន្តរាលដាលឥតឈប់។ លោកស្រីថា សេដ្ឋកិច្ចប្រ ទេសនេះកំពុងហៀបដួលរលំ ដោយពលរដ្ឋមីយ៉ាន់ម៉ាជិតពាក់កណ្ដាលនៃពលរដ្ឋសរុបជិត ៥៥លាននាក់ ត្រូវគេគិតថា នឹងធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំនេះ។
លោកស្រីបន្តថា បើទោះបីជាមានផលវិបាកយ៉ាងណាក៏ដោយ ក៏ពលរដ្ឋនៅតែធ្វើបាតុកម្មប្រឆាំងនឹងការគាបសង្កត់ដ៏តឹងរ៉ឹងលើសិទ្ធិសេរីភាពក្នុងការជួបជុំនិងសម្ដែងមតិ។ លោកស្រី
ថា ក្រុមប្រឆាំងបានទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយក៏មានអ្នកខ្លះត្រូវបានសម្លាប់ឬប្រ ឈមនឹងការចាប់ខ្លួនតាមទំនើងចិត្ត ក៏ដូចជាការធ្វើទារុណកម្មផ្សេងៗ។ លោកស្រីថ្លែងថា៖ «ប្រភពគួរឲ្យទុកចិត្តបានកត់ត្រាចំនួនមនុស្សស្លាប់ជាង១ពាន់៦រយនាក់ដែលភាគច្រើនបានចូលរួមធ្វើបាតុកម្មដោយអហិង្សា។ មនុស្សយ៉ាងហោចណាស់ក៏៣៥០ នាក់ក្នុងចំណោមពួកគេបានស្លាប់នៅក្នុងការឃុំឃាំងរបស់ពួកយោធា បើគិតជាភាគរយមានជាង២១ ភាគរយនៃអ្នកស្លាប់។ ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក មនុស្សជាង៥សែនលាននាក់ត្រូវបានគេបង្ខំឲ្យរត់ចេញពីផ្ទះសម្បែងរបស់ខ្លួន»។
លោកស្រីបានកត់សម្គាល់ថា យ៉ាងហោចណាស់ មនុស្ស១ម៉ឺន៥ពាន់នាក់បានរត់ភៀសខ្លួនចេញពីប្រទេស។ ចំនួននេះ មិនទាន់រាប់បញ្ចូលជនភៀសខ្លួនជាង១លាននាក់ដែលកំពុងរស់នៅប្រទេសបង់ក្លាដែសដែលភាគច្រើនជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម។ មនុស្សភាគច្រើនបានស្វែងរកទីជ្រកកោនដើម្បីគេចចេញពីអំពើហិង្សានិងការធ្វើទុក្ខបុក ម្នេញដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា។
លោកស្រី Bachelet ថ្លែងទៀតថា ការវាយបកខាងយោធាដែលមិនសមាមាត្រដល់ការតស៊ូប្រដាប់អាវុធ បានកើតឡើងដោយគ្មានមនុស្សធម៌នៅក្នុងរដ្ឋនានាដែលមានជនជាតិភាគតិចរស់នៅ។ ប្រតិបត្តិការយោធារដ៏ឃោរឃៅដែលធ្វើឡើងនៅតំបន់ទាំងនេះ បង្ហាញឲ្យឃើញពីប្រតិបត្តិការដូចអ្វីដែលត្រូវបានធ្វើទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧។
លោកស្រីថ្លែងបន្តទៀតថា ប្រតិបត្តិការទាំងនេះ ពិតជាបានរំលោភយ៉ាងច្បាស់ក្រឡែតលើច្បាប់សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិ។ លោកស្រីថ្លែងដូច្នេះថា៖ «មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងហានិភ័យកាន់តែខ្លាំងនៅក្នុងរដ្ឋដែលដួលរលំ ដោយប្រទេសនេះមានការបែកបាក់ផ្នែកប្រព័ន្ធសេដ្ឋកិច្ច អប់រំ សុខាភិបាលនិងការគាំពារសង្គម។ ការដួលរលំនៃប្រព័ន្ធសុខាភិបាល បានបណ្ដាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មីយ៉ាន់ម៉ាក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩។ ការអភិវឌ្ឍដ៏ល្អដែលប្រទេសនេះសម្រេចបានកាលពីមុន ត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះនិងការប្រើអំណាចហួសរបស់ពួកយោធា»។
លោកស្រី Bachelet បានថ្លែងទៀតថា ការទទួលខុសត្រូវនៅតែជាដំណោះស្រាយនៃវិបត្តិនេះ។ លោកស្រីជំរុញឲ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ានិងឆ្លើយតបទៅនឹងសេចក្ដីត្រូវការផ្នែកមនុស្សធម៌ចាំបាច់សម្រាប់ពលរដ្ឋ។
មីយ៉ាន់ម៉ាមិនបានឆ្លើយតបទៅនឹងរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សទេ ពីព្រោះអង្គការសហប្រជាជាតិមិនទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលយោធានេះ៕
ប្រែសម្រួលដោយលោក នៀម ឆេង