ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​មីយ៉ាន់ម៉ា​កាត់ទោស​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​​​«ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ»


រូបឯកសារ៖ គ្រួសារ​រ៉ូហ៊ីងយ៉ា​មួយ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​គេ​ឃើញ​នៅ​កន្លែង​ស្នាក់​នៅក្នុង​​តំបន់ Cox's Bazar ក្នុង​ប្រទេស​បង់ក្លាដែស។ ជនភៀសខ្លួន​នៅ​ប្រទេស​បង់ក្លាដែស​បាន​ស្វែង​រកការងារ​ធ្វើ​និង​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​អស់រយៈពេល​ជាច្រើន​ឆ្នាំ។ (Noor Hossain/VOA)
រូបឯកសារ៖ គ្រួសារ​រ៉ូហ៊ីងយ៉ា​មួយ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​គេ​ឃើញ​នៅ​កន្លែង​ស្នាក់​នៅក្នុង​​តំបន់ Cox's Bazar ក្នុង​ប្រទេស​បង់ក្លាដែស។ ជនភៀសខ្លួន​នៅ​ប្រទេស​បង់ក្លាដែស​បាន​ស្វែង​រកការងារ​ធ្វើ​និង​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​អស់រយៈពេល​ជាច្រើន​ឆ្នាំ។ (Noor Hossain/VOA)

តុលាការយោធាមីយ៉ាន់ម៉ា​ត្រូវ​បាន​រាយការណ៍​ថា​ បាន​កាត់​ទោស​ជនភៀសខ្លួន​ម៉ូស្លីម​រ៉ូហ៊ីងយ៉ា​ចំនួន​១១២​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុងពេល​ធ្វើ​ដំណើរ​ខាង​ក្រៅ​ជំរំ​ជនភៀសខ្លួន​ ស្រប​ពេលពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​ម៉ាឡេស៊ី។

សារព័ត៌មាន Global New Light of Myanmar របស់​រដ្ឋ​មីយ៉ាន់ម៉ា​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា​ថា តុលាការ​ក្រុង Bogale បាន​កាត់​ទោសក្រុម​ជន«បង់ហ្គាល់» ដែល​ជា​ភាសា​ពណ៌នា​របស់​អាជ្ញាធរ​មីយ៉ាន់ម៉ា​ ក្នុង​ការ​និយាយ​សំដៅ​ទៅ​លើជនជាតិរ៉ូហ៊ីងយ៉ាឲ្យ​ជាប់​ពន្ធនាគារ​ពី​២​ទៅ​៥ឆ្នាំ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ចំពោះ​ការ​ធ្វើ​ដំណើរ​«ដោយ​មិន​មាន​ឯកសារ​ស្រប​ច្បាប់»។

តុលាការ​ខាង​លើ​ក៏​បាន​ផ្តន្ទាទោស​កុមារ​៥នាក់​ក្រោម​អាយុ ១៣​ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ផងដែរ។ កុមារ​ប្រាំពីរ​នាក់ ដែល​មាន​អាយុ​លើស​ពី១៣​ឆ្នាំ ត្រូវ​បានកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ។ ក្រៅ​ពី​នេះ ​បុរស៥៣​នាក់ និង​ស្រី ៤៧​នាក់ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ប្រាំ​ឆ្នាំ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​មីយ៉ាន់ម៉ា​បាន​រាយការណ៍​ថា ​ក្រុម​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទាំង​ ១១២​នាក់​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តំបន់​ឆ្នេរ​ក្នុង​ក្រុង Bogale នៃតំបន់ Ayeyarwady ភាគ​ខាង​ត្បូង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​កងកម្លាំង​ប៉ូលិស​តំបន់​ Ayeyarwady កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា​ បន្ទាប់​ពី​ពួកគេ​បាន​មក​ដល់​ដី​គោក​ដោយ​ប្រើ​ទូក​ម៉ាស៊ីន។

ក្រុម​ជនម៉ូស្លីម​រ៉ូហ៊ីងយ៉ា​រហូត​ដល់​១​លាន​នាក់​ កំពុង​រស់​នៅ​តំបន់​ Cox's Bazar តាម​ផ្ទះ​ខ្ទម រខេករខាក​ ក្នុង​ស្ថានភាព​ណែនកកកុញ​ ក្នុង​ប្រទេស​បង់ក្លាដេស​ បន្ទាប់​ពី​រត់​ភៀសខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​អំពើហិង្សា​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើនកាន់​ព្រះពុទ្ធសាសនា​។ ​

ក្នុងតំបន់​ Cox's Bazar ​នេះ​ ជន​ជាតិរ៉ូហ៊ីងយ៉ា​រស់​នៅក្នុង​ស្ថានភាព​ដូច​នៅ​ពន្ធនាគារ ដោយ​មាន​ឱកាស​តិចតួច​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ ឬ​ជីវភាព​សមរម្យ​នោះ។ ក្រុម​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ាពី​បង់ក្លាដេស​បាន​ស្វះស្វែង​អស់ពេល​ជា​ច្រើន​ឆ្នាំ​មក​ ដើម្បី​អាច​ទៅ​ធ្វើការ​និង​រស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី។ ដោយ​ប្រើប្រាស់​ទូក​របស់​ក្រុម​ជួញដូរមនុស្ស​ពី​បង់ក្លាដេស​នោះ ក្រុម​ជន​ជាតិរ៉ូហ៊ីងយ៉ា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ម៉ាឡេស៊ីតាម​ផ្លូវ​សមុទ្រ​ដោយ​ខុសច្បាប់​ ជា​ច្រើន​ឆ្នាំ​មក​នេះ។ ​

ក្រុម​សកម្មជន​ដែល​តាមដាន​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាយការណ៍​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ជនភៀសខ្លួន​មួយ​ចំនួន​ពី​បង់ក្លាដេស​បាន​ឆ្លង​ព្រំដែន​ទៅ​កាន់​មីយ៉ាន់ម៉ា ​រួច​បន្តធ្វើ​ដំណើរដោយខុស​ច្បាប់​ទៅ​កាន់ប្រទេស​ម៉ាឡេស៊ី។ ដោយ​មាន​ជំនួយ​ពី​ក្រុម​ជួញដូរ​មនុស្ស ពួកគេ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរទៅ​កាន់​ម៉ាឡេស៊ី​តាម​ដី​គោក។ អ្នកដទៃ​ទៀត​បាន​ជ្រើសរើស​ជម្រើស​លាយ​គ្នារវាង​ផ្លូវ​គោក​និង​ផ្លូវ​ទឹក​ ដើម្បីចូល​ទៅដល់​ម៉ាឡេស៊ី។

ប៉ុន្តែ​គេ​មិន​ទាន់​ដឹងច្បាស់នៅ​ឡើយ​ទេ ថា​តើ​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​មនុស្ស​ទាំង​ ១១២​នាក់​នោះ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ក្រុង​ Bogale និង​ដាក់ពន្ធនាគារក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ សុទ្ធតែ​មក​ពី​តំបន់​ Cox's Bazar ឬ​យ៉ាង​ណា​ទេ​ ឬក៏ថា​តើ​មនុស្ស​ខ្លះ​ក្នុង​ក្រុម​នេះ​ មក​ពី​ភូមិឬ​ជំរំ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

យោង​តាម​សកម្មជន​រ៉ូហ៊ីងយ៉ា​ដែល​មាន​មូលដ្ឋានក្នុងតំបន់ Cox's Bazar ​លោក​ Mohammad Hossain ​ជនជាតិ​រ៉ូហ៊ីង​យ៉ាងហោចណាស់ក៏​ ៥.០០០​នាក់ដែរ​ ពី​បង់ក្លាដេស បាន​ចូល​មក​មីយ៉ាន់ម៉ា​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ដំណើរទៅ​ដល់​ម៉ាឡេស៊ី​នៅ​ទី​បំផុត។

លោក​ Hossain បាន​ប្រាប់​វីអូអេ​ថា៖ «ពួកគេ​ជាង​ពាក់កណ្តាល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​មីយ៉ាន់ម៉ា ហើយ​ឥឡូវ​នេះ​ពួកគេ​ទាំងនោះកំពុង​ជាប់ឃុំ​នៅ​ទី​នេះ។ បន្ទាប់ពី​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​មីយ៉ាន់ម៉ា​ ពួកក្រុម​ជួញដូរ​មនុស្ស​ខ្លះ​បាន​បង់សំណូក និង​នាំ​ឲ្យ​មាន​ការ​ដោះលែង​ជនរ៉ូហ៊ីងយ៉ា​ទាំង​នោះ។ ប៉ុន្តែក្នុង​ស្ថានភាព​ដែល​សំណូក​មិនអាច​ទៅ​រួចដោយសារ​ហេតុផល​ផ្សេងៗនោះ ជនរ៉ូហ៊ីងយ៉ា​ដែល​មាន​គោលដៅ​ធ្វើ​ដំណើរ​ទៅកាន់​ម៉ាឡេស៊ី ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​នៅ​មីយ៉ាន់ម៉ា»។

​លោក​បាន​បន្ត​ថា៖ «នៅ​មីយ៉ាន់ម៉ា សមាជិក​សហគមន៍នេះ​ ​មិន​ត្រូវ​បាន​ចាត់ទុក​ជា​ពលរដ្ឋ​ស្របច្បាប់​អស់រយៈពេលជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ពួកគេ​មិនមាន​មធ្យោបាយ​ទទួល​បាន​ឯកសារ​ធ្វើ​ដំណើរ ដូច​ជាលិខិត​ឆ្លង​ដែន​ឬ​ទិដ្ឋាការ​នោះ​ទេ។ ដូច្នេះ​ ពួកគេ​ត្រូវ​ងាក​ទៅ​រក​ជម្រើស​ធ្វើ​ដំណើរ​ខុស​ច្បាប់​ទៅ​កាន់​ម៉ាឡេស៊ី។ តាមរយៈ​ការ​បញ្ជូន​ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​ពន្ធនាគារ​ចំពោះ​ការ​មិនមាន​ឯកសារ​ធ្វើ​ដំណើរ​ស្រប​ច្បាប់​នោះ មីយ៉ាន់ម៉ា​កំពុង​ដាក់​ទោសទណ្ឌ​មក​លើ​ពួកគេ​ក្រោម​ហេតុផល​មិនសមស្រប​ទាល់តែសោះ»។

លោក Daniel Sullivan ប្រធាន​អង្គការ​ជនភៀស​ខ្លួន​អន្តរជាតិ​សម្រាប់​តំបន់​អាហ្វ្រិក អាស៊ី និង​មជ្ឈិមបូព៌ា​បាន​និយាយ​ថា ក្រុម​ជន​រ៉ូហ៊ីងយ៉ាដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ចំពោះ​ការ​ធ្វើ​ដំណើរ​ដោយ​មិនមាន​ឯកសារ​ត្រឹមត្រូវ​នោះ​ ​គឺ «ជាតែ​ជា​ជនរងគ្រោះ​ចុងក្រោយ​នៃ​គោល​នយោបាយ​ប្រល័យពូជសាសន៍​របស់​របប​សឹក​យោធា​នៅ​មីយ៉ាន់ម៉ា»។

លោក Sullivan បានថ្លែងប្រាប់​វីអូអេដូច្នេះ​ថា៖ «នេះ​ជា​លក្ខខណ្ឌ​ដាក់​មក​លើ​ក្រុម​ជនរ៉ូហ៊ីងយ៉ា​ដោយ​របបសឹក​យោធា​មីយ៉ាន់ម៉ា ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ដូចនេះ។ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ​មួយ​លាន​នាក់​នៅ​បង់ក្លាដេស ខណៈ​ពេល​រួច​ផុត​ពី​ការ​វាយប្រហារ​ដោយ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ ​ក៏​កំពុង​ជួប​ស្ថានភាព​ដ៏​អាក្រក់ ដែល​បាន​ជំរុញ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់​តាម​សមុទ្រ»ផង​ដែរ។

លោក​បន្ត​ថា៖ «សម្ពាធ​សាកល​ជា​រួម​ក្នុងការ​ដាក់ទណ្ឌកម្ម​ជាក់លាក់ [រួម​មាន​លើ​ប្រេង ឧស្ម័ន និង​ប្រេង​យន្តហោះ] ការ​ដាក់​បម្រាម​លើ​សព្វាវុធ និង​ការ​គាំទ្រ​វិធានការ​តម្រូវ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ គឺ​ត្រូវការ​ជា​បន្ទាន់​ ដើម្បី​អាច​ដោះស្រាយ​ឬសគល់​នៃ​វិបត្តិ​ ដែល​កំពុង​បង្ក​ការប៉ះពាល់ដល់​ក្រុម​ជន​ជាតិរ៉ូហ៊ីងយ៉ា និង​មនុស្សដទៃ​ជា​ច្រើន​ទៀត​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា»។

លោក Phil Robertson នាយករង​អង្គការសិទ្ធិមនុស្ស​ Human Rights Watch ប្រចាំអាស៊ី​បាន​ប្រាប់​វីអូអេ​ថា៖ «សកម្មភាព​របស់​អាជ្ញាធរ​មីយ៉ាន់ម៉ា​ ក្នុង​ការ​ដាក់​ពន្ធនាគារ​លើ​ជន​ជាតិរ៉ូហ៊ីងយ៉ា ​ដែល​មិនមាន​ឯកសារ​កំណត់​អត្តសញ្ញាណ​នោះ​ ​គឺ​ «អាក្រក់​និង​ហួសហេតុ» ពេក​ហើយ។

​លោក​ Robertson បាន​ថ្លែងបន្ត​ទៀតថា៖ «នេះ​ពិត​ណាស់​ជា​ការ​បដិសេធ​ជា​ប្រព័ន្ធ​ដោយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មិន​ឲ្យ​ជនរ៉ូហ៊ីងយ៉ា​ទទួល​បាន​ការ​ទទួលស្គាល់​និង​សិទ្ធិជា​ពលរដ្ឋ​ស្របច្បាប់​នា​ពេល​ដំបូងឡើយ ដែល​ពួកគេ​មិន​អាច​មាន​ឯកសារ​កំណត់​អត្តសញ្ញាណ។ បន្ថែម​ពី​នេះ​ទៀត ការ​ដាក់ពន្ធនាគារ​មក​លើ​កុមារ​ចំពោះការ​គ្រាន់​តែ​អមដំណើរ​ជាមួយ​គ្រួសារ​ពួកគេនោះ ​គឺ​ជារឿង​គ្មាន​មនោសញ្ចេតនា​និង​ឃោឃៅ​ ដែល​ពិបាក​នឹង​ពណ៌នា​បាន​»។ ​

លោក​បាន​បន្ត​ទៀត​ថា៖ «អ្វី​ដែលច្បាស់នោះគឺ​ថា របប​សឹក​មីយ៉ាន់ម៉ា​មិនចាត់​ទុក​ក្រុម​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជា​មនុស្សទេ ដែល​នេះ​ជា​រឿង​ដែល​ប្រទេសឥណ្ឌូនេស៊ី​ ដែលធ្វើ​ជា​ប្រធាន​អាស៊ាន​ត្រៀម​ចូល​កាន់​ដំណែង​ គួរ​ពិចារណា​ពី​របៀប​ដែល​ខ្លួន​នឹង​ត្រូវ​ដោះស្រាយ​ជាមួយ​មីយ៉ាន់ម៉ា ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG