ទោះបីជាមានការខ្វាយខ្វល់មុនការបោះឆ្នោតក៏ដោយ ក៏ពលរដ្ឋអាមេរិកាំងរាប់លាននាក់ បានទៅបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងដំណើរការមួយ ដែលភាគច្រើនបានប្រព្រឹត្តិទៅយ៉ាងរលូន។
មានសេចក្តីរាយការណ៍តិចតួចប៉ុណ្ណោះអំពីការបំភិតបំភ័យអ្នកបោះឆ្នោត ហើយមិនមានសកម្មភាពនៃអំពើហិង្សាធំដុំណាមួយកើតឡើងនោះទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអនុវត្តច្បាប់ និងអ្នកតស៊ូមតិខាងការបោះឆ្នោត។
ដោយលទ្ធផលនៃការបោះឆ្នោតដ៏តឹងតែងរវាងលោកប្រធានាធិបតី Donald Trump និងលោក Joe Biden គូប្រជែងខាងគណបក្សប្រជាធិបតេយ្យ នៅមិនទាន់ដឹងនៅឡើយ មន្ត្រីអនុវត្តច្បាប់នៅតែត្រៀមលក្ខណៈប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការអាចមានភាពចលាចល និងអំពើហិង្សាកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រសិទ្ធិបោះឆ្នោតបាននិយាយថា ដំណើរការបោះឆ្នោតលើកនេះ ភាគច្រើនបានទទួលជោគជ័យហើយមិនមានបញ្ហាអ្វីទេ។
អ្នកស្រី Kristen Clarke ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការមេធាវីសម្រាប់សិទ្ធិពលរដ្ឋនៅក្រោមច្បាប់ (Lawyers Committee for Civil Rights Under Law) បាននិយាយថា ការរាយការណ៍ដែលថា មានការបំភិតបំភ័យអ្នកបោះឆ្នោត មានតិចជាងអ្វីដែលអង្គការរបស់អ្នកស្រីបានរំពឹងទុកទៅទៀត។
អ្នកស្រី Karen Hobert Flynn ប្រធានអង្គការ Common Cause និងជាប្រធាននៃអង្គការសម្ព័ន្ធភាពការពារការបោះឆ្នោត (Election Protection Coalition) បានធ្វើការវាយតម្លៃស្រដៀងគ្នានេះ ដោយបាននិយាយថា៖ «ខ្ញុំសប្បាយចិត្តនៅក្នុងការរាយការណ៍ថា ជាទូទៅ ការបោះឆ្នោតលើកនេះមានលក្ខណៈរលូន»៕