ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋមួយចំនួនទទួលបានការហៅទូរស័ព្ទចូលស្វ័យប្រវត្តិដោយមិនដឹងពីប្រភព ដែលប្រាប់ឲ្យពួកគេស្នាក់នៅក្នុងផ្ទះនៅថ្ងៃបោះឆ្នោត។ នេះបើយោងតាមក្រុមមន្ត្រីនៅតាមរដ្ឋ និងមន្ត្រីរបស់គណបក្សនយោបាយ។
ត្រឹមពាក់កណ្ដាលថ្ងៃបោះឆ្នោតនេះ ដោយរំពឹងថាមានអ្នកបោះឆ្នោតជាងពាក់កណ្ដាលបានបោះឆ្នោតរួចហើយ មិនមានសញ្ញាបញ្ជាក់ថា មានការជ្រៀតជ្រែកផ្នែកឌីជីថលទៅលើក្រុមការងាររៀបចំទុកដាក់សន្លឹកឆ្នោតឲ្យមានសុវត្ថិភាពនោះទេ។
ការព្រួយបារម្ភដែលថា ប្រហែលជាអាចមានការជ្រៀតជ្រែកពីបរទេសនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២០ នេះ បានកើតមានឡើងចាប់តាំងពីការបោះឆ្នោតលើកមុនកាលពីឆ្នាំ ២០១៦ មកម៉្លេះ។ ពេលនោះ ក្រុមអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ី បានផ្ញើសាររាប់ម៉ឺនសារចេញ ដើម្បីឲ្យពលរដ្ឋបោះឆ្នោតឲ្យលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងមិនឲ្យគាំទ្រអ្នកស្រី Hillary Clinton ដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ។
ប៉ុន្តែក្ដីបារម្ភទាំងនោះមិនមានទៀតទេ ដោយសារតែពលរដ្ឋអាមេរិកជាង ៩៩ លាននាក់ បានបោះឆ្នោតរួចហើយនៅមុនថ្ងៃបោះឆ្នោតមកដល់ ហើយអ្នកជំនាញរំពឹងថា នឹងមានអ្នកបោះឆ្នោតសរុបរហូតដល់ ១៦០ លាននាក់។
អាជ្ញាធរ និងក្រុមមន្ត្រីគណបក្សនយោបាយនៅក្នុងរដ្ឋដែលមានការប្រណាំងប្រជែងខ្លាំង ដូចជារដ្ឋ Iowa រដ្ឋ Pennsylvania រដ្ឋ Michigan និងរដ្ឋ Florida បានរាយការណ៍ថា ពលរដ្ឋបានទទួលទូរស័ព្ទហៅចូលដោយស្វ័យប្រវត្តិមួយចំនួន ដែលបានព្រមានពួកគេកុំឲ្យទៅការិយាល័យបោះឆ្នោត ដោយសារហេតុផលមិនពិតមួយចំនួន៕