ដោយសារតែអ្នកបោះឆ្នោតជាច្រើនមានការព្រួយបារម្ភថា ភាពតានតឹងខាងនយោបាយមុនថ្ងៃបោះឆ្នោត អាចផ្ទុះឡើងក្លាយជាអំពើហិង្សានៅថ្ងៃបោះឆ្នោត មន្ត្រីពង្រឹងច្បាប់នានា បានធានាអះអាងចំពោះអ្នកបោះឆ្នោតថា ពួកគេអាចបោះឆ្នោតបានដោយមិនបាច់ភ័យខ្លាចថា មានការបំភិតបំភ័យនិងអំពើហិង្សា។
ប៉ុន្តែ អ្នកគាំទ្រសិទ្ធិបោះឆ្នោតនិងមន្ត្រីពង្រឹងច្បាប់កំពូលៗនៅតាមបណ្តារដ្ឋដែលមានការប្រជែងខ្លាំង កាលពីថ្ងៃច័ន្ទម្សិលមិញ បានធានាចំពោះអ្នកបោះឆ្នោតកុំឲ្យមានការព្រួយបារម្ភ។
លោក Josh Kaul អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ Wisconsin បាននិយាយក្នុងអំឡុងពេលនៃសន្និសីទកាសែតថា៖ «ខ្ញុំមានទំនុកចិត្តខ្លាំងបំផុតថា យើងនឹងមានដំណើរការបោះឆ្នោតមួយប្រកបដោយសុវត្ថិភាព និងសន្តិសុខនៅក្នុងរដ្ឋ Wisconsin នេះ»។
ចំណែកឯអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ North Carolina លោក Josh Stein វិញ បាននិយាយថា៖ «យើងនឹងធ្វើអ្វីដែលចំាបាច់ទាំងអស់ដើម្បីរក្សាសុវត្ថិភាពនៅតាមការិយាល័យបោះឆ្នោត ដើម្បីឲ្យអ្នកបោះឆ្នោតនៅក្នុងរដ្ឋ North Carolina មានទំនុកចិត្តថា ពួកគេអាចបោះឆ្នោតដោយសុវត្ថិភាព»។
រដ្ឋ North Carolina និងរដ្ឋ Wisconsin ស្ថិតក្នុងចំណោមរដ្ឋជាង ១០ ដែលមានការប្រជែងខ្លាំង ដែលរដ្ឋខ្លះក្នុងចំណោមនោះ លោក Trump និងលោក Biden មានការគាំទ្រប្រកៀកប្រកិតគ្នាខ្លាំងបំផុត រីឯរដ្ឋខ្លះទៀត លោក Biden នាំមុខតិចតួចនៅក្នុងការស្ទង់មតិ។
លទ្ធផលនៃការប្រកួតប្រជែងនៅក្នុងរដ្ឋទាំងនេះ ត្រូវបានគេមើលឃើញថា ជាការសំខាន់ដើម្បីកំណត់អ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ៕