ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​ដែល​ពាក់​ម៉ាស់​​​​ចូលរួម​ការ​បោះឆ្នោត​ដោយ​​អារម្មណ៍​អន្ទះសារ


ស្ត្រី​ពីរនាក់ ពាក់ម៉ាស់​ការពារ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ពេល​បោះឆ្នោត​នៅ​ឯ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​នៅ​វិទ្យាល័យ Windham, N.H. នៅ​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ស្ត្រី​ពីរនាក់ ពាក់ម៉ាស់​ការពារ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ពេល​បោះឆ្នោត​នៅ​ឯ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​នៅ​វិទ្យាល័យ Windham, N.H. នៅ​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ពលរដ្ឋ​អាមេរិកកាំង​ ចាប់​ផ្តើម​ចេញ​ទៅ​បោះឆ្នោតនៅ​ថ្ងៃ​អង្គារ​ ដែល​ជា​ថ្ងៃបោះ​ឆ្នោត​ផ្លូវការ​ ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក។ ដោយ​ខុស​ពី​ការ​បោះ​ឆ្នោត​មុនៗ​ អ្នក​បោះឆ្នោត​បានជម្នះការ​គំរាមកំហែង​ពីជំងឺ​កូវីដ១៩ និង​លទ្ធភាព​នៃ​អំពើ​ហិង្សា​និង​ការ​ការ​បំភិតបំភ័យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ ដែល​មាន​ការ​បែកបាក់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​នោះ។​

អ្នក​បោះឆ្នោត​ជា​ច្រើន​ ​ពាក់ម៉ាស់​ការពារ​ ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​កំពុងបន្ត​រាតត្បាតខ្លាំងក្នុង​រដ្ឋ​ជា​ច្រើននៅ​សហរដ្ឋ​អាមេរិក។

ក្រោយពីការប្រឆាំង​តវ៉ានៅ​ទូទាំង​ប្រទេស កាលពី​ពាក់​កណ្តាល​ឆ្នាំ​កន្លង​ទៅ​ ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​ដោយ​ក្រុម​ប៉ូលិស​ និង​ការ​ប្រកាន់​ជាតិ​សាសន៍​នោះ​ ហាង​ជំនួញនៅ​ក្នុង​ក្រុង​សំខាន់ៗ​ជា​ច្រើន​ ត្រូវ​បាន​គេ​ដាក់​បន្ទះ​ក្តារ​ និងរនាំង​ការពារ​មក​បិទ​ ដែល​ជា​ការ​ប្រុង​ប្រយ័ត្ន​មុន​ ក្រែងមាន​ភាព​ច្របូក​ច្របល់​ហិង្សាណា​មួយ​កើត​ឡើង​ នៅ​ថ្ងៃ​បោះឆ្នោត។​

ក្នុង​ទី​ក្រុង Atlanta រដ្ឋ Georgia មាន​អ្នក​បោះឆ្នោតជា​ច្រើន​នាក់ ត្រូវ​បាន​គេ​ឃើញ​តម្រង់​ជួរ​មុន​ថ្ងៃ​រះ​ នៅ​ការិយាល័យ​បោះ​ឆ្នោត​ Piedmont Park Conservancy។ អ្នក​បោះឆ្នោត​ម្នាក់​ដែល​កំពុង​ឈរ​រង់ចាំក្នុង​ជួរ​ទី​មួយ​ឈ្មោះ Ginnie House បាន​ជម្នះ​អាកាសធាតុ​ត្រជាក់ ហើយ​ប្រាប់​ថា​ នាង​នឹង​បោះឆ្នោត​ឲ្យបេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​លោក Joe Biden​ ដែល​ជា​គូប្រជែងរបស់លោក​ប្រធានាធិបតីដែល​កំពុង​កាន់តំណែង ​គឺលោក Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ។

នាង​ប្រាប់​ថា​ នាង​បាន​បាត់​សន្លឹក​ឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍​របស់​នាង​ ដូច្នេះ​នាង​មិន​ចង់​បាត់​ឱកាស​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​ទេ។ អ្នក​បោះ​ឆ្នោត​ដែល​មាន​អាយុ​២២​ឆ្នាំ​រូប​នេះ ដែល​ជាអ្នក​សម្តែង​ និង​ជា​និស្សិតខាង​ផ្នែក​និពន្ធ​ ក្នុង​ទីក្រុង​ញូវយ៉ក​បាន​ជិះ​យន្តហោះ​ត្រឡប់មកទី​ក្រុង Atlanta ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​នេះ។ នាង​និយាយ​ថា ​លោក​ត្រាំ​ កំពុង​បំបែក​បំបាក់​ប្រទេស​ជាតិ។​

ចំណែក​អ្នក​បោះ​ឆ្នោត​ម្នាក់​ទៀតឈ្មោះ Marcos Antonio Valero អាយុ​៦២​ឆ្នាំ ដែលរស់​នៅ​នៅ​ជាយ​ក្រុង Miami រដ្ឋ Florida ដែល​មានពលរដ្ឋ​ដើម​កំណើត​គុយបា​ភាគ​ច្រើនរស់​នៅ​ ​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​បោះឆ្នោត​ឲ្យ​លោក Trump ក្នុងពេល​នេះ​ ហើយ​ក៏​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ដែរ​ កាល​ពី​ឆ្នាំ​២០១៦​នោះ។

លោក​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​បានឈប់​សម្រាក​ពីការងារ​សំណង់​មួយ​ថ្ងៃ​ ដើម្បី​បាន​មក​បោះ​ឆ្នោត​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ​ ព្រោះ​លោក​មិន​ទុក​ចិត្ត​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍​នោះ​ទេ។​ លោក​មិនទស្សន៍​ទាយ​ទេ​ ថា​តើ​បេក្ខជន​រូប​ណា​នឹង​ឈ្នះ​ឆ្នោត​ក្នុង​រដ្ឋ Florida ដែល​ជា​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លំាង​មួយ​នោះ៕

XS
SM
MD
LG