ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន និង​អូស្ត្រាលី​ជំរុញ​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋ​មន្រ្តី​ប្រទេស​សិង្ហបុរី​លោក Lee Hsien Loong និង​រដ្ឋមន្រ្តី​អូស្រ្តាលី Malcolm Turnbull ធ្វើ​សន្និសីទ​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេសក្នុង​ទីក្រុង​ស៊ីដនី​កាលពី​ថ្ងៃទី​១៨ មីនា ២០១៨។
រដ្ឋ​មន្រ្តី​ប្រទេស​សិង្ហបុរី​លោក Lee Hsien Loong និង​រដ្ឋមន្រ្តី​អូស្រ្តាលី Malcolm Turnbull ធ្វើ​សន្និសីទ​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេសក្នុង​ទីក្រុង​ស៊ីដនី​កាលពី​ថ្ងៃទី​១៨ មីនា ២០១៨។

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រទេស​អូស្ត្រាលី និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​បាន​សន្យា​បង្កើន​ចំណង​ទាក់ទង​ផ្នែក​ការពារ ស្រប​ពេល​ដែល​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការ​មិន​ប្រើ​កម្លាំង​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។ ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​អូស្ត្រាលី​អាស៊ាន ដែល​ជា​កិច្ច​ប្រជុំ​មួយ​ផ្ដោត​ខ្លាំង​លើ​វិបត្តិ Rohingya។

នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈពេល ៣ ថ្ងៃ នៅ​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​នេះ មេដឹកនាំ​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់​ក៏​បាន​ឯកភាព​គ្នា​លើ​ការ​សហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​ការ​កើន​ឡើង​នៃ​ការ​គំរាមកំហែង​នៃ​ភាព​ជ្រុល​និយម​ហិង្សា​នានា។

ភាព​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅតែ​ជា​ក្ដី​បារម្ភ​ដ៏​ចម្បង​សម្រាប់​មេដឹកនាំ​នានា​នៅ​ក្នុង​តំបន់​ដដែល ដោយសារតែ​រដ្ឋាភិបាល​ចិន​នៅតែ​បន្ត​សាងសង់​កោះ​សិប្បនិម្មិត​នានា​សម្រាប់​ទីតាំង​យោធា​របស់​ខ្លួន។

ប្រទេស​វៀតណាម​នៅតែ​ជា​ប្រទេស​ដែល​ជម្នះ​យ៉ាង​ស្វិតស្វាញ​នៅ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដដែល។ រី​ឯ​ប្រទេស​ហ្វីលីពីន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Rodrigo Duterte វិញ បាន​បន្ថយ​ការ​តវ៉ា​របស់​ខ្លួន។ កោះ​តៃវ៉ាន់ ប្រទេស​ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ក៏​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ដែរ។

ប្រទេស​អូស្ត្រាលី និង​អាស៊ាន​បាន​បញ្ជាក់​ឡើង​វិញ​អំពី «សារៈសំខាន់​នៃ​ការ​រក្សា និង​ជំរុញ​ឲ្យ​មាន​សន្តិភាព ស្ថិរភាព សុវត្ថិភាព និង​សន្តិសុខ​ដែន​សមុទ្រ សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ហោះហើរ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង» ដោយ​មិន​បាន​លើក​ឡើង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​ទេ។

មេដឹកនាំ​ទាំង​នោះ​ក៏​បាន​បន្ថែម​ទៀត​ថា ពួកគេ​ចង់​ឃើញ «ការ​សម្រេច​ឲ្យ​បាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»៕

XS
SM
MD
LG