ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​នានា​ស្ដីពី​ប្រជាធិបតេយ្យ​ត្រូវ​បាន​ដក​ចេញ​ពី​បណ្ណាល័យ​ក្នុង​ទីក្រុង​ហុងកុង


ស្ត្រី​ម្នាក់​​កំពុង​ដើរ​រក​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​សារធាណៈ​មួយ​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​៤ ខែកក្កដា ឆ្នាំ​២០២០។
ស្ត្រី​ម្នាក់​​កំពុង​ដើរ​រក​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​សារធាណៈ​មួយ​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​៤ ខែកក្កដា ឆ្នាំ​២០២០។

សៀវភៅ​ដែល​សរសេរ​ដោយ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ល្បី​ឈ្មោះ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​បាត់​រូបរាង​ពី​បណ្ណាល័យ​នានា​នៅ​ក្នុង​ទីក្រុង​ហុងកុង។ នេះ​បើ​យោង​តាម​ការ​បង្ហាញ​របស់​ទិន្នន័យ​អនឡាញ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់​កំហិត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​នេះ។

លោក Joshua Wong ដែល​ជា​សកម្មជន​វ័យ​ក្មេង​ដ៏​ល្បី​ឈ្មោះ​បំផុត​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​អ្នកស្រី Tanya Chan ដែល​ជា​សមាជិក​សភា​ដែល​មាន​ទំនោរ​រក​ប្រជាធិបតេយ្យ ស្ថិត​ក្នុង​ចំណោម​អ្នក​និពន្ធ​របស់​សៀវភៅ​ដែល​ត្រូវ​បាន​គេ​ដក​ចេញ​នោះ។

ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ហើយ​វា​គឺ​ជា​ការ​ផ្លាស់ប្ដូរ​ខ្លាំង​បំផុត​មួយ​ទាក់ទិន​នឹង​វិធី​គ្រប់គ្រង​របស់​ទីក្រុង​ហុងកុង ដែល​ត្រូវ​បាន​ចក្រភព​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​វិញ​កាល​ពី​ឆ្នាំ ១៩៩៧ ក្រោម​គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធ​ពីរ។

លោក Joshua Wong បាន​និយាយ​ថា លោក​ជឿ​ថា ការ​ដក​ចេញ​នូវ​សៀវភៅ​ទាំង​នេះ​គឺ​បាន​កើត​ឡើង​ដោយសារ​ច្បាប់​សន្តិសុខ​ថ្មី​នេះ។

លោក​បាន​សរសេរ​នៅ​លើ Facebook ដោយ​ប្រើ​ឃ្លា​ដែល​សំដៅ​លើ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ថា៖ «ការ​សង្កត់សង្កិន​លើ​អ្នក​ប្រឆាំង​នយោបាយ​នៅតែ​បន្ត​រីក​រាលដាល។ ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​នៅ​ក្នុង​ការ​ចោទ​ថា​ជា​បទ​ឧក្រិដ្ឋ​សម្រាប់​ការ​បញ្ចេញ​មតិ​នានា»។

ការ​ស្វែងរក​តាម​គេហទំព័រ​របស់​បណ្ណាល័យ​សាធារណៈ​នានា​បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់ សៀវភៅ ៣ ក្បាល​ដែល​និពន្ធ​ដោយ​លោក Joshua Wong អ្នកស្រី Tanya Chan និង​បញ្ញវ័ន្ត​ក្នុង​ទីក្រុង​ហុងកុង​លោក Chin Wan គឺ​មិន​អាច​រក​ឃើញ​សម្រាប់​ជួល​បាន​ទេ។

នាយកដ្ឋាន​សេវា​កម្សាន្ត និង​វប្បធម៌​នៃ​ទីក្រុង​ហុងកុង ដែល​ជា​អ្នក​គ្រប់គ្រង​លើ​បណ្ណាល័យ​នានា បាន​បញ្ជាក់​ថា សៀវភៅ​ទាំង​នេះ​ត្រូវ​បាន​ដក​ចេញ ស្រប​ពេល​ដែល​កំពុង​កំណត់​មើល​ថា​តើ​សៀវភៅ​ទាំង​នេះ​រំលោភ​លើ​ច្បាប់​សន្តិសុខ​ជាតិ​ឬ​ក៏​អត់៕

XS
SM
MD
LG