សភានៃប្រទេសចិនបានអនុម័តច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាសសម្រាប់ដែនដីហុងកុងដែលបណ្តាលឱ្យមានការជ្រួលច្រាលក្នុងចំណោមពួកសកម្មជននិងពលរដ្ឋសាមញ្ញ។ ការអនុម័តច្បាប់នេះ បណ្តាលឱ្យក្រុមសកម្មជនមួយចំនួនបិទគណនេយ្យរបស់ពួកគេក្នុងបណ្តាញសង្គមជាបន្ទាន់ហើយនាំឲ្យមនុស្សនាំគ្នាលុបចោលនូវអ្វីដែលពួកគេបានផុសតាមបណ្តាញព័ត៌មានសង្គមដោយសារព្រួយបារម្ភថាវិធានការថ្មីៗទាំងនេះអាចនាំឱ្យពួកគេត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារ។
ទីភ្នាក់ងារព័ត៌មាន Xinhua ជាផ្លូវការនៃប្រទេសចិនបានរាយការណ៍ថា អង្គភាពជាន់ខ្ពស់ខាងតាក់តែងច្បាប់នៃប្រទេសចិន គឺគណៈកម្មាធិការអចិន្តៃ្រយ៍នៃសភាប្រជាជនចិនបានអនុម័តវិធានការនេះកាលពីថ្ងៃអង្គារទី៣០ខែមិថុនាហើយលោកប្រធានាធិបតី Xi Jinping បានចុះហត្ថលេខាលើបទបញ្ជាមួយគាំទ្រច្បាប់នេះ។ទីភ្នាក់ងារព័ត៌មាន Xinhua បាននិយាយថាវិធានការថ្មីនេះនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីមួយនៃ ច្បាប់ជាតិដែលត្រូវអនុវត្តនៅក្នុងក្រុងហុងកុងនៅក្នុងឧបសម្ព័ន្ធមួយនៃរដ្ឋធម្មនុញ្ញតូចមួយរបស់ខ្លួនដែលមានឈ្មោះថាច្បាប់ជាមូលដ្ឋាន។
បើតាមអ្នកស្រី Carrie Lam ប្រធានប្រតិបត្តិនៃដែនដីហុងកុងថាច្បាប់នេះចូលជាធរមាននៅយប់ថ្ងៃអង្គារម៉ោងក្នុងស្រុក មួយថ្ងៃមុនខួបឆ្នាំទី២៣ នៃការវិលត្រឡប់របស់ក្រុងហុងកុងមកឋិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនវិញ។
ដោយមានគោលដៅបញ្ឈប់បាតុកម្មដែលជាញឹកញយមានអំពើហិង្សានៅក្នុងចលនាប្រឆាំងនឹងរដ្ឋាភិបាលដែលបានធ្វើឱ្យកករល្អក់ដល់ស្ថានភាពនៅហុងកុងកាលពីឆ្នាំទៅមិញនោះសេចក្តីព្រាងច្បាប់នេះនឹងកំណត់ថាការទាមទារបំបែកទឹកដីរបស់ប្រទេស វិទ្ធង្សនាភេរវកម្មនិងការឃុបឃិតជាមួយកម្លាំងបរទេសគឺជាឧក្រិដ្ឋកម្ម។
ទីភ្នាក់ងារព័ត៌មាន Xinhua បានដកស្រង់សម្តីលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្តៃ្រយ៍នៃសភាប្រជាជនចិនដែលបាននិយាយថាច្បាប់នេះបានអនុម័ត គោលការណ៍នៃ«ការដាក់ទណ្ឌកម្មមនុស្សមួយក្រុមតូចដើម្បីការពារមនុស្សភាគច្រើន»។
លោកបានថ្លែងថាចំណាត់ការនេះនឹងថែរក្សាសន្តិសុខរបស់ប្រទេសនិង«ស្ថិរភាពរយៈពេលយូរ»របស់ដែនដីហុងកុង។
គេមិនបានលាតត្រដាងឱ្យដឹងអំពីអត្ថបទទាំងស្រុងនៃច្បាប់នេះទេក៏ប៉ុន្តែរបាយការណ៍នៃបណ្តាញផ្សាយព័ត៌មានក្នុងមូលដ្ឋានបានដកស្រង់សម្តីប្រភពដែលបាននិយាយថាមេដឹកនាំកំពូលនៃក្រុងហុងកុងនិងទីភ្នាក់ងារសន្តិសុខជាតិហុងកុងដែលនាំមុខដោយរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងហុងកុងអាចបញ្ជូនសំណុំរឿងដែលគេចាត់ទុកថាជាករណីខាងសន្តិសុខជាតិ«ធ្ងន់ធ្ងរ»នោះទៅឱ្យតុលាការក្នុងប្រទេសចិនដីគោកដើម្បីកាត់ទោសនៅក្រោម«កាលៈទេសៈពិសេស»។
សេចក្តីរាយការណ៍ក្នុងមូលដ្ឋាននិយាយថាការដាក់ទោសសម្រាប់ឧក្រិដ្ឋកម្មខាងសន្តិសុខជាតិនឹងមានទោសពីការជាប់គុកពីបីទៅដប់ឆ្នាំហើយមានការដាក់ទោសជាប់ពន្ធនាគារមួយជីវិតសម្រាប់អ្វីដែលគេហៅថា«ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ»។
សេចក្តីរាយការណ៍ទាំងនេះនិយាយថាទោះណាជាច្បាប់នេះត្រូវបានសន្មតថាមិនមានប្រតិសកម្មក្នុងការអនុវត្តក៏ដោយក៏សកម្មភាពកាលពីពីរឆ្នាំកន្លងទៅដែលគេចោទថាបាន«ធ្វើឱ្យមានគ្រោះថ្នាក់ដល់រដ្ឋ»នោះអាចត្រូវប្រើប្រាស់ជាភស្តុតាងនៅក្នុងតុលាការ។
លោក Henry Tang ជា សមាជិកគណៈកម្មាធិការអចិន្តៃ្រយ៍នៃអង្គការសន្និសីទពិគ្រោះយោបល់ខាងនយោបាយរបស់ប្រជាជនចិនដែលជាអង្គការផ្តល់យោបល់។លោកបាននិយាយប្រាប់ពួកអ្នកកាសែតថាប្រទេសចិននឹងអនុវត្តយុត្តាធិការទៅលើតែករណីមួយចំនួនតូចដែលរដ្ឋាភិបាលហុងកុង«គ្មានសមត្ថភាពឬគ្មានអំណាច» ដោះស្រាយ។
តែប៉ុន្មានម៉ោងក្រោយការអនុម័តសេចក្តីព្រាងច្បាប់នេះពួកសកម្មជននយោបាយវ័យក្មេងលេចមុខខ្លាំងដែលមានរួមទាំងលោក Joshua Wong លោក Nathan Law និងកញ្ញា Agnes Chow ផងបានប្រកាសថាពួកគេលាលែងចេញពីក្រុមឈ្មោះថា Demosisto ហើយក្រុមនេះក៏បានប្រកាសដែរថាគេរំសាយហើយ។ អង្គការពីរដែលគាំទ្រការទាមទារឯករាជ្យគឺរណសិរ្សជាតិហុងកុងនិងStudentlocalism ក៏បាននិយាយដែរថាគេក៏នឹងរំសាយដែរ។
លោក Wong ដែលមានអាយុ២៣ឆ្នាំបាននិយាយតាមទំព័រ Facebook របស់លោកថាសម្រាប់ពួកសកម្មជនដែលចង់បានលទ្ធិប្រជាធិបតេយ្យវាជា«ការភ័យខ្លាចបាត់បង់ជីវិតមិនមែនជាការលេងសើចទៀតហើយ»។
លោកបាននិយាយបន្ថែមថាពួកសកម្មជនទាំងនេះប្រឈមនឹងការជាប់ឃុំឃាំងក្នុងពន្ធនាគារការសាកសួរចម្លើយក្នុងមជ្ឈមណ្ឌលឃុំឃាំងពិសេសនិងការបញ្ជូនទៅកាត់ទោសក្នុងប្រទេសចិនថែមទៀតផង។
បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់ប្រទេសចិនបានចោទប្រកាន់ច្រើនដងប្រឆាំងនឹងលោក Wong និងឥស្សរជនសំខាន់ៗឯទៀតៗដែលលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យដូចជាលោកJimmy Lai និងលោក Martin Lee ជាដើមដោយនិយាយថា៖ «ឃុបឃិតជាមួយប្រទេសមហាអំណាចបរទេស» ដោយសារការទាក់ទងរបស់ពួកគេជាមួយស.រ.អា.និងរដ្ឋាភិបាលបរទេសឯទៀតៗ។ការឃុបឃិតជាមួយបរទេសជាឧក្រិដ្ឋកម្មមួយក្នុងបណ្តាឧក្រិដ្ឋកម្មបួនខាងសន្តិសុខជាតិមានចែងនៅក្នុងច្បាប់ថ្មីនេះ។
លោក Wong បាននិយាយថា៖ «គ្មាននរណាម្នាក់ដឹងពិតប្រាកដអំពីអ្វីដែលនឹងកើតមាននៅថ្ងៃស្អែកទេ។ក៏ប៉ុន្តែឆន្ទៈរបស់ប្រជារាស្ត្រហុងកុងនឹងមិនត្រូវកម្ទេចដោយច្បាប់សន្តិសុខជាតិមួយឬច្បាប់អាក្រក់ឯទៀតៗទេ»។ លោកប្តេជ្ញាថានឹងបន្តការប្រយុទ្ធដើម្បីជំនឿរបស់លោកតាមសមត្ថភាពផ្ទាល់របស់លោក។
ពលរដ្ឋហុងកុងសាមញ្ញនិយាយថាពួកគេក៏ព្រួយបារម្ភដែរអំពីការបាត់បង់សេរីភាពជាមូលដ្ឋាននិងវិធានការច្បាប់។
និស្សិតសាកលវិទ្យាល័យម្នាក់ដែលថាលោកឈ្មោះ Michael បាននិយាយថា៖«ខ្ញុំភ័យខ្លាចអាជ្ញាធរទោះជាគេនឹងប្រើច្បាប់នេះតាមបែបណាក៏ដោយ។យើងមិនដឹងថាពេលណាយើងធ្វើខុសច្បាប់នោះទេ។ចាប់តាំងពីពេលនេះទៅយើងត្រូវតែរៀនអំពីរបៀបរស់នៅក្រោមអំណាចផ្តាច់ការ»។
លោក Michael ថ្លែងថាលោកនិងមិត្តភក្តិច្រើននាក់បានលុបចោលសារបង្ហោះតាមបណ្តាញសង្គមដោយខ្លាចក្រែងត្រូវគេចោទប្រកាន់ក្រោមច្បាប់ថ្មីនេះ។
ការពន្យល់មួយអំពីសេចក្តីព្រាងច្បាប់នេះដែលបានត្រូវចេញផ្សាយកាលពីពេលមុននេះចែងថាវិធានការសន្តិសុខជាតិនេះក៏ត្រូវសន្មតដែរថាអាចធំជាងសេចក្តីព្រាងច្បាប់ហុងកុង«បើសិនជាមានការខ្វែងគំនិតគ្នា»ហើយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិរបស់ប្រជាជនមានអំណាចបកស្រាយវិធានការថ្មីនេះ។
អ្នកស្រី Lam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋាភិបាលក្រុងហុងកុងនឹងបង្កើតគណៈកម្មការមួយដើម្បីថែរក្សាសន្តិសុខជាតិក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើបានហើយថាអ្នកស្រីនឹងធ្វើជាប្រធានគណៈកម្មការនេះ។សេចក្តីថ្លែងការណ៍បន្ថែមថាកងអង្គភាពនៃកងកម្លាំងប៉ូលិសហុងកុងនិងក្រសួងយុត្តិធ៌មនឹងទទួលខុសត្រូវដល់ការអនុវត្តមាត្រាពាក់ព័ន្ធក្នុងច្បាប់នេះ។
បើតាមការផ្សាយរបស់បណ្តាញផ្សាយព័ត៌មានរដ្ឋកាលពីពេលមុននេះថាប្រទេសចិននឹងបង្កើតទីភ្នាក់ងារមួយដើម្បីវិភាគស្ថានភាពសន្តិសុខជាតិនៅហុងកុងនិង«តាមឃ្លាំមើល សម្របសម្រួលនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមូលដ្ឋានប្រមូលព័ត៌មានខាងការស៊ើបការណ៍សម្ងាត់និងដោះស្រាយករណីពាក់ព័ន្ធ»។
អ្នកស្រី Lam បាននិយាយថា៖ «នៅក្រោយការអនុវត្តច្បាប់សន្តិសុខជាតិចលាចលខាងសង្គមដែលបានកើតមាននៅហុងកុងជិតមួយឆ្នាំនឹងបានធូរស្រាលហើយស្ថិរភាពនឹងត្រូវធ្វើឱ្យមានឡើងវិញហើយអាចឱ្យក្រុងហុងកុងចាប់ផ្តើមជាថ្មីឡើងវិញផងដែរ»។
ក៏ប៉ុន្តែពួកអ្នកវិទ្យាសាស្ត្រនយោបាយមិនយល់ស្របជាមួយទេ។ពួកគេនិយាយថាការប្រើច្បាប់តឹងតែងបែបនេះដើម្បីបង្ខិតបង្ខំឱ្យមានស្ថិរភាពសើៗហើយនឹងនាំឲ្យមានការតូចចិត្តក្នុងចំណោមក្រុមពលរដ្ឋហើយមិនមែនជាដំណោះស្រាយរយៈពេលយូរទេ។
លោក Joseph Cheng ជាអ្នកវិទ្យាសាស្ត្រនយោបាយចូលនិវត្តន៍នៃសាកលវិទ្យាល័យហុងកុង។លោកបាននិយាយថា៖ «ក្នុងក្រសែភ្នែកអ្នកស្រុកហុងកុងច្រើននាក់នេះជាទីបញ្ចប់នៃប្រទេសមួយប្រព័ន្ធពីរហើយក្រុងហុងកុងនឹងដូចជាក្រុងណាមួយក្នុងប្រទេសចិនដែរហើយប្រជារាស្ត្រហុងកុងក៏ត្រូវតែមានអាកប្បកិរិយាដូចអ្នកស្រុកក្នុងប្រទេសចិន។
លោក Joseph Cheng បានថ្លែងថា៖«រដ្ឋាភិបាលក្រុងប៉េកាំងបានសម្រេចក្នុងការកម្ទេចក្រុមប្រឆាំងក៏ប៉ុន្តែមានការបង់ខាតច្រើនណាស់។នៅពេលនេះសហគមន៍អន្តរជាតិកំពុងវាយតម្លៃជាថ្មីអំពីរបបគ្រប់គ្រងកុម្មុយនិស្តហើយមានការរារែកច្រើនជាងមុនក្នុងការទាក់ទងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង»។
រដ្ឋបាលលោក Trump បានចាត់វិធានការមួយចំនួនបន្ទាប់ពីប្រទេសចិនបានប្រកាសអំពីបំណងរបស់ខ្លួនក្នុងការអនុម័តច្បាប់សន្តិសុខជាតិកាលពីខែឧសភា។លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo បានប្រកាសកាលពីដើមខែមិថុនាថាស.រ.អា.លែងចាត់ទុកក្រុងហុងកុងថាមានស្វ័យភាពពីប្រទេសចិនទៀតហើយហើយកាលពីថ្ងៃចន្ទ ទី២៩ មិថុនា លោកបានបញ្ឈប់ការដឹកជញ្ជូនគឿងឧបករណ៍ខាងកិច្ចការពារប្រទេសនិងបច្ចេកវិជ្ជាសម្រាប់ប្រើទាំងក្នុងវិស័យយោធានិងស៊ីវិលពីប្រទេសអាមេរិកទៅក្រុងហុងកុងដោយលោកបាននិយាយយោងដល់គោលបំណងខាងសន្តិសុខជាតិ៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ